សូ សឹកគីរ៉ា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តពោធិ៍សាត់

សូ សឹកគីរ៉ា

ជាដំបូង សូមអរគុណដល់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្តល់ឱកាសឲ្យនាងខ្ញុំ បានចូលរួមក្នុងកម្មវិធី បើក និងបិទ សន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលជាកម្មវិធីដ៏អស្ចារ្យបំផុត ហើយជាលើកទីមួយសម្រាប់ខ្ញុំ។
សម្រាប់រយៈពេលបីថ្ងៃនេះ ពិតជាមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ដែលបានជួបសម្តេច ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ និងអន្តរជាតិជាច្រើនរូប។ លើសពីនេះទៅទៀតបានជួប អ៊ំ ពូ មីង យាយ តា ដែលជាជនរងគ្រោះសល់ពីសម័យខ្មែរក្រហម និងអ្នកស្ម័គ្រចិត្តគ្រប់ជំនាន់ដែលមកពីបណ្តាខេត្តផ្សេងៗគ្នា។ ទោះបីរយៈពេលដ៏ខ្លីក៏ពិតមែន តែវាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន មានទាំងការអប់រំល្អៗ ចំណេះដឹង ផ្នែកច្បាប់តុលាការ ប្រវត្តិសាស្ត្រ ព្រមទាំងបញ្ហាសុខភាព មានជំងឺលើសឈាម ទឹកនោមផ្អែម មហារីក ជាពិសេសគឺជំងឺសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ អ្វីដែលសំខាន់បំផុតគឺគន្លឹះដែលកើតឲ្យមានអំពើប្រល័យពូជសាសន៍ និងអំពើហិង្សា។ វិធីទប់ស្កាត់ ពីវាគ្មិនរបស់យើងដែលមានសមត្ថភាព និងបទពិសោធន៍ជាច្រើនឆ្នាំ តាមជំនាញរៀងៗខ្លួន ។

បើទោះបីពេលខ្លះងងុយដេកខ្លះក៏ពិតមែន តែខំប្រឹងស្តាប់ដោយយកចិត្តទុកដាក់បំផុត ព្រោះខ្ញុំគិតថាវាមិនងាយនឹងបានជួបនូវព្រឹត្តិការណ៍ទាំងអស់នេះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺបានស្តាប់អនុសាសន៍ល្អៗយ៉ាងក្បោះក្បាយបំផុតពីសំណាក់សម្តេចទាំងពីរ។ មួយវិញទៀតបានទទួលទានអាហារជុំគ្នា ជាមួយអ៊ំ ពូ មីង យាយ តា និងអ្នកស្ម័គ្រចិត្តទាំងអស់ យ៉ាងសប្បាយរីករាយ ជាពេលវេលាមួយដែលមិនអាចបំភ្លេចបាន ។

មួយវិញទៀតគឺបានមើលខ្សែភាពយន្តឯកសារដែលនិពន្ធដោយលោកពូ ឆាំង យុ មានចំណងជើងថា «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់» ពិតជាពិសេសមិនងាយអ្នកណានឹកឃើញធ្វើវាឡើយ ពិតជាវិសេសវិសាលណាស់ ទុកឲ្យក្មេងជំនាន់ក្រោយបានមើល និងយល់ដឹងបន្ថែម។

ជាចុងក្រោយសូមជូនពរដល់មជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារដែលបានបង្កើតកម្មវិធីដ៏អស្ចារ្យមួយនេះឡើង ជាពិសេសគឺលោកពូ ឆាំង យុ សូមឲ្យជួបតែពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំគិតថាកម្មវិធីនេះមានតែមួយក្នុងប្រទេសកម្ពុជាពិតជាអស្ចារ្យ និងមានមោទនភាពបំផុត។
ខ្ញុំសង្ឃឹមថាកម្មវិធីនេះនឹងអាចប្រារព្ធលើកក្រោយជាបន្តបន្ទាប់ទៀតជាមិនខានឡើយ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin