ម៉ាត់ ណាសៀត អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តត្បូងឃ្មុំ
ម៉ាត់ ណាសៀត
ខ្ញុំមានកិត្តិយសណាស់ដែលក្រុមកាងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាអញ្ជើញឲ្យខ្ញុំបានចូលរួមកម្មវិធីដ៏ធំមួយនេះ(អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៏) និងអរគុណដល់លោកនាយក មជ្ឈមណ្ឌលឯកសារកម្ពុជា និងនាយករងដែលបានផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមកម្មវិធី។ ដែលបានចូលរួមដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីពិធីបិទ សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» និងចូលរួមដោយផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាងអ្នកជំនាញខាងច្បាប់ដែលមកពីបណ្តាប្រទេសផ្សេងៗ ចូលរួមបកស្រាយក្នុងកម្មវិធីផងដែរ។
កម្មវិធីនេះបានធ្វើឲ្យខ្ញុំទទួលបានព័ត៌មាន ចំណេះដឹងបន្ថែម ពីរឿងរ៉ាវខ្មែរក្រហម និងយល់ដឹងបន្ថែមពីសង្រ្គាម និងអាចឲ្យយើងដឹងពីការកាត់ទោសខ្មែរក្រហមដើម្បីកុំឲ្យមានម្តងទៀតនៅលើប្រទេសយើង ព្រមទាំងបណ្តាប្រទេសផ្សេងៗទៀតជុំវិញពិភពលោក ហើយបានផ្តល់ឱកាសឲ្យ អ៊ំ ពូ មីង យាយ តា បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានអញ្ជើញមកពីបណ្តាខេត្តផ្សេងគ្នា បានសួរជាសំណួរ និងផ្តល់ជាមតិនៅក្នុងកម្មវិធីនេះផងដែរ ហើយខ្ញុំបានសង្កេតឃើញថាលោកយាយ លោកតា អ៊ំ ពូ មីង ដែលគាត់បានចូលរួមគាត់មានអារម្មណ៍សប្បាយរីករាយនឹងកម្មវិធីជួបជុំនេះផងដែរ កម្មវិធីមួយនេះបានផ្តល់អាហារសម្រន់ អាហារពេលថ្ងៃត្រង់យ៉ាងហូរហៀរគ្រប់គ្រាន់ ហើយខ្ញុំសូមអរគុណទៅដល់លោកគ្រូពេទ្យ និងក្រុមការងារដែលបានយកចិត្តទុកដាក់មើលថែ ទៅបងប្អូនអ្នកស្ម័គ្រចិត្តដែលគាត់មានជំងឺតិចតួចនៅពេលដែលគាត់មិនស្រួលខ្លួនពេលចូលរួមកម្មវិធី គាត់ត្រូវការថ្នាំលេប ពិសេសរូបខ្ញុំផ្ទាល់ដោយសារតែខ្ញុំមានអាការៈលើសសម្ពាធឈាម លោកគ្រូពេទ្យ ព្រមទាំងក្រុមការងារយកចិត្តទុកដាក់ និងបានមកសួរនាំសុខទុក្ខខ្ញុំរហូត។
សូមឲ្យក្រុមការងារ អ្នកស្ម័គ្រចិត្តទាំងអស់គ្នា និងបងៗសម្របសម្រួលកម្មវិធី ព្រមទាំងលោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងនាយករង បានសេចក្តីសុខទាំងអស់គ្នា សូមអរគុណ។