អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ឆ្នាំង

ភាច វិបុល

បន្ទាប់ពីបានចូលរួមសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» រួចមកខ្ញុំមានអារម្មណ៍រំភើបផង និងសោកសៅផង។ រំភើបព្រោះ បានចូលរួមរៀនសូត្រ បានត្រៀមខ្លួន និងមានឱកាសក្នុងការទប់ស្កាត់របបនេះមិនឲ្យកើតឡើង។ ប៉ុន្តែ សោកសៅព្រោះអាណិតអាសូរ និងនឹកស្រមៃទៅដល់អតីតកាលដែលអ្នកជំនាន់មុនឆ្លងកាត់ គាត់ពុំមានឱកាសក្នុងការត្រៀមខ្លួន និងជ្រើសរើសផ្លូវជីវិតដើរដោយខ្លួនឯងនោះទេ គឺមានតែប្រឹងរស់ដោយសេចក្តីលំបាក និងអត់ធ្មត់។

ទោះបីជាអតីតកាលកន្លងហួសទៅហើយ តែវាជាកញ្ចក់ឆ្លុះបច្ចុប្បន្នកាល និងជាគម្រូមួយសម្រាប់អ្នកនយោបាយ អ្នកសិក្សារៀនសូត្រពិចារណា និងទប់ស្កាត់មិនឲ្យប្រវត្តិសាស្រ្តមួយនេះ កើតឡើងម្តងទៀត។

អង្គសន្និសីទនេះ បានពិភាក្សាទៅលើការកាត់ទោសមេដឹកនាំខ្មែរក្រហមរបស់តុលាការកូនកាត់ ក្រោមអង្គហេតុច្បាប់ជាតិ និងអន្តរជាតិ ដែលអាចឲ្យប្រជាជន និងអ្នករៀនសូត្រទទួលយកបាន។ យ៉ាងណាមិញ អ្វីដែលកាន់តែសំខាន់ជាងនេះនោះ គឺការការពារកុំឲ្យរឿងនេះកើតឡើងម្តងទៀត ការពិភាក្សាគឺផ្តោតលើការអប់រំយុវជនជំនាន់ក្រោយ ដោយផ្តោតលើវិធីសាស្រ្តផ្សព្វផ្សាយព័ត៌មាន ការអប់រំតាមសាលារៀន និងបណ្តុះធម៌អហិង្សាទៅកាន់យុវជនជំនាន់ក្រោយ។ សន្និសីទនេះ បានបង្ហាញអំពីសារសំខាន់នៃប្រជាធិបតេយ្យ សន្តិភាព និងទំនាក់ទំនងការទូតដែលជាស្នូលមួយក្នុងកិច្ចការជាតិផងដែរ។

ឧក្រិដ្ឋកម្មសង្រ្គាម អំពើប្រល័យពូជសាសន៍ ជាអ្វីដែលមនុស្សក្នុងពិភពលោកស្អប់ខ្ពើម ដ្បិតវាជាអំពើប្រឆាំងនឹងមនុស្សជាតិ។ ក្នុងនោះដែរ វាគ្មិនបានលើកយកទស្សនៈសាសនាសំខាន់ៗមកពិភាក្សា ព្រោះសាសនាជាផ្នែកមួយក្នុងការអប់រំមនុស្សឲ្យរស់នៅក្នុងសេចក្តីសុខ និងមិនបៀតបៀនគ្នា។ ចំណុចនេះដែរ បានបង្ហាញឲ្យឃើញថា ការអប់រំដែលខ្វះសាសនា ការដឹកនាំដោយមិនមានទសពិតរាជធម៌ ខ្លាំងតែគ្មានមនោសញ្ចេតនា មានឆន្ទៈតែខ្វះក្តីស្រឡាញ់ និងនាំសង្គមជាតិ ឬប្រទេសឲ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ ដូចមេដឹកនាំខ្មែរក្រហមជាមិនខាន។

ក្នុងនាមជាយុវជនជំនាន់ក្រោយ ជាយុវជនដែលកំពុងស្ថិតក្នុងការរៀនសូត្រ ខ្ញុំពិតជាអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមកម្មវិធីកន្លងមក ក៏ដូចជាលើកនេះ និងបានបង្កើតកម្មវិធីជាច្រើនសម្រាប់យុវជនកម្ពុជា។ ខ្ញុំនឹងប្រឹងរៀនសូត្រ ក៏ដូចជាផ្សព្វផ្សាយបន្តទៅកាន់អ្នកជំនាន់ក្រោយ ឲ្យប្រុងប្រយ័ត្នចំពោះរបបមួយនេះ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin