វង្ស ស្រីឃីម អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ
វង្ស ស្រីឃីម
នាងខ្ញុំពិតជាមានចិត្តសប្បាយរីករាយ ដែលត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជាអញ្ជើញចូលរួមសន្និសីទលើកទីមួយ។
សន្និសីទអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ពីថ្ងៃ២០-២២ ខែឧសភា ឆ្នាំ២០២៤។ ខ្ញុំសូមបង្ហាញពីចំណាប់អារម្មណ៍ខ្លះៗនៅក្នុងសន្និសីទមួយនេះ៖ ក្នុងការថ្លែងសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការរំលឹកអំពីអំពើប្រល័យពូជសាសន៍ គឺជាការរំលឹកពីការឈឺចាប់មួយសម្រាប់ប្រជាជនកម្ពុជា។
ការឈឺចាប់នេះបានដាក់បន្ទុកឲ្យកម្ពុជាមានការទទួលខុសត្រូវលើការការពារសង្គម និងមនុស្សជំនាន់ក្រោយពីអំពើប្រល័យពូជសាសន៍ កុំឲ្យសង្គមប្រឈមនឹងការឈឺចាប់ដែលមិនអាចបរិយាយបាន។ ការទប់ស្កាត់អំពើឃោរឃៅអមនុស្សធម៌នេះ គឺជាកាតព្វកិច្ចរបស់ប្រជាជនទាំងអស់គ្នា ដើម្បីកុំឲ្យមានការកើតឡើងវិញក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀត។ អនាគតប្រទេសមួយ គឺពឹងផ្អែកលើឆន្ទៈរបស់ប្រទេសនោះក្នុងការប្រឈមនឹងអតីតកាល។
ដើម្បីធ្វើការប្រឈម និងទប់ស្កាត់ត្រូវតែសិក្សាអតីតកាល និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗដែលទាក់ទងនឹងសង្គ្រាមរបស់ប្រទេសខ្លួន។ កម្ពុជាបានខិតខំប្រឹងប្រែង ដើម្បីកសាងអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍។
សូមរំលឹកផងដែរ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃរំដោះ ឬជាថ្ងៃកំណើតទីពីរ របស់អ្នករស់រានមានជីវិតនៅកម្ពុជារាប់លាននាក់។ បន្តទៅនេះ ខ្ញុំសូមលើកពីការបង្ហាញរបស់ ឯកឧត្តម យូរ ឧត្តរា ជាចៅក្រមអង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អំពីការបែងចែកជាក្រុមក្នុងសម័យ ប៉ុល ពត។ ក្នុងសម័យ ប៉ុល ពត បានចែកជាបួនក្រុមរួមមាន៖ ក្រុមជាតិ ក្រុមសាសនា ក្រុមជាតិពិន្ធុ និងក្រុមប្រល័យពូជសាសន៍។
បន្តទៅទៀត ការបង្ហាញដោយលោក ពេជ្រ បញ្ញា ដើម្បីមានសុខភាពផ្លូវចិត្តល្អ ត្រូវមានទម្លាប់ដូចជា៖ បរិភោគអាហារសុខភាព ប្រូតេអ៊ីន វីតាមីនគ្រប់គ្រាន់ សម្រាន្តគ្រប់គ្រាន់ គិតវិជ្ជមាន លំហាត់ប្រាណ លំហាត់ផ្លូវដង្ហើម (រៀនដកដង្ហើមវែងៗ)និងចុងក្រោយសម្មាធិជារៀងរាល់ថ្ងៃ។
បន្ថែមសូមបង្ហាញពីបញ្ហាសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដោយអ្នកគ្រូ គឹម សុវណ្ណដានី ។ ជំងឺ ១០ ប្រភេទដែលអ្នករស់រានមានជីវិតកំពុងប្រឈមមុខរួមមាន៖ ជំងឺលើសឈាម ជំងឺក្រពះពោះវៀន ជំងឺគ្រុនចាញ់ ជំងឺផ្លូវចិត្ត ជំងឺបេះដូង ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម ជំងឺហើត ជំងឺរបេង និងជំងឺឆ្កួតជ្រូក។
ក្នុងសន្និសីទនេះ ក៏មានកិច្ចពិភាក្សាសំខាន់ចំនួនបួន ដោយឲ្យអ្នកចូលរួមជ្រើសរើសទៅតាមប្រធានបទដែលបានចែង ទីមួយប្រវត្តិសាស្រ្តផ្ទាល់មាត់ ទីពីរយុត្តិធម៌ ទីបីការអប់រំអំពីអំពើប្រល័យពូជសាសន៍ និងទីបួនសុខភាព។ ប្រធានបទទីបួនស្តីពីសុខភាព ដឹកដោយលោកវេជ្ជបណ្ឌិត ឡុង ដារ៉ា និង អ្នកគ្រូ គឹម សុវណ្ណដានី។
លោកវេជ្ជបណ្ឌិត ឡុង ដារ៉ាបានណែនាំដល់លោកយាយ លោកតា អ៊ំៗ និងអ្នកស្ម័គ្រចិត្តដែលបានចូលរួមពីវិធីសាស្រ្ត ក្នុងការធ្វើឲ្យមានសុខភាពល្អ គ្មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ របបអារហារគឺសំខាន់ណាស់សម្រាប់សុខភាព ដើម្បីមានសុខភាពល្អត្រូវអនុវត្តន៍ដូចខាងក្រោម
+ត្រូវប្រើប្រាស់អំបិលតិចជាង១ស្លាបព្រាកាហ្វេ
+ប្រើស្ករតិចជាង១២ស្លាបព្រាកាហ្វេ
+ប្រើខ្លាញ់ឬប្រេងល្អចំពោះសុខភាព មានប្រេងអូលីវ និងប្រេងសណ្តែក
+ហូបបន្លែផ្លែឈើឲ្យបាមួយក្តាប់ដៃ ចៀសវាងការបរិភោគលើស នាំឲ្យមានជំងឺទឹកនោមផ្អែម។ ក្រៅពីរបបអាហារត្រូវឧស្សាហ៍ពិនិត្យសុខភាពភាព ។
+កម្រិតឈាម ១០-១៣ល្អ +ឈាម ១៣-១៤ ត្រៀមឡើងសម្ពាធឈាម
+ឈាម១៤ឡើងទៅ គឺមានជំងឺលើសសម្ពោធឈាម
+កម្រិតជាតិស្ករល្អ ៧០-១០០
+ជាតិស្ករ១២៦ឡើង ជំងឺទឹកនោមផ្អែម ។ បន្ថែមពីនេះ មិនត្រូវផឹកស្រា និងជក់បារី។ ជំងឺទឹកនោមផ្អែមអាចបន្តពីឪពុកម្ដាយតាមរយៈហ្សែនដោយពីម្ដាយទៅកូនមានកម្រិតឆ្លងប្រហែល២០% និងពីឪពុកទៅកូនមានកម្រិតឆ្លងតែ១០%។
នាងខ្ញុំសូមគោរពអរគុណដល់ លោកពូ ឆាំង យុ លោកគ្រូ អ្នកគ្រូ និងបងៗបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំសន្និសីទមួយនេះឡើង។ សន្និសីទនេះពិតជាបានផ្តល់ចំណេះដឹងជាច្រើនដល់អ្នកស្ម័គ្រកម្ពុជា។
សូមអរគុណ