ខ្មែរក្រហមសម្លាប់មនុស្សមិនញញើតដៃ

(ក្រចេះ) ៖ នង់ សូត្រ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ដប់នាក់ បច្ចុប្បន្ននៅរស់រានមានជីវិតប្រាំបីនាក់ បាត់បង់ជីវិតពីរនាក់។

នារបបខ្មែរក្រហម សូត្រ មិនបានរស់នៅជួបជុំគ្រួសាររបស់គាត់ឡើយ។ អង្គការបានជម្លៀសឪពុកម្ដាយ និងបងប្អូនរបស់គាត់ទៅរស់នៅសហករណ៍ផ្សេងៗគ្នា។ គាត់បានបន្ថែមថាជំនាន់នោះមានភាពលំបាក ព្រោះមិនមានអាហារហូបគ្រប់គ្រាន់ កន្លែងស្នាក់នៅក៏មិនត្រឹមត្រូវ ពេលខ្លះគាត់ត្រូវសម្រាកនៅគំនរចំបើងក៏មាន។ សម្លៀកបំពាក់ ឬសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក៏មិនមានសម្បូរបែបនោះដែរ។

ជារៀងរាល់ថ្ងៃ ម៉ោងបួនទាបភ្លឺត្រូវក្រោករៀបចំខ្លួនគោរពទង់ជាតិ។ បន្ទាប់ពីគោរពទង់ជាតិរួចរាល់ ត្រូវចេញទៅធ្វើការភ្លាមៗ។ ការងារដែលគាត់ធ្វើជាប្រចាំថ្ងៃនោះគឺ គាស់គល់ឈើ និងលើកភ្លឺស្រែ។ ម៉ោង១២ថ្ងៃត្រង់​សម្រាកអាហារថ្ងៃត្រង់ ម៉ោងមួយរសៀលចាប់ផ្ដើមធ្វើការវិញ រហូតដល់ម៉ោងប្រាំមួយល្ងាចអង្គការឲ្យឈប់ហូបអាហារពេលល្ងាច ហើយបន្តធ្វើការពេលយប់រហូតដល់ម៉ោងដប់យប់ទើបបានសម្រាកចូលដំណេក។

របបអាហារនៅក្នុងមួយពេលទទួលបានបបរបីវែក។ គាត់បានប្រាប់ថា ដោយសារតែរបបអាហារហូបមិនគ្រប់គ្រាន់ ទើបបណ្ដាលឲ្យយុវជន និងយុវនារីខ្លះ បានលួចចាប់សត្វក្ដាមរុំជាមួយនឹងចង្កេះខោទុកយកទៅដុតហូប ប៉ុន្តែមិនបានហូបទេ ដោយសារតែក្ដាមនោះកៀបពោះរបស់គាត់។

សូត្រ បានប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់មិនត្រូវបានអង្គការជម្លៀសគាត់ទៅកាន់តំបន់ផ្សេងឡើយ។ តំបន់ដែលគាត់រស់នៅ នៅអំឡុងពេលនោះគឺមានឈ្មោះបច្ចុប្បន្នហៅថា ស្ទឹងពិត ឈ្មោះដែលហៅនៅក្នុងរបបខ្មែរក្រហមគឺ ស្រែឃ្លោក។ នៅទីតាំងដែលគាត់រស់នៅនោះ មានគ្រួសារមួយដែលមានកូនស្រីបីនាក់ ត្រូវបានអង្គការចាប់យកទៅសម្លាប់ចោល ដោយចោទប្រកាន់ថាជាកូនកាត់វៀតណាម។ គាត់បាននិយាយថា បន្ទាប់ពីខ្មែរក្រហមបានសម្លាប់នរណារួចហើយ គឺតែងតែយកសម្លៀកបំពាក់អ្នកដែលស្លាប់នោះ យកទៅឲ្យអ្នកផ្សេងប្រើប្រាប់បន្ត​។

សូត្រ បានរៀបរាប់ប្រាប់ថា គាត់បានឃើញកងឈ្លប វាយសម្លាប់មនុស្សដោយផ្ទាល់នឹងភ្នែករបស់គាត់។ អ្នកដែលត្រូវកងឈ្លបសម្លាប់នោះគឺជាប្រជាជនដែលរស់នៅសហករណ៍ជាមួយគាត់ឈ្មោះថា វណ្ណា។ គាត់បញ្ជាក់បន្ថែមថា ប្អូនស្រីរបស់ វណ្ណា មានឈ្មោះថា វណ្ណថន ក៏ត្រូវបានអង្គការចាប់យកទៅសម្លាប់ដែរ។ ដោយសារតែគាត់ជាមនុស្សស្រី មុននឹងសម្លាប់កងឈ្លបបានចាប់រំលោភនិង​បន្ទាប់​មកកងឈ្លបទាំងនោះវាយសម្លាប់ចោល។ កងឈ្លប់ទាំងអស់នោះសម្លាប់មនុស្សដោយមិនញញើតដៃឡើយ។

គ្រប់ប្រជាជនកម្ពុជាទាំងអស់ ដែលជាប្រជាជនធម្មតា ត្រូវមានឯកសណ្ឋានពណ៌ខ្មៅទាំងអស់គ្នា ប្រសិនជាមិនមានសម្លៀកបំពាក់ពណ៌ខ្មៅនោះទេ អង្គការតម្រូវឲ្យយកទៅជ្រលក់ពណ៌ឲ្យបានជាពណ៌ខ្មៅ។

បច្ចុប្បន្ននេះគាត់មានជំងឺ ខ្លាញ់រុំទងបេះដូង ក្រពះពោះវៀន និងឡើងសម្ពាធសរសៃឈាម៕

អត្ថបទដោយ៖ នេន ស្រីមុំ

សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន ២០/០២/២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin