ម្ដាយមីងជាខ្មែរសរ
(ក្រចេះ) ៖ សន់ សុខលាប ភេទស្រី មានអាយុ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់មានកូនបីនាក់ ប្រុសពីរនាក់ ស្រីម្នាក់។
នៅក្នុងរបបខ្មែរក្រហម គាត់ស្ថិតនៅក្នុងវ័យកុមារ ហើយត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតរបស់គាត់ ទៅកាន់ទីកន្លែងជាច្រើនផ្សេងៗគ្នា។ នៅក្នុងអំឡុងពេលនោះ ដោយសារតែ សុខលាប មានម្ដាយមីងជាអ្នកធ្វើការនៅក្នុងរបប លន់ នល់ ទើបអង្គការបានប្រមូលគ្រួសារជិតឆ្ងាយរបស់គាត់ទាំងអស់ដើម្បីយកទៅសម្លាប់ ប៉ុន្តែត្រូវបែកការ ដោយសារមានគ្រួសារដទៃទៀតដែលចាប់មកជាមួយគ្នានោះ បានដឹងអំពីបំណងរបស់អង្គការ។ បន្ទាប់ពីប្រជាជន ដែលចាប់យកទៅទាំងប៉ុន្មាននោះ បានដឹងអំពីរឿងនោះ អង្គការក៏បានបង្វែរទិសដៅឲ្យទៅធ្វើការ វិញ។ គ្រួសាររបស់គាត់ត្រូវបានអង្គការបញ្ជូនឲ្យទៅរស់នៅតំបន់មួយដែលហៅថាស្រែផ្ចឹក។
ថ្វីត្បិតតែ គាត់មានវ័យកុមារក៏ពិតមែន ប៉ុន្តែអង្គការបានប្រើឲ្យ សុខលាប លើកទំនប់ លើកភ្លឺស្រែ គាស់គល់ឈើ ដកសំណាប ស្ទូងស្រូវ ដូចទៅនឹងកងយុវជន យុវនារីដែរ។ គាត់បានបញ្ជាក់ថា ការលើកទំនប់នោះគឺអង្គការបានវាស់ម៉ែត្រឲ្យ ប្រសិនជាមាននរណាម្នាក់ធ្វើការមិនហើយតាមផែនការដែលអង្គការចែកឲ្យទេ នោះនឹងមិនបានឈប់សម្រាក ឬទទួលបានបាយហូបឡើយ។
នៅក្នុងរបបខ្មែរក្រហម មិនមានប្រជាជនណាម្នាក់ដែលទទួលបានអាហារហូបបានគ្រប់គ្រាន់ឡើយ។ ម្យ៉ាងទៀតសូម្បីតែដំណាំដែលជារបស់ខ្លួនផ្ទាល់ក៏មិនមានសិទ្ធិបរិភោគផង ព្រោះរបស់ទាំងអស់នោះ ដោយរាប់បញ្ចូលផ្ទះ និងរបស់របរប្រើប្រាស់ ចានឆ្នាំង មាសប្រាក់ និងដំណាំ ត្រូវរាប់បញ្ចូលក្នុងសហករណ៍ ដោយមានតែអង្គការប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ ចាត់ចែងរបស់ទាំងអស់នោះ។ អង្គការតែងតែដាក់ទោស ដោយការធ្វើទារុណកម្ម ឬអាចនឹងសម្លាប់ នៅពេលដែលមានប្រជាជនលួចបាយម្ហូប និងបន្លែផ្លែឈើទៅបរិភោគ។
ម្ដាយរបស់ សុខលាប ធ្វើការជាអ្នកដាំស្លនៅក្នុងរបបខ្មែរក្រហម។ ម្ដាយរបស់គាត់តែងតែសុំបាយក្ដាំងបន្តិចបន្តួចពីអង្គការ ហើយហាលរក្សាទុក នៅពេល សុខលាប និងបងប្អូនទៅលេង ម្ដាយរបស់គាត់តែងតែយកបាយក្ដាំងនោះទៅដាក់ត្រាំទឹកឲ្យរីក បានហូបជុំគ្នាជាមួយនឹងកូនៗ។ មានថ្ងៃមួយផ្ទះរបស់គាត់ត្រូវធ្លុះដំបូល ពេលមានភ្លៀងធ្លាក់តែងតែលេចទឹកមកសើមរបស់របរ អង្គការក៏បានទៅជុសជុលឲ្យ ហើយបានឃើញបាយក្ដាំងទាំងអស់នោះ អង្គការបានចាប់ម្ដាយរបស់គាត់យកទៅកសាង។
នៅក្នុងរបបខ្មែរក្រហម ពេលដែលប្រជាជនមានជំងឺ អង្គការមិនបានផ្ដល់ការព្យាបាលបានដិតដល់ទេ។ គ្រូពេទ្យមិនមានជំនាញច្បាស់លាស់ ថ្នាំក៏មិនមានគ្រប់គ្រាន់ មានតែថ្នាំដែលផ្សំឡើងពីឫសឈើប៉ុណ្ណោះ ពេលខ្លះលេបទៅក៏បានធូរស្បើយ ពេលខ្លះក៏មិនធូរ រហូតដល់មានប្រជាជនមួយចំនួនត្រូវបាត់បង់ជីវិតដោយសារតែបញ្ហាមួយនេះ។
មកដល់ពេលបច្ចុប្បន្ននេះ សុខលាប មានជំងឺក្រពះពោះវៀន លើសឈាម និងជំងឺសរសៃប្រសាទ។ គាត់មិនបានទៅព្យាបាលជំងឺសរសៃប្រសាទនៅឯមន្ទីរពេទ្យឡើយ ដោយសារតែគាត់មិនមានលទ្ធភាពសម្រាប់ការព្យាបាល៕
អត្ថបទដោយ៖ នេន ស្រីមុំ
សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន