ខ្មែរក្រហមមិនទុកចិត្តប្រជាជន១៧មេសា
(ស្វាយរៀង) ៖ ពុធ យ៉ុង មានអាយុ៩៥ឆ្នាំ ជាអាចារ្យវត្ត រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ុង មិនអាចធ្វើដំណើរបានដោយខ្លួនឯង ពេលមានកម្មវិធីបុណ្យក្នុងភូមិ កូនចៅតែងជូនគាត់ទៅចូលរួម។
យ៉ុង បានប្រាប់ គាត់បានរៀបការនៅសម័យសង្គមរាស្រ្តនិយម និងមានកូនបីនាក់ ស្រីពីរនាក់។ នៅឆ្នាំ១៩៦៦ ដោយសារនៅភូមិស្រុកមានសង្គ្រាម និងការទម្លាក់គ្រាប់បែកគាត់បាននាំគ្រួសារទៅរស់នៅ និងរត់រម៉កកង់បីនៅទីក្រុងភ្នំពេញ។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហមបានដេញ យ៉ុងនិងគ្រួសារឲ្យចាកចេញពីទីក្រុងភ្នំពេញ។ គាត់បានសម្រេចចិត្តចេញពីភ្នំពេញតាមផ្លូវជាតិលេខមួយដើម្បីឆ្ពោះទៅកាន់ស្រុកកំណើតឯខេត្តស្វាយរៀង។ យ៉ុង បានឃើញហេតុការណ៍ច្របូកច្របល់របស់ប្រជាជនដែលត្រូវបានអង្គការបង្ខំឲ្យចាកចេញពីផ្ទះសម្បែងឲ្យអស់ក្នុងរយៈពេលខ្លី។ អ្នកជំងឺ និងស្រ្តីទើបសម្រាលកូនត្រូវបានសាច់ញាតិរុញដោយគ្រែពេទ្យ និងរទេះរុញចេញពីមន្ទីរពេទ្យ។ សមាជិកគ្រួសារខ្លះស្ពាយ ខ្លះរុញសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ និងអាហារផ្សេងៗ។
យ៉ុង បានចំណាយពេលធ្វើដំណើរ១០ថ្ងៃ ទើបមកដល់ស្រុករមាសហែកដែលជាស្រុកកំណើតធ្លាប់រស់នៅមុនរបប លន់ នល់។ ខ្មែរក្រហមមិនឲ្យ យ៉ុង និងគ្រួសាររស់នៅជាមួយប្រជាជនមូលដ្ឋានទេព្រោះគាត់ជាប្រជាជនថ្មី។ អង្គការបានឲ្យគាត់ កូនពីរនាក់ និងប្រពន្ធរស់នៅក្នុងកងចល័ត និងកូនម្នាក់នៅកងកុមារជាមួយប្រជាជន១៧ មេសា (ប្រជាជនថ្មី) ដទៃទៀត។
យ៉ុង និងប្រពន្ធត្រូវធ្វើការសព្វបែបយ៉ាងតាមបញ្ជារបស់អង្គការ ដូចជា ជីកប្រឡាយ ស្ទូងស្រូវ ច្រូតស្រូវ ធ្វើរោងបាយ ធ្វើផ្ទះ លើកផ្លូវថ្នល់ ធ្វើបង្គី ដំដែក ធ្វើកាំបិត និងពូថៅ ជាដើម។ ចំណែកកូនពីរនាក់ទៀតដែលពេញកម្លាំង ត្រូវបានអង្គការឲ្យស្ថិតក្នុងកងចល័តធ្វើការឆ្ងាយពីភូមិ។
ក្នុងនាមជាប្រជាជន១៧ មេសា គាត់និងគ្រួសារត្រូវបានអង្គការសង្ស័យគ្រប់ពេល។ យ៉ុង ត្រូវបានអង្គការសួរពីប្រវត្តិការងារនៅភ្នំពេញថា មានមុខងារអ្វី? ធ្លាប់ជាមន្រ្តីរាជការទេ? ធ្លាប់ជាគ្រូបង្រៀនទេ? ខ្មែរក្រហមបានប្រាប់គាត់ថា ប្រសិនបើធ្វើការងារអ្វីពីមុនគេឲ្យធ្វើការងារនោះវិញ។ យ៉ុង បានឆ្លើយថាគាត់នៅភ្នំពេញធ្លាប់ជាអ្នករត់រម៉កកង់បី ដោយសារគាត់បានឃើញប្រជាជនជម្លៀសដែលធ្លាប់ជាមន្រ្តីរាជការពីរបប លន់ នល់ ត្រូវបានខ្មែរក្រហមនំាយកទៅសម្លាប់។
ចំណែករបបអាហារ យ៉ុង ទទួលបានតិចជាងប្រជាជននៅមូលដ្ឋាន។ ដោយសេចក្តីស្រេកឃ្លាននៅពេលយប់ យ៉ុងបានលួចចូលទៅក្នុងព្រៃដើម្បីរកគាស់ដំឡូងដែលនៅសល់ពីការប្រមូលផលនៅពេលថ្ងៃ បានមួយទៅពីរមើមដើម្បីលួចស្ងោរឲ្យ កូន និងប្រពន្ធហូបបន្ថែម។ គាត់បន្តថាការទៅគាស់ និងស្ងោរដំឡូងគឺត្រូវប្រថុយជីវិតប្រសិនអង្គការដឹងអាចនាំទៅសម្លាប់ចោល។
យ៉ុង បន្តទៀតថាក្នុងរបបនោះក្មេងៗ និងកូនរបស់គាត់មិនបានរៀនសូត្រទេ។ ក្មេងៗត្រូវទៅមើលគោក្របី ដើររើសគួរស្រូវ និងកាប់ដើមទន្ទ្រានខេត្រយកមកទុកធ្វើជី។
ឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀស យ៉ុង និងគ្រួសារព្រមទាំងប្រជាជននៅសហករណ៍ជាមួយគាត់ឲ្យទៅខេត្តបាត់ដំបង។ គាត់ធ្វើដំណើរដល់អ្នកលឿងកងទ័ពរំដោះបានវាយប្រយុទ្ធគ្នាឈ្នះជាមួយទាហានខ្មែរក្រហម។
យ៉ុង និងគ្រួសារព្រមទាំងប្រជាជនអាចត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។
សម្ភាសន៍ដោយ សៅ ចាន់ណា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤