អតីតទាហានសម័យលន់ នល់
(ស្វាយរៀង) ៖ ម៉ម សុផៃ មានអាយុ៦៤ឆ្នាំ ជាមេភូមិ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ដោយសារតែនៅក្នុងភូមិមានសង្រ្គាម និងការទម្លាក់គ្រាប់បែកគាត់បានសម្រេចចិត្តចូលធ្វើទាហានក្នុងឆ្នាំ ១៩៧២។
ចូលដល់របបខ្មែរក្រហម សុផៃ បានត្រឡប់មករស់នៅក្នុងភូមិដោយលាក់ប្រវត្តិរូបជាអតីតទាហាន។ អង្គការបានឲ្យគាត់ទៅរស់នៅ និងធ្វើការក្នុងកងចល័តដូចយុវជនដទៃទៀត។ គាត់ត្រូវរស់នៅបែកពីសមាជិកគ្រួសារ ដោយប្អូន រស់នៅក្នុងកងកុមារ កងយុវជន និងឪពុកម្តាយរស់នៅកងចាស់។ នៅអំឡុងពេលពេញរបបខ្មែរក្រហម សុផៃ មិនបានរស់នៅជួបជុំឪពុកម្តាយ និងបងប្អូនទេ។
សុផៃ មានអាយុប្រមាណ១៩ឆ្នាំ គាត់ត្រូវទៅធ្វើការឆ្ងាយៗ គ្រប់បែបយ៉ាងតាមតែអង្គការបញ្ជា ដូចជា ជីក រែកដី កសាងទំនប់ លើកភ្លឺស្រែ និងរានព្រៃ ដើម្បីទុកដីឲ្យប្រជាជនធ្វើស្រែចម្ការ។
កន្លងទៅបានបីខែ អង្គការបានជម្លៀសគាត់ទៅស្រុកបាភ្នំ ខេត្តព្រៃវែង។ គាត់ត្រូវឃ្លាតឆ្ងាយពីឪពុក មា្តយ និងបងប្អូន គាត់ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះពេលចេញពីស្រុកមិនបានជួប និងប្រាប់ពីដំណឹងថាគាត់ត្រូវអង្គការជម្លៀស នោះទេ។ មកដល់ទីកន្លែងថ្មី សុផៃ ខិតខំធ្វើការទ្វេដងព្រោះតែគាត់ឃើញក្នុងកងមានការបាត់ខ្លួនមនុស្សជាញឹកញាប់។ គាត់ទទួលបានរបបបអាហារមិនគ្រប់គ្រាន់ ដោយក្នុងមួយថ្ងៃបបរពីរវែកសម្រាប់ពីរពេល។ ថ្ងៃមួយប្រធានកងបានសួរយុវជន និងសុផៃ ថាតើហូបឆ្អែតឬទេ? ឆ្ងាញ់ឬទេ? គាត់បានប្រាប់វិញថា ហូបឆ្អែត និងឆ្ងាញ់។ សុផៃបន្តថា ក្នុងរបបនោះមិនអនុញ្ញាតឲ្យយើងរិះគន់ និងនិយាយមិនល្អពីអង្គការទេប្រជាជនអាចនឹងត្រូវនាំទៅសម្លាប់ដោយគ្រាន់តែនិយាយថា ហូបមិនឆ្អែត។
នៅសហករណ៍ស្វាយទទឹម ស្រុករមាសហែក សុផៃធ្លាប់ឃើញជាញឹកញាប់ទាហានខ្មែរក្រហមបណ្តើរប្រជាជនទាំងខ្សែៗយកទៅសម្លាប់ ម្តងៗមានចំនួន១០នាក់ រហូតដល់៣០នាក់។
បងប្អូនសុផៃពីរនាក់ដែលធ្វើជាទាហានបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។
សុផៃ៖ «ខ្ញុំឃើញសូ្រវច្រើនដែលប្រជាជនបង្កបង្កើនផលបានទាំងនៅស្វាយរៀង និងព្រៃវែងប៉ុន្តែត្រូវបានដឹកចេញអស់ៗពីឃ្លំាងស្តុកស្រូវ។ [អង្គការ] ប្រើប្រជាជនឲ្យធ្វើការគ្មានពេលសម្រាក និងសង្ស័យប្រជាជនថា ជាខ្មាំងប្រឆាំងនឹងខ្លួន។ ជីវិតរស់នៅក្នុងរបបខ្មែរក្រហមស្លាប់គឺងាយស្រួល បើរស់ត្រូវទទួលរងទុក្ខ។ ដំណាំផ្សេងៗដែលប្រជាជនដំាបានក៏មិនអាចហូបបានដែរ»។
សុផៃ ធ្លាប់ត្រូវបានអង្គការចាប់ដាក់គុកប៉ុន្តែដោយសារតែជីវិតមិនទាន់អស់ ចេះតែមានសំណាងអាចនៅរស់រានមានជីវិត។ គាត់បានបន្តនិយាយថា នៅក្នុងគុកត្រូវធ្វើការងារធ្ងន់លើសពីប្រជាជនធម្មតាពីរទៅបីដង។
គាត់បានតាមដានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ គាត់ប្រាប់ថា ការកាត់ទោសនេះមានសារៈសំខាន់ណាស់ដើម្បីឲ្យអ្នករស់រានមានជីវិតទទួលបានការផ្សះផ្សារបួសផ្លូវចិត្ត។ សុផៃ ក៏បានស្នើឲ្យក្មេងជំនាន់ក្រោយត្រូវសិក្សាពីប្រវត្តិសាស្រ្ត និងចូលរួមទប់ស្កាត់របបខ្មែរក្រហមកុំឲ្យត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី។
បច្ចុប្បន្ន សុផៃ មានជំងឺក្រពះពោះវៀន ជំងឺខ្សោយបេះដូង និងជំងឺសន្លាក់ដៃជើង។
សម្ភាសន៍ដោយ សេន វាសនា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤