ប្រជាជនជម្លៀសទៅភូមិភាគពាយ័ព្យ
(ស្វាយរៀង) ៖ សោម សឿន មានអាយុ៧៣ឆ្នាំ ជាកសិកររស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅក្នុងគ្រួសារ ដែលមានបងប្អូនដប់នាក់។ សឿន មានគ្រួសារតាំងពីសម័យសង្គមរាស្រ្តនិយម។
ក្នុងរបបខ្មែរក្រហម សឿន មានអាយុប្រមាណ៣០ឆ្នាំ។ គាត់ ប្តី និងកូនត្រូវអង្គការឲ្យរស់នៅសហករណ៍ក្នុងភូមិឃុំគាត់រស់នៅសព្វថ្ងៃ។ សឿន ត្រូវធ្វើការដូចជាស្ទូង និងដកសំណាប។ ក្រៅពីការងារនេះគាត់ត្រូវមើលការខុសត្រូវក្មេងៗក្នុងកងកុមារ ដែលមើលគោ ក្របី រើសអាចម៍គោ និងចិញ្ច្រាំរុក្ខជាតិផ្សេងៗយកទៅធ្វើជីសម្រាប់ដាក់ស្រែ។ ក្រោយមកអង្គការបានប្រើគាត់ឲ្យយកជីលេខមួយដែលផ្សំពីលាមកមនុស្សយកទៅបាចស្រូវមួយថ្ងៃឲ្យបានមួយហិចតា។ កូនរបស់គាត់រស់នៅកងកុមារ។ ចំណែកប្តីត្រូវធ្វើការស្ទូង និងបរទេះដឹកស្រូវទៅទុកក្នុងឃ្លាំង។
នៅឆ្នាំ១៩៧៧ អង្គការបានជម្លៀស សឿន និងគ្រួសារឲ្យទៅរស់នៅឯខេត្តពោធិ៍សាត់។ ពេលទៅដល់អង្គការបានឲ្យគាត់ និងគ្រួសាររស់នៅដោយឡែកពីប្រជាជនចាស់។ ខ្មែរក្រហមបានហៅ សឿន និងគ្រួសារថា ជាប្រជាជនភូមិភាគបូព៌ា។ ខ្មែរក្រហមបានឲ្យគាត់ និងប្តីស្ថិតនៅជាកម្លាំងស្រួចត្រូវធ្វើការងារសកម្ម។ ចំណែកកូនត្រូវទៅនៅកងកុមារជួយការងារស្រាលៗដូចជា ដើររើសអាចម៍គោ និងចិញ្ច្រាំដើមទន្ទ្រានខេត្ត។
ការងាររបស់ សឿន និងប្តីនៅខេត្តពោធិ៍សាត់ ត្រូវគាស់គល់ឈើ រានព្រៃ និងដាំដំណាំហូបផ្លែផ្សេងៗ។ នៅទីនោះបានមួយរយៈ សឿន និង គ្រួសារត្រូវបានជម្លៀសពីមួយកន្លែង ទៅមួយកន្លែងនៅក្នុងខេត្តពោធិ៍សាត់ និងបានដូរការងារជាញឹកញាប់។
នៅអំឡុងពេលធ្វើការយូរៗម្តង សឿន បានសុំអង្គការទៅលេងកូន។ ពេលទទួលបានការអនុញ្ញាត គាត់ត្រូវធ្វើដំណើរឆ្ងាយទាំងយប់ក្រោយសម្រាកពីការងារដើម្បីបានជួបមុខកូន។ នៅតាមផ្លូវគាត់ធ្លាប់ឃើញសាកសពមនុស្សដែលគេទើបសម្លាប់ និងកប់មិនត្រឹមត្រូវ។
សឿន បានរៀបរាប់ទាំងសម្តីដើមថា៖ “ដោយសារជាប់ប្រវត្តិជាប្រជាជនភូមិភាគបូព៌ាខ្ញុំបានខិតខំធ្វើការជាងប្រជាជនមូលដ្ឋាន។ ស្រែដែល យើងខ្ញុំធ្វើគឺឲ្យផលល្អជាងក្រុមផ្សេងៗ។ យើងមិនដែលទុកពេលទំនេរចោលទេគឺយើងតែងនាំគ្នាដកស្មៅក្នុងស្រែ និងប្រមូលជញ្ជ្រាំង[ស្រូវ]ដុតដើម្បីធ្វើជី”។
សឿន បានបន្តថា ប្រជាជនភូមិភាគបូព៌ាបានបាត់ខ្លួនជារឿយៗ។ អង្គការបានបង្ខំឲ្យធ្វើការឥតឈប់ និងទទួលបានរបបអាហារតិចតួចជាងប្រជាជនមូលដ្ឋាន។ នៅកន្លែង សឿន រស់នៅគ្មានប្រភពទឹកត្រឹមត្រូវទេ ប្រជាជន ត្រូវបង្ខំចិត្តបរិភោគ និងងូតទឹកប្រឡាយ។ ពេលឈឺត្រូវគេតាមដាន ប្រសិនបើឈឺយូរគេមិនផ្តល់របបអាហារ។
ក្រោយការដួលរលំរបបខ្មែរក្រហម សឿន និងគ្រួសារបានត្រឡប់មករស់នៅស្រុកកំណើតរហូតដល់សព្វថ្ងៃ។
សឿន បច្ចុប្បន្នមានជំងឺលើសឈាម និងពិការភ្នែកម្ខាង។ គាត់បានសំណូមពរឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាជួយពិនិត្យសុខភាពគាត់ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀតក្នុងភូមិ។
សម្ភាសន៍ដោយ ពេជ សាន ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤