កូនស្លាប់ដោយសារគ្មានទឹកដោះ
(ស្វាយរៀង) ៖ ម៉ី សារិន មានអាយុ៨៣ឆ្នាំ ជាកសិកររស់នៅភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
សារិន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានរៀបរាប់រឿងរ៉ាវបា្រប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានឆ្លងកាត់ការលំបាកជាច្រើនក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះ គាត់ទើបសម្រាលកូនបានបីខែត្រូវបានអង្គការប្រើឲ្យជីក និងរែកដីបាតត្រពាំងយកមកធ្វើជី។ សារិន បន្តថា គាត់ត្រូវធ្វើការតាំងពីម៉ោងប្រាំមួយព្រឹក រហូតដល់ល្ងាច។ ចំណែករបបអាហារវិញទទួលបានតែបបររ៉ាវៗ ធ្វើឲ្យគាត់គ្មានកម្លាំង និងមានជំងឺទាស់ [ឈ្មោះជំងឺដោយសារចំណីអាហារ ឬធ្វើការងារធ្ងន់ ក្នុងពេលដែលទើបតែសម្រាលកូនរួច] គ្មានទឹកដោះឲ្យកូនបៅរហូតដល់កូនស្រីអាយុបីខែបានស្លាប់ដោយសារតែបាក់ទឹកដោះ។
គាត់បាននិយាយបន្តថា ម្តាយគាត់ដែលមានវ័យចំណាស់ក៏អង្គការបង្ខំឲ្យធ្វើការងារធ្ងន់ៗ និងមិនឲ្យហូបគ្រប់គ្រាន់ផងដែរ រហូតដល់ម្តាយបានធ្លាក់ខ្លួនឈឺជំងឺរាគរុសរហូតដល់ស្លាប់ដោយសារគ្មានការព្យាបាលត្រឹមត្រូវ។ សារិន បន្ថែមថា ពេលម្តាយស្លាប់គាត់បានទៅសុំអង្ករនៅសហករណ៍មួយកំប៉ុងដើម្បីធ្វើបុណ្យ និងឧទ្ទិសផល កុសលបុណ្យទានជូនម្តាយ ប៉ុន្តែគេមិនអនុញ្ញាត។ ពេលនោះគាត់តូចចិត្តខ្លាំងណាស់ក្នុងនាមជាកូនដែលមិនអាចតបស្នងសងគុណម្តាយជាលើកចុងក្រោយ។
ក្រោយមក សារិន និងគ្រួសារត្រូវបានជម្លៀសពីស្រុកកំណើតទៅតំបន់អ្នកលឿង ខេត្តព្រៃវែង។ នៅទីនោះគាត់បានឃើញឃ្លាំង ដែលពោរពេញទៅដោយអង្ករប៉ុន្តែអង្គការមិនឲ្យហូបឆ្អែត។ គាត់ និងប្រជាជនដទៃទៀតត្រូវបានខ្មែរក្រហមផ្តល់ឲ្យតែអង្ករមួយកំប៉ុងក្នុងមួយថ្ងៃសម្រាប់មួយគ្រួសារ។ ចំណែកការងារ សារិន ត្រូវទៅជីក រែកដី ធ្វើស្រែនិងរុករានដីព្រៃឆ្ងាយៗពីកូន ដែលត្រូវដើររើសប្រមូលអាចម៍គោសម្រាប់ទុកធ្វើជីដាក់ស្រែ។
នៅតំបន់អ្នកលឿង សារិន បានឃើញកប៉ាល់ដែលដឹកប្រជាជនពីត្រើយម្ខាង ទៅត្រើយម្ខាងបានលិចជាញឹកញាប់នៅពេលដែលខ្មែរក្រហមបង្ខំឲ្យប្រជាជនឆ្លងទន្លេដើម្បីជម្លៀសទៅរស់នៅខេត្តផ្សេងៗ។
នៅកន្លែង សារិន រស់នៅគាត់ក៏ឃើញអ្នកជំងឺស្លាប់ច្រើនដោយសារគ្មានការព្យាបាលត្រឹមត្រូវ និងគ្មានអាហារហូបគ្រប់គ្រាន់។
សារិន រស់នៅអ្នកលឿងបានមួយរយៈរបបខ្មែរក្រហមក៏បានដួលរលំ។ មុនពេលដែលទាហានខ្មែរក្រហមរត់ចាកចេញពីតំបន់អ្នកលឿង ដើម្បីធ្វើដំណើរឆ្ពោះទៅភាគខាងលិច ខ្មែរក្រហមបានដុតបំផ្លាញឃ្លាំងស្រូវអង្ករ និងសម្ភារៈប្រើប្រាស់ដទៃទៀត។
នៅតាមផ្លូវធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញ សារិន បានឃើញសាកសពទាហាន និងប្រជាជនស្លាប់យ៉ាងច្រើន។ គាត់ និងគ្រួសារបានធ្វើដំណើរជាងមួយសប្តាហ៍ទើបមកដល់ស្រុកកំណើត។ ពេលមកដល់ផ្ទះសម្បែងត្រូវបានបំផ្លាញអស់ គាត់ និងគ្រួសារបានចាប់ផ្តើមកសាងឡើងវិញ។
បច្ចុប្បន្ន សារិន មានជំងឺលើសឈាម និងជំងឺឈឺចង្កេះ។ គាត់ត្រូវប្រើប្រាស់ថ្នាំជាប្រចាំ។
សម្ភាសន៍ដោយ ជុំ ចាន់រាត្រី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤