អ្នកលួចគាស់ដំឡូងជាខ្មាំងរបស់អង្គការ

សម្ភាសន៍ដោយ  ជុំ ចាន់រាត្រី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

(ស្វាយរៀង) ៖ ប្រាក់ សុន មានអាយុ៧៩ឆ្នាំ ជាកសិករ រស់នៅ​ភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។

ក្នុងរបប លន់ នល់ សុន រស់នៅស្រុកកំណើតនៅភូមិវត្តចាស់។ ពេលខ្មែរក្រហមចូលកាន់កាប់ក្នុងភូមិគាត់បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិដែលជាកម្ម​សិទ្ធិឯកជន​ដូចជា មាស ប្រាក់ រទះគោ និងសត្វពាហនៈ ទុកក្នុងសហករណ៍ដើម្បីប្រើប្រាស់រួម។ សុន រៀបរាប់បន្តថា ប្រជាជនមិនអាចរស់នៅផ្ទះរបស់ខ្លួនបានទេគឺអង្គការតំរូវឲ្យប្រជាជន និងសមាជិកគ្រួសារ សុន ទៅរស់នៅរួមក្នុងកង និងក្រុមផ្សេងៗ។ កូនរស់នៅក្នុងកងកុមារ ចំណែកគាត់ និងប្រពន្ធរស់នៅក្នុងកងចល័តជាមួយប្រជាជនមូលដ្ឋានផ្សេងទៀត។

ក្នុងរបបខ្មែរក្រហមដោយសារតែមានការនឹករលឹកកូន​សុន បានទៅលេងកូន និងលួចគាស់ដំឡូងមកឲ្យកូន​​​​។ ពេលទាហានខ្មែរក្រហមឃើញបានគំរាមសម្លាប់ និងប្រាប់គាត់ថា កុំឲ្យធ្វើដូច្នោះទៀត។

សុន៖ “ក្នុងរបបខ្មែរក្រហមរបបអាហារត្រូវបានអង្គការ កំណត់គ្មានការយោគយល់ក្មេងចាស់ទេ។ សូម្បីតែដំឡូង ត្រាវ ដែលប្រជាជនជាអ្នកដាំកាលពីសម័យមុនក៏គេ [អង្គការ] មិនឲ្យហូប។ អ្នកបំពានត្រូវបានចាត់ទុកជាខ្មាំង”។

ការងាររបស់ សុន និងប្រពន្ធត្រូវជីក ​ទំនប់ លើកប្រឡាយ និងធ្វើស្រែ។ គាត់ត្រូវងើបទៅធ្វើការតាំងពីម៉ោងប្រាំមួយ​ព្រឹករហូតដល់ម៉ោងប្រាំល្ងាច។ របបអាហារគឺមានតែ​បបរពីរវែក សម្រាប់ពីរពេលក្នុងមួយថ្ងៃ។

ក្រោយមកអង្គការបានជម្លៀស សុន និងគ្រួសារពីស្រុកកំណើតទៅតំបន់អ្នកលឿង ខេត្តព្រៃវែង​។ នៅទីនោះគាត់ត្រូវធ្វើការសព្វបែបយ៉ាងតាមអង្គការ​បញ្ជាដូចជា ដកស្ទូង ច្រូតស្រូវ លើកទំនប់ និងទន្ទ្រានដីព្រៃ។ ប្រជាជនមកពីខេត្តស្វាយរៀងជាមួយ សុន ជាច្រើនបានបាត់ខ្លួនដោយមិនដឹងមូលហេតុ។ គាត់ និងគ្រួសារបានខិតខំធ្វើការមិនហ៊ានតវ៉ាប្រឆាំងឡើយដើម្បីទទួលបានរបបអង្ករមួយកំប៉ុងក្នុងមួយថ្ងៃ។ សុន បានឃើញស្រូវអង្ករនៅ      ជង្រុកក្នុងឃ្លាំង និងត្រូវបានដឹកចេញស្ទើរតែអស់ជាហេតុនាំឲ្យ ប្រជាជនហូបមិនឆ្អែត។ សុន បន្តទៀតថា ប្រសិនបើរបបខ្មែរក្រហមមិនដួល​រលំទេគាត់ និងប្រជាជនពីខេត្តស្វាយរៀងទៅត្រូវស្លាប់ទាំងអស់ដោយសារគ្មានអាហារ និងការធ្វើការងារហួសកម្លាំង។

ក្នុងរបបខ្មែរក្រហមប្អូនរបស់ សុន មួយគ្រួសារត្រូវ​បានសម្លាប់ដោយចោទថាជាខ្មាំងរបស់អង្គការ។

ក្រោយរបបខ្មែរក្រហមដួលរលំ សុន និងគ្រួសារ​បានត្រឡប់មករស់នៅខេត្តស្វាយរៀងប្រកបរបបធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្នដោយសារតែអាយុច្រើនជួបផ្សំនឹងការងារធ្ងន់​ពីរបបខ្មែរក្រហមផង សុន មានជំងឺប្រចាំកាយច្រើនមុខដូចជា៖ ជំងឺងងឹតភ្នែក ជំងឺក្រពះពោះវៀន ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ហើយនៅពេលយប់មិនសូវបានសម្រានទេព្រោះត្រូវងើបបត់ជើងជាញឹកញាប់។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin