ឪពុក និងប្អូនពីរនាក់ស្លាប់ដោយអង្គការចោទថាមិនស្មោះត្រង់
(ព្រៃវែង)៖ សុខ រឹម មានអាយុ៧៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។
នៅសម័យ លន់ នល់ រឹម បានរៀបការ និងសម្រាលបានកូនមួយ។ គាត់ និងគ្រួសាររស់នៅភូមិសង្គ្រោះ ការរស់នៅមានការលំបាកព្រោះប្រទេសជាតិនៅពេលនោះមានសង្គ្រាម និងការទម្លាក់គ្រាប់បែក ប៉ុន្តែគ្រួសារគាត់អាចរស់នៅជួបជុំគ្នាបាន។
នៅពេលខ្មែរក្រហមបានគ្រប់គ្រងប្រទេស រឹម និងគ្រួសារត្រូវរស់នៅផ្សេងពីគ្នា។ គាត់ និងប្តីរស់នៅក្នុងកងចល័តត្រូវធ្វើស្រែ ដកស្ទូង និងប្រមូលស្រូវអង្ករទុកក្នុងសហការណ៍រោងបាយ។ ចំណែកកូនត្រូវនៅជាមួយចាស់ៗនៅកងកុមារត្រូវធ្វើការរើសអាចម៍គោ និងគួរស្រូវ។ ប្អូនៗពីនាក់រស់នៅជាក្រុមកងចល័តឃុំត្រូវទៅជីក និងរែកដីធ្វើជាទំនប់ឆ្ងាយៗពីកន្លែងស្នាក់នៅ។
បន្ទាប់មក រឹម ឪពុក និងប្អូនពីរនាក់ត្រូវអង្គការដាក់គុកដោយចោទថា មិនស្មោះត្រង់នឹងអង្គការ។ គាត់ត្រូវបានអង្គការដោះលែង និងបានប្រាប់ឲ្យគាត់ខិតខំធ្វើការ។ ឪពុក និងប្អូនពីរនាក់ត្រូវអង្គការសម្លាប់។
ក្រោយពីឪពុក និងប្អូនស្លាប់ អង្គការបានតាមដានគាត់ និងប្តី។ រឹម បាននិយាយបន្តថា ក្នុងរបបខ្មែរក្រហមគាត់រស់នៅគ្មានសិទ្ធិសេរីភាពទេ គាត់ត្រូវអង្គការចាត់ទុកជាប្រជាជនបញ្ញើព្រោះមានសាច់ញាតិមិនស្មោះត្រង់។ រឹម មិនអាចធ្វើការជាមួយប្រជានធម្មតាបានទេ គាត់ត្រូវធ្វើការងារជាមួយប្រជាជនថ្មី ឬហៅថា ប្រជាជន១៧មេសា ផ្សេងទៀតដែលជម្លៀសមកក្នុងភូមិ។
រឹម មិនបានដឹងថា គ្រួសាររបស់គាត់មានកំហុសអ្វីនោះទេ ទើបបានជាអង្គការចោទដូចនេះ។
ក្រោយមកអង្គការបានជម្លៀស រឹម កូន និងប្តី ពីស្រុកកំណើតទៅស្រុកកោះធំ ខេត្តកណ្តាល។ គាត់ត្រូវពរកូន និងប្តីត្រូវរែកសម្ភារៈផ្សេងៗ ធ្វើដំណើរដោយថ្មើរជើងក្រោមអាកាសធាតុក្តៅ និងគ្មានអាហារហូបចុកត្រឹមត្រូវ។ រឹម និយាយបន្ថែមថា គាត់ និងប្រជាជនផ្សេងទៀតត្រូវអង្គការឲ្យឆ្លងកប៉ាល់ និងទូកតូចៗ ជាច្រើនកន្លែងទំរំាដល់ទីតាំងដែលអង្គការកំណត់។ នៅក្នុងអំឡុងពេលជម្លៀស គាត់ និងប្រជាជនត្រូវរៀបចំអាហារដោយខ្លួនឯង។ ប្រជាជនដែលមានជំងឺបានស្លាប់ព្រោះគ្មានថ្នាំព្យាបាលត្រឹមត្រូវ និងគ្មានការយកចិត្តទុកដាក់ពីទាហានខ្មែរក្រហម។ នៅទីនោះរឹម និងប្តីត្រូវស្ទូងស្រូវ បង្ហូរទឹកដាក់ស្រែ និងជីកទំនប់។
រស់នៅស្រុកកោះធំ បានមួយរយៈរបបខ្មែរក្រហក៏បានដួលរលំ រឹម និងប្តីបានត្រឡប់មករស់នៅស្រុកកំណើតឯខេត្តព្រៃវែងវិញ និងបានប្រកបរបបធ្វើស្រែចម្ការ។ បច្ចុប្បន្នរឹមមានជំងឺផ្សេងៗ ដោយសារតែវ័យចាស់ជរាគាត់បានសម្រាកពីការងារសព្វថ្ងៃកូនៗជាអ្នកផ្គត់ផ្គង់។
សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤