គ្រូ​បង្រៀនកុមារក្នុងរបបខ្មែក្រហម

(ព្រៃវែង)៖ ឈឹម ស៊ីដ្ឋា មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង​។ គាត់បានឈប់រៀននៅឆ្នាំ១៩៧៣ ក្នុងរបប​លន់ នល់ ព្រោះប្រទេសជាតិមានសង្រ្គាម និងការទម្លាក់គ្រាប់បែក គាត់ត្រូវរត់គេចជាមួយឪពុកម្តាយទៅរស់នៅ​តាមព្រៃ និងវាលស្រែ។ ស៊ីដ្ឋា មានបងប្អូនប្រាំនាក់ ស្រីបួន​។ បងម្នាក់របស់គាត់បានស្លាប់ដោយសារមានជំងឺគ្មានថ្នាំព្យាបាលត្រឹមត្រូវពេលធ្វើជាកងចល័តទៅជីកទំនប់ឆ្ងាយពីភូមិ។

ក្នុងរបបខ្មែរក្រហម ស៊ីដ្ឋា មានអាយុប្រមាណជា១៥ឆ្នាំ។ គាត់រស់នៅភូមិកំណើតបច្ចុប្បន្ន ហើយអង្គការ​បានប្រើឲ្យបង្រៀនក្មេងតូចៗក្នុងភូមិ។ ស៊ីដ្ឋា និយាយបន្តថាការធ្វើជាគ្រូបឋមមានភាពងាយស្រួល​ជាង​ប្រជាជនផ្សេង​ៗ​ទៀតដែលទៅធ្វើស្រែចម្ការ និងជីក រែកដី។ ក្មេងៗមិន​បានរៀនសូត្រត្រឹមត្រូវទេដោយសារតែត្រូវទៅជួយធ្វើការងារដូចជា រើសអាចម៍គោ និងគួរស្រូវនៅតាមវាលស្រែ។ របបអាហាររបស់ ស៊ីដ្ឋា ដូចតែប្រជាជនផ្សេងទៀត​ក្នុងសហរកណ៍ដែរគឺ ថ្ងៃខ្លះទទួល​បបរ ឬបាយ លាយជាមួយដំឡូង និងពោត។ គាត់និយាយបន្ថែមថា អង្គការ​បានចែករបបឲ្យស្មើៗគ្នាម្នាក់ពីរវែកក្នុងមួយថ្ងៃ។ អ្នកជំងឺ​នៅសហករណ៍ដែល ស៊ីដ្ឋា រស់នៅមិនទទួលបានការព្យាបាលត្រឹមត្រូវទេគឺមានតែថ្នាផ្សំពីឫសឈើដាំទឹក ឬលញ់​សូនជាគ្រាប់រាងដូចអាចម៍ទន្សាយប៉ុណ្ណោះ។ អ្នកជំងឺស្រាល​ៗអាចព្យាបាលបាន រីឯអ្នកជំងឺធ្ងន់បានស្លាប់។

ស៊ីដ្ឋា រៀបរាប់ថា ទោះបីជាគាត់ធ្វើជាគ្រូបង្រៀនកុមារក៏ពិតមែន ប៉ុន្តែក៏គ្មានសិទ្ធិសេរីភាពអ្វីលើសប្រជាជនទូទៅដែរ។ គាត់មិនអាចធ្វើដំណើរទៅកន្លែងផ្សេងក្រៅតែពី កន្លែងស្នាក់នៅ ទៅសាលារៀននិងត្រឡប់មកវិញ។ ម្យ៉ាង​វិញទៀត ស៊ីដ្ឋា មិនអាចទៅលេងឪពុកម្តាយ និងបងប្អូន​ដែលរស់នៅកន្លែងផ្សេងពីគ្នាបានទេ។

អង្គការ​បានប្រាប់ ស៊ីដ្ឋា ឲ្យតាមដានសិស្សរបស់គាត់បើមានអ្នកណាលួចរបស់របរត្រូវ​រាយការណ៍ប្រាប់អង្គការ​។ គាត់តែងឃើញក្មេងៗ ដែលគាត់​បង្រៀនបានលួចបេះពោតហូប និងផ្លែឈើផ្សេងៗហូបដោយសារតែឃ្លានខ្លាំងពេក ប៉ុន្តែគាត់មិនដែលបានរាយការណ៍ប្រាប់អង្គការ​ទេ ព្រោះអាណិតក្មេងតូចៗ ដែលជួបប្រទះរបបឃោរឃៅដូចខ្មែរក្រហម។

ក្នុងរបបនោះអង្គការបានឲ្យប្រជាជនទាំងអស់​ស្លៀក​ពាក់ខោ និងអាវខ្មៅ។ ប្រសិនបើមានសំលៀកបំពាក់​ពណ៌ផ្សេងៗត្រូវយកទៅជ្រលក់ឲ្យទៅជាពណ៌​ខ្មៅទាំងអស់។

ក្រោយរបបខ្មែរក្រហមដួលរលំ ស៊ីដ្ឋា បានត្រឡប់ពីសហករណ៍មករស់នៅ​ភូមិកំណើតវិញ។ បន្ទាប់មកគាត់​ត្រូវបានអាជ្ញាធរស្រុកពាមជរ ​ជ្រើសរើសឲ្យទៅរៀនពេទ្យដោយសារតែគាត់ធ្លាប់បានសិក្សាច្រើនបង្គួរកាលពីសម័យ លន់ នល់។ ក្រោយពីរបបខ្មែរក្រហម​បាន​ដួលរលំ គាត់បានបម្រើការងារជាពេទ្យ​ស្រុក តែបច្ចុប្បន្នេះគាត់បានឈប់ពីការងារ។

បច្ចុប្បន្ន ស៊ីដ្ឋា មានជំងឺឡើងជាតិអាស៊ីត។ គាត់​បានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយត្រូវខិតខំរៀនសូត្រ និងចូលរួមទប់ស្កាត់របបខ្មែរក្រហមកុំឲ្យត្រឡប់មកប្រទេសកម្ពុជា​សារ​ជាថ្មី។

សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin