កងភ្ជួរសម័យខ្មែរក្រហម

(ព្រៃវែង)៖ មាស ឡេង មានអាយុ៨១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង​។ គាត់បានរៀបការនៅសម័យសង្គម​រាស្រ្តនិយម និងមានកូនប្រាំនាក់ ស្រីបីនាក់។

ក្នុងរបបខ្មែរក្រហម ឡេង រស់នៅភូមិសង្គ្រោះដែលជាភូមិកំណើតរបស់គាត់​។ គាត់ត្រូវបានអង្គការប្រើឲ្យយាមឃ្លាំងពោត។ ទោះបីគាត់ជាអ្នកយាមក៏មិនអាចយកពោតនោះហូបបានដែរ ព្រោះអង្គការបានកំណត់ថា ប្រសិនបើយកត្រូវជាប់ឈ្មោះ​ថា ជាអ្នកលួច អង្គការដឹងនឹងត្រូវយកទៅសម្លាប់ចោល។

ក្រោយមកខ្មែរក្រហមបានផ្លាស់ ឡេង ឲ្យទៅធ្វើស្រែបាំ្រងនៅសហករណ៍ស្វាយភ្លោះ។ នៅទីនោះគាត់បានឮ អង្គការ​បានប្រកាសដល់យុវជន យុវនារីដែលដល់អាយុត្រូវមានប្តីប្រពន្ធ អាចស្នើ​មកអង្គការដើម្បីរៀបការ ប៉ុន្តែត្រូវមានលក្ខខណ្ឌចាប់ពី១៦ឆ្នាំឡើងទៅ។ គាត់បាននិយាយ​បន្តថា ប៉ុន្តែ​ប្រធានរោងបានឈ្មោះសារឿនបានស្នើយុវនារីអាយុក្រោម១៦ឆ្នាំរៀបការបាន ហើយអង្គការបានអនុញ្ញាតឲ្យ និងបាននៅរួមរស់ជាមួយគ្នារហូតដល់សព្វថ្ងៃ។ ការងារថ្មីរបស់ឡេង គឺត្រូវមើលថែទាំក្របីមួយនឹម  និង​មានភារកិច្ចភ្ជួរស្រែសម្រាប់ឲ្យកងចល័តនារីៗស្ទូង។ អង្គការបានកំណត់ថា គាត់ត្រូវទទួលខុសត្រូវឲ្យមានដី​ដែលភ្ជួរ​រួច​សម្រាប់ស្ទូង ប្រសិនបើមិនដូច្នោះទេត្រូវយកទៅសម្លាប់ចោល។

សម្រាប់របបអាហារ ឡេង ទទួលបានបបរលាយជាមួយពោត និងផ្លែចេកហូបក្នុងមួយថ្ងៃពីរពេល។ អាហារនៅពេលនោះគាត់ហូបមិនគ្រប់គ្រាន់ទេ ប៉ុន្តែមិនហ៊ានហូបផ្លែ​ឈើ​ផ្សេងៗដែលដាំបានក្នុងសហករណ៍ព្រោះខ្លាចអង្គការចោទថា ជាចោរ។

តាមរយៈកិច្ចប្រជុំស្វ័យទិទៀន ឡេង ធ្លាប់រាយការណ៍ថា ប្រធានរោងបាយបានលួចស្ងោរមាន់ឲ្យគ្រួសារហូប នៅពេលយប់ រីឯប្រជាជនឲ្យហូបបបរលាយបន្លែ។ ក្រោយ​ពីរាយករណ៍រួចអង្គការមិនបានដាក់ទោសប្រធានរោងបាយទេ ចំណែកគាត់ក៏គ្មានអ្នកណារករឿងអ្វីដែរ។

រឿងរ៉ាវដែលឡេងចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលមានទាហានខ្មែរក្រហមយកកាំភ្លើងមកផ្ញើគាត់ និងមិនបានមកយកវិញ គាត់ក៏យកទៅលាក់ទុកនៅកន្លែងស្នាក់នៅ។ ថ្ងៃមួយអង្គការបានមកត្រួតពិនិត្យ​ តែជាសំណាងល្អអង្គការមិនបានរកឃើញកាំភ្លើង បើមិនដូច្នោះទេ គាត់នឹង​បាន​ស្លាប់តាំងពីពេលនោះ។

ឡេង ក៏បានដឹងពីរណ្តៅខ្មែរក្រហមធ្លាប់សម្លាប់មនុស្សនៅក្នុងភូមិកន្លែងគាត់ស្នាក់នៅ។ គាត់បានឃើញខ្មែរក្រហមប្រើប្រជាជនឲ្យជីករណ្តៅទុកសម្លាប់មនុស្សច្រើន​ៗនាក់។

នៅបរិវេណវត្តស្វាយភ្លោះ ឡេង ក៏ធ្លាប់ឃើញប្រធានកងឈ្លបខ្មែរក្រហមឈ្មោះ កាន ចងបណ្តើរមនុស្សពីរនាក់យកទៅសម្លាប់ចោលដោយសារតែរឿងខុសសីលធម៌។

ក្រោយរបបខ្មែរក្រហមដួលរលំ ឡេង បានត្រឡប់ពីសហករណ៍មករស់នៅផ្ទះរបស់ខ្លួនវិញ។ បច្ចុប្បន្នគាត់មាន​ជំងឺសន្លាក់ដៃ និងសន្លាក់ជើង។

សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin