ការទម្លាក់គ្រាប់បែកក្នុងភូមិ
(ស្ទឹងត្រែង)៖ ផេង សុខ មានអាយុ៧៤ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ សព្វថ្ងៃរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខ មានឪពុកឈ្មោះ ផេង អូន និងម្តាយឈ្មោះ មាស រឿង និងបងប្អូនចំនួន ៤នាក់។
នៅឆ្នាំ១៩៦៤ ឪពុករបស់គាត់គឺជាទាហានចូលនិវត្តន៍បានសម្រេចចិត្តមករស់នៅអូរស្វាយ តាមការអំពាវនាវរបស់សម្តេចព្រះនរោត្តមសីហនុ ក្នុងគោលបំណងការពារទឹកដីតាមព្រំដែន កាលនោះ សុខ មានអាយុ១១ ឆ្នាំ។
ការមកដល់ដំបូងរបស់ប្រជាពលរដ្ឋមានការលំបាកដោយសារជំងឺគ្រុនចាញ់ ខ្លះបានបាត់បង់ជីវិត និងខ្លះទៀតបានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ។
ការកសាងបានចាប់ផ្តើម ដែលឣនុសេនីយឯក ម៉ៅ សុខេន ជាអ្នកមើលការខុសត្រូវ មានដូចផ្សារ ការិយាល័យរដ្ឋបាល បន្ទាយទាហាន ដែលជាទីកន្លែងស្នាក់របស់គ្រួសារសុខ នៅពេលផ្ទះកាឡុងមិនទាន់សាងសង់រួចរាល់។ ទីនោះក៏មានអង្ករ ត្រីខកំប៉ុង និងស្បៀងសម្រាប់ចែកជូនប្រជាពលរដ្ឋ។
នៅឆ្នាំ ១៩៦៨ ស្តូបអនុស្សាវរីយ និងសួនច្បារ រួមទាំងសាលាឆទាន និងរោងចក្រស្ករអំពៅ ត្រូវបានសម្ពោធដោយសម្តេចព្រះនរោត្តមសីហនុ។ នៅគ្រានោះ ប្រជាពលរដ្ឋបានទទួលអំណោយនិងក្រណាត់ តាមផ្លូវដោយសេចក្តីត្រេកអរ។ ការទម្លាក់គ្រាប់បែកក្នុងភូមិចាប់ផ្តើមមានឡើងនៅឆ្នាំ១៩៧០ ដោយសារវត្តមាននៃកងទ័ពវៀតណាមខាងជើង។
ឪពុករបស់សុខ បានធ្វើការនៅរោងកិនស្រូវមុនការចូលមកដល់របស់ទាហានខ្មែរក្រហម។ គាត់ត្រូវបានចាប់ចងស្លាបសេក ដោយខ្មែរក្រហមចោទថា គាត់ជាខ្សែស៊ីអ៊ីអានៅឆ្នាំ១៩៧០។ ម្តាយរបស់សុខ បានស្លាប់នៅឆ្នាំ១៩៧១ ដោយសារការបាត់បង់ស្វាមី។ សុខ ត្រូវបានចោទថា ជាកូនខ្មាំង។ ឆ្នាំ១៩៧៣ សុខត្រូវរស់នៅរួម ធ្វើការរួម និងហូបបាយរួម។
ឆ្នាំ១៩៧៥ សុខ ត្រូវបានជម្លៀសទៅគជ់ចំបក់ ធ្វើការនៅក្នុងកងចល័ត។ របបអាហារមានតែបបរលាយជាមួយចេក ឬពោតក្រហម ដោយសារឃ្លាន សុខបានលួចហូបស្លឹកម៉្យាង ហៅថាស្លឹកជើងគោ។ ក្រៅពីកើបលាមកសម្រាប់ធ្វើជីលេខមួយ សុខត្រូវលើកទំនប់ និងគាស់ដើមឈើ ដែលបណ្តាលឲ្យរងរបួស។ ក្រៅពីមិទិ្ទញដែលមានការចែកបបរស្ករ នៅសម័យនោះក៏មានបុណ្យចូលឆ្នាំខ្មែរផងដែរ។
នៅឆ្នំាំ១៩៧៩ សុខ បានបង្ខំចិត្តរៀបការ និងរត់គេច ដោយការបំភ័យរបស់ខ្មែរក្រហមអំពីកងទ័ពវៀតណាម រត់ទៅភូមិព្រះន័ង្គល ហើយភូមិដងផ្លឹតតាមកាណូត។
ក្រោយពីជួបកងទ័ពវៀតណាម សុខបានត្រឡប់បានរស់នៅភូមិអូរស្វាយមកដល់បច្ចុប្បន្ន។ សព្វថ្ងៃការនេសាទមានការធ្លាក់ចុះ ដោយសារការនេសាទខុសច្បាប់៕
សម្ភាសន៍ដោយ ស្រេង លីដា ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤