សម្លាប់មនុស្សដោយបោះចូលទឹកទន្លេ

ជា អីម រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ជា អីម អាយុ៦៣ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើតនៅខេត្តតាកែវ។ សព្វថ្ងៃគាត់រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

គាត់បានមករស់នៅភូមិអូរស្វាយតាំងពីឆ្នាំ ១៩៦០ជាង ជាមួយឪពុកឈ្មោះ ភូ ជា និងម្តាយឈ្មោះ យៀក ប៉ិក។ អីម មានបងប្អូនប្រុសស្រី ៦នាក់។

នៅអាយុប្រហែល៦ឆ្នាំ ជា អីម និងម្តាយបានទៅទទួលសម្ដេចព្រះនរោត្តមសីហនុនៅជិតសាលាឆទានមួយកន្លែង។

នៅក្នុងឆ្នាំ ១៩៦៨ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានសម្ពោធសមិទ្ធផលក្នុងភូមិអូរស្វាយ ដូចជាមន្ទីរពេទ្យ សាលារៀន បន្ទាយទាហាន វាលឧទ្ធម្ភាគចក្រ និង ស្តូប រួមទាំងផ្ទះកាឡុងសម្រាប់ប្រជាពលរដ្ឋរស់នៅ។

ជា អីម បានលើកឡើងថា ការដែលសម្តេចទ្រង់កសាងសមិទ្ធផលទាំងនេះ គឺជាព្រះរាជតម្រិះរបស់ព្រះអង្គផ្ទាល់ក្នុងការការពារទឹកដីពីការឈ្លានពាន។

នាសម័យនោះ ប្រជាពលរដ្ឋទទួលបានផ្ទះ ដីស្រែចំការ និងគ្រាប់ពូជ សម្រាប់បង្កបង្កើនផលក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ។ នៅថ្ងៃនោះដែរ សម្តេច ទ្រង់បានយាងទៅ ចែកក្រណាត់តាមផ្ទះ។ ល្ងាចឡើងមានកម្មវិធីសប្បាយផ្សេងៗទៀតសម្រាប់ប្រជាពលរដ្ឋក្នុងបុរីអូរស្វាយ។

នៅឆ្នាំ ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារ ដែលហេតុការណ៍នេះបានផ្លាស់ប្តូរជីវិតរបស់ប្រជាពលរដ្ឋទាំងស្រុងដែលកំពុងរស់នៅភូមិអូរស្វាយ ដោយមានការទម្លាប់គ្រាប់បែកជាបន្តបន្ទាប់។ នៅទីនោះ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានកសាងត្រូវបានកម្ទេច។

នៅឆ្នំា១៩៧៥ នៅពេលខ្មែរក្រហមបានគ្រប់គ្រងប្រទេស ជា អីម ត្រូវបានខ្មែរក្រហមឲ្យចូលបម្រើការងារជាកងកុមារ។ បន្ទាប់មកtត្រូវបានចាត់តាំងឲ្យចូលធ្វើការនៅក្នុងចល័តនៅតាមអង្គភាព ដើម្បីធ្វើការស្រែចម្ការ លើកទំនប់ និង ជីកប្រឡាយ។

ជា អីម និងក្មេងឯទៀតត្រូវធ្វើការពេញមួយថ្ងៃ ជួនកាលរហូតដល់ម៉ោង១១យប់ និងត្រូវបន្តនៅម៉ោង ៣ ភ្លឺ។ ទាហានពីសម័យមុន រួមទាំងឪពុកមារបស់ ជា អីម ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ អ្នកទាំងនោះដើរជាជួរ ឆ្ពោះទៅទីកន្លែងស្ងាត់ដោយចងស្លាបសេក ឬចាប់ចងដាក់ក្នុងបាវបោះចូលទឹកទន្លេមេគង្គ។

ក្រោយការដួលរលំនៃរបបខ្មែរក្រហម ជា អីម បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៨០ ដែលសព្វថ្ងៃមានកូនចំនួន ៦នាក់។

ជា អីម បានកំពុងប្រកបមុខរបរជាកសិករក្នុងភូមិអូរស្វាយ។ ជា អីម មានការព្រួយបារម្ភអំពីការស្វែងរកទីផ្សារ និងការនេសាទខុសច្បាប់នៅតាមដងទន្លេមេគង្គ ដោយមានការប្រើប្រាស់ឧបករណ៍ឆក់ និងដោយសារផលប៉ះពាល់នៃការកសាងទំនប់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គ ដែលធ្វើឲ្យបាត់បង់ធនធានជលផល និងជម្រកត្រីពង។

កត្តាទាំងនេះក៏អាចប៉ះពាល់ដល់បញ្ហាសុខភាពផងដែរ។ ជា អីម សំណូមពរឲ្យមានការទប់ស្កាត់ការនេសាទខុសច្បាប់ និង ស្វែងរកទីផ្សារសម្រាប់កសិករ៕

សម្ភាសន៍ដោយ ស្រេង លីដា ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin