ភូមិធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំ

ឌី គឹមស្រូយ និង ផាត់ នី (ស្ដាំ) រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ផាត់ នី មានអាយុ៦១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ។ នៅឆ្នាំ១៩៦៦ នី បានមករស់នៅភូមិអូរស្វាយ ជាមួយឪពុកឈ្មោះ ប៉ែន និង ម្តាយឈ្មោះ ឃី ក្រោមការអំពាវអំនាវរបស់សម្ដេចព្រះនរោត្តម សីហនុ។ នី មានបងប្អូនចំនួន៤នាក់ និងបានសិក្សាត្រឹមថ្នាក់ទី៧ថ្មី។

នៅពេល​មករស់នៅភូមិអូរស្វាយដំបូង ឪពុករបស់ នីបានចាប់ផ្តើមឆ្ការព្រៃក្រាស់សម្រាប់ធ្វើស្រែចម្ការ។ ការរស់នៅភូមិអូរស្វាយ គឺដើម្បីការពារបូរណភាពទឹកដី។ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានកសាងមន្ទីរពេទ្យ សាលារៀន និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្ទះកាឡុង  សម្រាប់គ្រួសារទាហានចូលនិវត្តន៍ និងប្រជាជនខ្មែររស់នៅ។ គាត់បានលើកឡើងថា ឡាវបានទាមទារទឹកដីខ្មែរ ដោយសំអាងថាទីនោះប្រើប្រាស់ភាសាឡាវ ទើបសម្តេចទ្រង់ដឹកនាំប្រជាជនខ្មែរមករស់នៅដើម្បីការពារបូរណភាពទឹកដី។ សម្តេចទ្រង់បានផ្គត់ផ្គង់ អង្ករ សម្លៀកបំពាក់ និងថ្នាំសង្កូវផ្សេងៗ ដល់ប្រជាជន។

នៅឆ្នាំ ១៩៧០ ខ្មែរក្រហមបានចូលមកភូមិអូរស្វាយ ដោយស្ងៀមស្ងាត់។ នៅឆ្នាំ ១៩៧៥ ខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញពីភូមិឲ្យទៅរស់នៅតាមសហករណ៍ និងធ្វើការដោយហួសកម្លាំង។ នី បានធ្វើជាកងកុមារ បន្ទាប់មកកងចល័ត ដោយដើរកាប់ទន្រ្ទានខេត្តសម្រាប់ធ្វើជី លើកទំនប់ និងធ្វើស្រែចម្ការជាដើម។ ប្រជាជនមួយចំនួនត្រូវបាន ខ្មែរក្រហមនាំទៅសម្លាប់ដោយមិនឲ្យឃើញនោះទេ។ ភូមិអូរស្វាយដែលធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំ។

ក្រោយពីការដួលរលំរបបខ្មែរក្រហម ផាត់ នី បានត្រឡប់​មករស់នៅស្រុកកំណើតបាន៣ឆ្នាំ បន្ទាប់មកទើបត្រឡប់មករស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រហូតមកដល់បច្ចុប្បន្ន ដោយធ្វើស្រែចម្ការ និងនេសាទ។ នី បានរៀបការជាមួយ ជា សុខហេង នៅឆ្នាំ១៩៨៦ ដែលមានកូនៗចំនួន៥នាក់។

សព្វថ្ងៃនី មានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃចំនួនត្រីដែលនេសាទបាន ដោយសារការនេសាទខុសច្បាប់ ដូចជាការឆក់ ការបំផ្ទុះគ្រាប់បែក ការបាត់បង់ព្រៃលិចទឹក ដោយសារផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីជាដើម ដែលធ្វើឲ្យលំហូរទឹកមានការប្រែប្រួលខុសពីធម្មជាតិ៕

សម្ភាសន៍ដោយ ឌី គឹមស្រូយ​ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin