ពិការដៃដោយសារសង្រ្គាម

(ព្រៃវែង)៖ អួង ហេង មានអាយុ៧២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពិការដៃខាងស្តាំ បច្ចុប្បន្នគាត់រស់នៅភូមិវាល ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។

ឆ្នាំ១៩៧០ គាត់ធ្វើជាទាហាន លន់ នល់ បានរងរបួស និងពិការដៃម្ខាងពេលមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។

ក្នុងរបបខ្មែរក្រហម ហេង បានត្រឡប់មករស់នៅក្នុងភូមិវាលដែលជាស្រុកកំណើតវិញ។ គាត់បានរស់នៅដោយលាក់ប្រវត្តិរូបជាអតីតទាហានលន់ នល់ ប៉ុន្តែនៅក្នុងស្រុកភូមិអាជ្ញាធរ និងប្រជាជនបានដឹងថា គាត់ធ្លាប់ជាអតីតទាហាន។ ហេង និយាយថា ប្រហែលជាគាត់មានពិការដៃស្តាំងម្ខាងទើបអង្គការមិនបានសម្លាប់គាត់ដូចអតីតទាហាន លន់ នល់ ដទៃទៀត។ ហេង ត្រូវបានខ្មែរក្រហមឲ្យទៅធ្វើស្រែចម្ការជាមួយប្រជាជនដទៃ​ទៀតក្នុងសហករណ៍។

ក្រោយមកខ្មែរក្រហមបានបញ្ជូនគាត់ឲ្យទៅធ្វើជាកង​ចល័តឆ្ងាយៗទើបប្រវត្តិរូបគាត់គ្មានអ្នកណាបានដឹង។ ចំណែកឪពុកម្តាយ និងបងប្អូន​របស់ហេងត្រូវបានខ្មែរក្រហមឲ្យរស់នៅ និងធ្វើការនៅក្នុងសហករណ៍កំពង់ឫស្សី។ ឪពុករបស់ហេងត្រូវធ្វើស្រែដោយអង្គការកំណត់ឲ្យគាត់ និងក្រុមភ្ជួរពីរនាក់ទៀតត្រូវ​ធានាថា មានដីស្រែដែលភ្ជួររាស់រួចឲ្យក្រុមចល័តនារីស្ទូង។ ម្តាយរបស់ ហេង ត្រូវធ្វើការងារផ្សេងនៅរោងបាយរួម។ រីឯបងប្អូនវិញរស់នៅក្នុងកងកុមារ និងកងចល័ត ត្រូវធ្វើការតាមតែអង្គការ  បញ្ជា។ គាត់រៀបរាប់ថា ក្នុងរបបខ្មែរក្រហមគ្មានអ្នកណាម្នាក់ទំនេរទេ គឺត្រូវធ្វើការទាំងអស់គ្នា ទោះបីអ្នកឈឺក៏សុំអង្គការទៅធ្វើការដែរដើម្បីទទួលបានរបបអាហារ ។

ហេង បាននិយាយបន្តថា គាត់ធ្លាប់ឃើញអង្គការសម្លាប់ប្រជាជនចាស់ និងថ្មីជាច្រើននាក់ដែលខ្មែរក្រហមចោទថា មាននិន្នា​ការជាប់ជាមួយរបបចាស់។ ខ្លួនគាត់មានសំណាងល្អ ដែលត្រូវទៅធ្វើជាកងចល័តឆ្ងាយៗពីស្រុកកំណើត​។ របបអាហាររបស់ ហេង ទទួល​បានមិនគ្រប់គ្រាន់ទេ​ ដោយ​ទទួលបានតែបបរពីរវែកក្នុងមួយថ្ងៃ។

ក្នុងរបបខ្មែរក្រហម ហេង បានដឹងពីកន្លែងដែលខ្មែរក្រហមធ្លាប់នាំមនុស្សយកទៅសម្លាប់ច្រើនៗនាក់នៅតំបន់បឹងស្វា និងក្នុងវត្តស្លា។ គាត់ធ្លាប់ឃើញខ្មែរក្រហមបណ្តើរ​មនុស្សយកទៅទីតាំងនោះ ក្រោយមកគាត់​ដឹងថាប្រជាជនទាំងអស់ត្រូវបានសម្លាប់ ។

ក្រោយរបបខ្មែរក្រហមដួលរលំ ហេង បានត្រឡប់​មករស់នៅជួបជុំគ្រួសារវិញនៅស្រុកកំណើត។

បច្ចុប្បន្ន ហេង មានជំងឺខ្វះឈាម និងជំងឺស្រវាំង     ភ្នែក។ គាត់បាននិយាយថា មួយជីវិតគាត់បានឆ្លងកាត់សង្គ្រាមជាច្រើនរហូតដល់ធ្លាក់ខ្លួនពិការ។ គាត់បានផ្តាំផ្ញើដល់ក្មេង ជំនាន់ក្រោយថាសង្រ្គាមគ្មានផលល្អទេផ្ទុយទៅវិញសង្គ្រាម បានបន្សល់ទុកនូវបញ្ហាជាច្រើនដល់សង្គមជាពិសេសការបាត់បង់សមាជិកគ្រួសារ។

សម្ភាសន៍ដោយ រុន សុជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin