បងជីដូនមួយត្រូវបានសម្លាប់
(ស្ទឹងត្រែង)៖ សុខ វីន មានអាយុ៦១ឆ្នាំ មានឪពុកឈ្មោះ សុខ យ៉ង និងម្ដាយឈ្មោះ សម ទ្រព្យ និងបងប្អូនចំនួនបីនាក់។ សព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់ប្រកបមុខរបរធ្វើស្រែចម្ការ។
សុខ វីន មានការចងចាំខ្លះៗពីការយាងមកដល់ភូមិអូរស្វាយ របស់សម្ដេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៦៨ នៅទីតាំងសាលាឆទាន ដើម្បីសម្ពោធសមិទ្ធផលដូចជា វត្តអារាម សាលរៀន មន្ទីរពេទ្យ និង ផ្សារសម្រាប់ប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ ដែលបានផ្លាស់ទីលំនៅមកភូមិអូរស្វាយ និងមានការចែកក្រណាត់ដល់អ្នកចូលរួមទាំងអស់។
នៅអំឡុងឆ្នាំ១៩៧០ ដោយសារសង្គ្រាម និងការទម្លាក់គ្រាប់បែក សុខ វីន បានបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី២ នៅអាយុប្រហែល៨ឆ្នាំ។ ការទម្លាក់គ្រាប់បែកបានធ្វើឲ្យខូចខាតនូវអ្វីដែលបានកសាងពីមុនមក។ ក្រោយមក ប្រហែលឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាប់ផ្តើមជម្លៀសឲ្យប្រជាជនរស់នៅតាមសហករណ៍ដែលនៅឆ្ងាយពីភូមិអូរស្វាយ។ សុខ វីន ត្រូវបានបញ្ជូនឲ្យធ្វើការក្នុងកងចល័ត និងធ្វើការងារហួសកម្លាំងៗ ដូចជាលើកដី រែកដីដាក់ទំនប់ ដោយបែកបាក់ពីគ្រួសារ និងបងប្អូន ។
នៅសម័យនោះមានការធ្វើបាប និងការបរិភោគមិនគ្រប់គ្រាន់។ ប្រជាជនត្រូវបរិភោគបបរលាយជាមួយពោត ត្រកួន និងអំបិល។ សុខ វីន បានបញ្ជាក់ថា ដល់ម៉ោងធ្វើការប្រជាជនត្រូវតែធ្វើការ ខ្លះបានបាត់បង់ជីវិតដោយសារការធ្វើពលកម្មហួសកម្លាំង និងហូបមិនគ្រប់គ្រាន់។ ជួនកាលត្រូវងើបម៉ោង៣ភ្លឺទៅធ្វើស្រែ។ វីន ត្រូវបន្តទៅលើកទំនប់នៅអូរពូក និងនៅអូររនោង និងធ្វើស្រែ គាស់គល់ឈើ នៅក្រោមកំដៅថ្ងៃ ដោយគ្មានពេលឈប់សម្រាក ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់គាត់រហូតមកដល់បច្ចុប្បន្ន។
វីន មិនដឹងអំពីទីកន្លែងសម្លាប់មនុស្សនោះទេ។ បងប្រុសជីដូនមួយរបស់ វីន ចំនួនពីរនាក់ត្រូវបានវាយសម្លាប់ចោលដោយខ្មែរក្រហម។ នៅចុងឆ្នាំ១៩៧៨ នៅពេលកំពុងលើកទំនប់ កងទ័ពដែលមករំដោះបានប្រាប់គាត់ថាឈប់ធ្វើការ ហើយឲ្យទៅជួបជុំគ្រួសារវិញ។ វីន បានត្រឡប់មករស់នៅក្នុងភូមិកំណើតវិញ ដោយដាំដំណាំក្រូច។
សុខ វីន បានឃើញថាការនេសាទដោយឧបករណ៍ឆក់ និងគ្រាប់បែកបានផ្តល់ផលប៉ះពាល់ដល់ធនធានធម្មជាតិក្នុងភូមិ និងការរស់នៅប្រចាំថ្ងៃដល់អ្នកនេសាទដោយប្រើប្រាស់សន្ទូច និងមង សម្រាប់ដាក់ទឹក។ រីន បន្តថាមានអ្នកមកពីភូមិផ្សេងបានមកនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់។ វីន អំពាវអំនាវសូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលប៉ះពាល់ដល់អ្នករស់នៅជំនាន់ក្រោយ៕
សម្ភាសន៍ដោយ អុី រក្សា ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤