កុមាររបបខ្មែរក្រហម

(ព្រៃវែង)៖ តុង តក់ មានអាយុ៥១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានមុខរបបជាជាងសំណង់។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ គាត់ មានកូនពីរនាក់ ស្រីមួយ និងប្រុសមួយ។

តាមរយៈបទសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជា​ តក់ បានផ្តល់ព័ត៌តាមការចងចាំ និងការស្តាប់ពីចាស់ៗតំណាលប្រាប់ថា ក្នុងរបប លន់ នល់ នៅក្នុងភូមិឃុំមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។

ចូលដល់របបខ្មែរក្រហមឆ្នាំ១៩៧៥ តក់ មានអាយុប្រមាណជា៤ឆ្នាំ។ ក្នុងគ្រួសារគាត់មានសមាជិកចំនួន១១នាក់រួមមាន ឪពុក ម្តាយ និងបងប្អូន ៩នាក់។ ដំបូង​ខ្មែរ​ក្រហមឲ្យគាត់ និងគ្រួសាររស់នៅសហករណ៍មេបុណ្យ។ បន្ទាប់មកអង្គការបានជម្លៀសទៅតំបន់ស្វាយអន្ទរ និងក្រោយមកជម្លៀសគាត់ និងគ្រួសារមកសហករណ៍មេបុណ្យវិញ។

តក់ សិ្ថតនៅក្នុងកងកុមារត្រូវជួយធ្វើជី និងជញ្ជូនជីយកទៅដាក់នៅតាមគល់អំពៅនៅចំការ។ ក្នុងរបបនោះ​តក់ និងកុមារដទៃទៀតបានចូលរៀនប៉ុន្តែមិនបានដិតដល់ទេ។ ពេលព្រឹកនៅក្នុងកងកុមារកន្លែងគាត់ស្នាក់នៅចាស់ៗបានវាល់បបរចែកម្នាក់មួយវែក។ បងៗរបស់ តក់ ត្រូវរស់នៅកន្លែងផ្សេង និងត្រូវធ្វើការងារដូចជា ជីក​ប្រឡាយ និងលើកទំនប់ជាមួយយុវជនដទៃទៀត។

នៅក្នុងរបបខ្មែរក្រហមមីង និងបងៗជីដូនមួយរបស់ តក់ ជាច្រើនត្រូវបានខ្មែរក្រហមសម្លាប់នៅទួលជ្រៃ ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។

តក់ ក៏បានឃើញខ្មែរក្រហមប្រើប្រាស់បរិវេណវត្តមេបុណ្យធ្វើជាកន្លែងសម្រាប់ដាក់គ្រាប់កាំភ្លើង។ ចំណែកព្រះសង្ឃត្រូវបានចាប់ផ្សឹក និងបង្ខំឲ្យទៅធ្វើការងារដូចប្រជាជនទូទៅដែរ។

នៅចុងឆ្នាំ១៩៧៨ គាត់បានឃើញទាហានខ្មែរក្រហមធ្វើសង្គ្រាមជាមួយកងទ័ពរណសិរ្សរំដោះជាតិ។ ទាហានខ្មែរក្រហមបានប្រយុទ្ធចាញ់ក៏នាំគា្នរត់ និងមានបំណងចង់កៀរប្រជាជនទៅជាមួយ ប៉ុន្តែប្រជាជនធ្លាប់រង​ទុក្ខវេទនាដោយសារតែខ្មែរក្រហមបានបដិសេធ។

ពេលរបបខ្មែរក្រហមដួលរលំ តក់ បងៗ និងឪពុក​ម្តាយ​​​បានត្រឡប់មករស់នៅស្រុកកំណើតវិញឯភូមិព្រៃកណ្តៀងវិញ។ ក្នុងឆ្នាំ ១៩៨១ ទើប តក់ មានឱកាសបានចូលរៀនបានត្រឹមត្រូវនៅសាលាបឋមសិក្សាមេបុណ្យ។ គាត់រៀនបានត្រឹមថ្នាក់ទី៨ក៏ឈប់រៀន និងបានបួសជាព្រះសង្ឃ​។

តក់ មានជំងឺសន្លាក់ដៃ សន្លាក់ជើង ជំងឺរលាកពោះ វៀន និងធ្លាប់មានជំងឺបេះដូង និងជំងឺគ្រុនចាញ់​។ គាត់យល់ឃើញថា តុលាការខ្មែរក្រហមដែលបានសម្រេចសេចក្តីដាក់ទោសមួយជីវិតលើអតីតមេដឹកនាំខ្មែរក្រហមពិតជាយុត្តិធម៌មួយដ៏ល្អសម្រាប់ផ្លូវចិត្តជនរងគ្រោះ។

សម្ភាសន៍ដោយ ដារ៉ារដ្ឋ ថាន់ណា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin