ប្រជាជនមូលដ្ឋាន

(ព្រៃវែង)៖ អុជ អឿន មានអាយុ ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។

ក្នុងរបបសង្គមរាស្រ្តនិយម អឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀនបានត្រឹមថ្នាក់ទី៣ ក៏ឈប់រៀន។ ឆ្នាំ១៩៧១ គាត់បានរៀបការនៅភូមិព្រៃកំពែង និងមានកូនមួយ។

ក្នុងរបប នល់ នល់ អឿន បានឃើញក្នុងភូមិមានសង្រ្គាម និងការទម្លាក់គ្រាប់បែក។ គាត់ និងគ្រួសារបានរត់គេចពីការទម្លាក់គ្រាប់បែកដោយទៅពួននៅឆ្ងាយៗ តាមវាលស្រែ និងក្នុងព្រៃ។ អឿន ក៏បានឃើញផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ​ ប្រជាជន និងគោ ក្របីបានស្លាប់​។

ក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ក្នុងភូមិ និង​បានឲ្យប្រជាជនប្រមូលទ្រព្យសម្បត្តិ និងរបស់របរ​ប្រើ​ប្រាស់ផ្សេងៗទុកក្នុងសហករណ៍​។ អឿន និងគ្រួសារ​ត្រូវទៅរស់នៅក្នុងសហករណ៍ភូមិព្រៃកំពែង។ អង្គការ​បានប្រើគាត់ឲ្យដាំបាយក្នុងរោងបាយសម្រាប់កងចល័ត។

ក្រៅពីការងារដំាបាយ អឿន ក៏ត្រូវទៅកាប់អុស និង រដូ​វវស្សាគាត់ត្រូវទៅធ្វើស្រែ។ ចំណែកកូនត្រូវរស់នៅជាមួយចាស់ៗក្នុងកងកុមារ និងប្តីរបស់គាត់ត្រូវទៅបររទេះដឹកស្រូវ ដឹកស្បូវ ភ្ជួរ​ស្រែ រែក និងជីកដីធ្វើទំនប់ប្រឡាយនៅឆ្ងាយពីភូមិ។

ក្រោយមក អឿន ត្រូវបានប្តូរការងារឲ្យទៅជីក និងរែកដីធ្វើថ្នល់ ដែលជាការងារគាត់ទទួលរងការលំបាកជាងគេ​ក្នុងរបបខ្មែរក្រហម ព្រោះអង្គការបានកំណត់ម៉ែត្រ​ឲ្យគាត់ជីក។ ទោះបីជាយ៉ាងណា អឿន និយាយថាបើប្រៀ​ប ធៀបគ្រួសារគាត់ និងប្រជាជនថ្មីគឺ​គ្រួសារ​គាត់មានស្ថានភាពងាយស្រួលជាង។ ប្រជាជនថ្មីដែលជម្លៀសមកពីភ្នំពេញត្រូវបានអង្គការប្រើឲ្យធ្វើការងារច្រើន និង​ទទួលបានរបបអាហារតិចជាងប្រជាជនចាស់។ ខ្មែរ​​ក្រហមតែងធ្វើប្រវត្តិរូប និងបាននាំទៅសម្លាប់ពេលដែល​ដឹងថាប្រជាជនថ្មីនោះធ្លាប់ជាមន្រ្តីរាជការពីរបបមុន។

ក្នុងរបបខ្មែរក្រហម អឿន ធ្លាប់មានជំងឺគ្រុនក្តៅខ្លាំង ត្រូវបានបញ្ជូនទៅពេទ្យនៅភូមិស្តៅដើម្បីព្យាបាល។ គាត់ព្យាបាលនៅទីនោះបានរយៈពេល២ខែ ទើបជាសះស្បើយ និងបានត្រឡប់មករស់នៅ​ក្នុងសហករណ៍ភូមិព្រៃកំពែងវិញ​។

អឿន ធ្លាប់ឃើញការរៀបការក្នុងរបបខ្មែរក្រហម។ ការរៀបការគឺអង្គការជាអ្នករៀបចំ និងចាត់ចែងទាំងអស់គ្មានសមាជិកគ្រួសាររបស់អ្នករៀបការបានចូលរួមទេ។ អ្នកធ្វើការងារធំៗក្នុងសហករណ៍គឺជាអធិបតីក្នុងពិធី។ ពិធីធ្វើឡើងភាគច្រើននៅពេលល្ងាច និងមានរយៈពេលខ្លី​។​

អឿន បានដឹងថាក្នុងភូមិមានកន្លែងដែលខ្មែរក្រហមប្រើសម្រាប់សម្លាប់មនុស្សគឺនៅទួលជ្រៃ និងទួលចាន់។ ប្រជាជនស្លូតត្រង់គ្មានកំហុសជាច្រើនត្រូវបានសម្លាប់នៅទួលនោះ។

អឿន ក៏បានឃើញខ្មែរក្រហមបំបាត់សាសនាតាម     រយៈការ​បំផ្លាញវត្តអារាម ផ្សឹកព្រះសង្ឃ បង្ខំឲ្យព្រះសង្ឃទៅធ្វើការងារដូចប្រជាជន និងយកបរិវេណវត្តធ្វើជាឃ្លាំងសម្រាប់ដាក់ស្រូវ អង្ករជាដើម។

បច្ចុប្បន្ន អឿន មានជំងឺបេះដូង ជំងឺក្រពះ ជំងឺពោះ​វៀន និងជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង។

សម្ភាសន៍ដោយ ដារ៉ារដ្ឋ ថាន់ណា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin