ដឹកជញ្ជូនស្រូវទាំងកូនខ្ចី
(រតនគិរី)៖ គឿន ភើត អាយុ ៩០ ឆ្នាំ សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។
នៅពេលខ្មែរក្រហមបានគ្រប់គ្រងអំណាច បងថ្លៃរបស់ គឿន ភើត ត្រូវបានឃុំឃាំងនៅក្នុងគុក។ គាត់បានទៅតស៊ូជាមួយ តាឈួល តាប្លូម និង តាឌឿ សម្រាប់ការដោះលែងបងថ្លៃឈ្មោះ តាថួម។ ភើត តែងតែយកអាហារទៅឲ្យតាថួម ដែលជាប់ឃុំ។ ភើត បានអះអាងថាតាថួម មិនបានធ្វើខុសអ្វីនោះទេ តែត្រូវកម្លាំងខ្មែរក្រហមចាប់ខ្លួនម្តងហើយម្តងទៀត និងធ្វើទារុណកម្មនៅក្នុងគុក។
គឿន ភើត បានរស់នៅតាមសហករណ៍ និងតាមក្រុមខាងស្រែណងដាន ដែលតាំងពីការបង្កើតដំបូងមានតាស្វាំងជាប្រធានក្រុម។ ក្រៅពីការរកអុស ភើត ត្រូវច្រូតស្រូវ បុកស្រូវ អុំស្រូវ ជីកប្រឡាយ លើកភ្លឺស្រែ និងជីកស្រះជាដើម។
នៅតាមសហករណ៍ គឿន ភើត ត្រូវងើបពីព្រលឹមដោយធ្វើពលកម្មរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ទើបបានសម្រាក និងបរិភោគអាហារ។ ភើត បានបន្តធ្វើពលកម្មពីម៉ោង ១ រហូតដល់ម៉ោង ៥ ល្ងាចទើបបានសម្រាក។ ក្នុងមួយថ្ងៃមានអាហារពីរពេល គឺថ្ងៃត្រង់ និងល្ងាចប៉ុណ្ណោះ។
ចំពោះ ភើត របបខ្មែរក្រហមគឺជារបបដែលសាហាវ និងឃោរឃៅក្នុងមួយឆាកជីវិតរបស់គាត់។ គាត់បន្តថាខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើការដោយគ្មានពេលសម្រាក និងបរិភោគមិនគ្រប់គ្រាន់ គ្មានសេរីភាព និងព្រាត់ប្រាសពីក្រុមគ្រួសារទៅតាមកងការងាររៀងៗខ្លួន។
ឆ្នាំ ១៩៧៨ ភើត បានមករស់នៅក្រុមខាងស្រែណាង៉ាម ដែលពេលនោះគាត់ត្រូវដងទឹក ជីកប្រឡាយ ជីកគាស់ដំឡូង ដកស្រូវ លីសែងស្រូវ ស្ទូងស្រូវ និងដឹកជញ្ជូនស្រូវទាំងកូនខ្ចី ដោយគ្មានពេលឈប់សម្រាកគ្រប់គ្រាន់ និងហូបតែបបរលាយជាមួយដើមចេក។ ផ្លែចេកមិនត្រូវអនុញ្ញាតឲ្យបេះហូបនោះទេនៅសម័យខ្មែរក្រហម។
នៅចុងឆ្នាំ ១៩៧៨ មានការរំដោះដោយកងទ័ពវៀតណាម នៅពេលនោះប្រជាជនមានការភ័យខ្លាច និងបានរត់ពូនក្នុងព្រៃដើម្បីគេចខ្លួនពីកងទ័ពវៀតណាម។ ប្រជាជនទាំងនោះក៏ដូចជា គឿន ភើត បានជួបការលំបាកវេទនា ដោយព្រាត់ប្រាសកូនចៅ គ្មានអាហារសម្រាប់បរិភោគ និងខ្លះបានបាត់បង់ជីវិត៕
សម្ភាសន៍ដោយ កុច សាដៀក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤