បាត់បង់ជីវិតដោយសារពុលក្តួច
(រតនគិរី)៖ ប្លូប ក្លម មានអាយុ៧២ឆ្នាំ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ សព្វថ្ងៃ ក្លម ប្រកបមុខរបរជាប្រជាកសិករ។
នៅសម័យខ្មែរក្រហម ក្លម គឺជាអ្នកធ្វើការងារនៅផ្ទះបាយ ដោយធ្វើការងារមិនច្រើនប៉ុន្មាននោះទេ។ ក្លម ក៏បានធ្លាប់ឆ្លងកាត់ការប្រជុំ និងការបណ្ដុះបណ្ដាលអំពីវិធីធ្វើម្ហូបអាហារនៅក្នុងផ្ទះបាយផងដែរ។ គាត់បានចាប់ផ្ដើមការងារតាំងពីការបង្កើតសហករណ៍នៅភូមិរ៉ក និងភូមិឡាឡៃ។ ក្លម រស់នៅស្រែណងដានអស់រយៈពេលប្រហែលជា ២ ទៅ ៣ឆ្នាំ។
ក្លម បាននិយាយថា គាត់មិនបានឃើញការសម្លាប់មនុស្សដោយផ្ទាល់ភ្នែកនោះទេ នៅកន្លែងដែលគាត់ធ្វើការ មានតែការជេរស្តី ចំពោះការងារយឺតយ៉ាវប៉ុណ្ណោះ។ ក៏ប៉ុន្តែសម្រាប់សហករណ៍ឯទៀតមានការបង្អត់អាហារ ឬឲ្យហូបបបរលាយជាមួយដើមចេក តែមួយចានតូចប៉ុណ្ណោះ ក្រោយពីការស្ដីបន្ទោស។
ការបរិភោគក្នុងមួយថ្ងៃមានពីរពេល គឺពេលព្រឹក និងពេលសម្រាកថ្ងៃត្រង់។ នៅឆ្នាំ១៩៧៥ ការហូបចុកមានការខ្វះខាត និងពីរឆ្នាំក្រោយមកទៀត មានការបង្អត់អាហារ។ ប៉ុន្តែសម្រាប់ភូមិរ៉ក និងភូមិឡាឡៃ មានការចែកស្រូវដែលប្រមូលផលបានពីស្រែណងដាន។ ស្រូវបានពីស្រែត្រពាំងវែងសម្រាប់ភូមិឡាមើយ និងស្រែណាង៉ាម សម្រាប់ក្រុមសហករណ៍នៅត្រើយម្ខាងទៀត ក្លម បានលើកឡើងថាគ្រាប់ពូជស្រូវ គឺបានមកពីការដោះដូរជាមួយប្រជាជនឡាវ។
នៅក្នុងសហករណ៍របស់គាត់ មានការលើកភ្លឺស្រែ និងទំនប់ប្រឡាយនៅស្រែប្រឡង់ ដែលមានកម្ពស់ប្រហែលជាបីម៉ែត្រ ដោយជីកដី លើកដី និងបង្ហាប់ដី អស់រយៈពេល បីខែ ហើយ ក្លម បានបន្តថា មានស្ត្រីមានផ្ទៃពោះម្នាក់បានរលូតកូននៅកំពុងពេលធ្វើការនៅទំនប់នោះ។ នៅរដូវច្រូតកាត់ កងចល័តត្រូវធ្វើការច្រូតស្រូវនៅពេលថ្ងៃ និងដឹកជញ្ជូនស្រូវនៅពេលយប់។
នៅចុងឆ្នាំ១៩៧៨ នៅពេលកងចល័តកំពុងច្រូតស្រូវ កងទ័ពរំដោះបានចូលមកដល់នៅពេលយប់ បានធ្វើឲ្យ ប្រជាជនភ័យស្លន់ស្លោ រត់គេចខ្លួនចូលព្រៃ ដោយបានព្រាត់ប្រាសកូនចៅ និងបាត់បង់ជីវិតដោយគា្មនអាហារបរិភោគ និងខ្លះបាត់បង់ជីវិតដោយសារពុលក្តួច៕
សម្ភាសន៍ដោយ កុច សាដៀក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤