គ្មានសេចក្តីមេត្តា

និក យយ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  និក យយ មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

គាត់បានរៀបរាប់ថា ការរស់នៅក្នុង​របបខ្មែរក្រហមមានការលំបាក ដោយសារការហូបចុកមិនគ្រប់គ្រាន់ ដែល​ហូបទៅតាមការកំណត់របស់អង្គការ។ ចំពោះការងារប្រចាំថ្ងៃវិញ គឺធ្វើពលកម្មដោយហួសកម្លាំងទាំងយប់ទាំងថ្ងៃ។

សម្ភារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ត្រូវដាក់ជារបស់សមូហភាព ចំពោះអ្នកដែលបដិសេធ អ្នកទាំងនោះត្រូវបានខ្មែរក្រហមយកទៅសម្លាប់ នៅភូមិឡាមើយ ភូមិត្រាក់ និង​ភូមិតាវែង។

នៅឆ្នាំ ១៩៧៥ និក យយ រស់នៅស្រែណង។ នៅប៉ុន្មានខែក្រោយមកគាត់ជម្លៀសទៅរស់នៅតាមសហករណ៍​ ដែលក្នុងនោះមានអ្នកភូមិមកពីភូមិឡាឡៃ និងភូមិតាស្វាំង។

កាលនោះគាត់នៅក្នុងកងកុមារ អង្គការតម្រូវឲ្យគាត់ប្រមូលលាមកដើម្បីធ្វើជី អ្នកដែលមិនអនុវត្តតាមបញ្ជារបស់អង្គការនឹងត្រូវណែនាំដោយបង្អត់អាហារ ឬត្រូវធ្វើការដោយគ្មានពេលឈប់សម្រាកទាំងហាលថ្ងៃហាលភ្លៀង និងត្រូវបានកងឈ្លបឃ្លាំមើលរហូតទល់តែបញ្ចប់ការងារទាំងនោះ។

ក្រោយមក និក យយ ត្រូវ​បាន​ចាត់ចូលក្នុង​កងចល័ត ដោយត្រូវលើកភ្លឺស្រែ រែកដី ជីកប្រឡាយ និងលើកទំនប់អស់រយៈពេល២ខែ។ នៅរដូវប្រមូលផលបានមកដល់ យយ ត្រូវជួយធ្វើម្ហូប រែកទឹកពីអូរឡាឡៃ ដែលមានចម្ងាយប្រហែលជា ៥គីឡូម៉ែត្រពីរោងបាយដែល យយ ធ្វើការ។

ប្រជាជនទាំងចាស់ទាំងក្មេងត្រូវបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក ដោយគ្មានសេចក្តីមេត្តា ឬអាណិតអាសូរបន្តិចសោះឡើយពីរបបខ្មែរក្រហម។ កុមារត្រូវបញ្ជាឲ្យរែកដីដោយហួសកម្លាំង រហូតដល់ធ្លាក់ខ្លួនឈឺ ឬរងរបួសដែលបណ្តាលឲ្យកុមារមួយចំនួនបានបាត់បង់ជីវិត។ កត្តាផ្សេងទៀតរួមមាន ការហូបចុកមិនគ្រប់គ្រាន់ដូចជាបបរមួយកូនចាន ដែលខ្វះជីវជាតិសម្រាប់ការលូតលាស់របស់រាងកាយ។

ក្នុងនាមជាកុមារមួយរូបនៅសម័យខ្មែរក្រហម និក យយ បាននិយាយថារបបខ្មែរក្រហមជារបបដ៏ឃោរឃៅបំផុតដែលសម្លាប់ប្រជាជនខ្លួនឯង នេះជារឿងរ៉ាវដែលគាត់ចាំមិនភ្លេច និងគាំទ្រដល់ដំណើរការកាត់ទោសមេដឺកនាំខ្មែរក្រហមកន្លងមកដែលផ្តល់យុត្តិធម៌ដល់រូបគាត់។

ជាចុងក្រោយ និក យយ សំណូមពរឲ្យអ្នកជំនាន់ក្រោយបានសិក្សានិងដឹងអំពីរបបដ៏ឃោរឃៅមួយនេះ៕

សម្ភាសន៍ដោយ កុច សាដៀក​ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin