ខ្មាំងរបស់អង្គការ

ផើល ផាន់ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ផើល ផាន់ មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

នៅមុនឆ្នាំ១៩៧០ ផាន់ និងគ្រួសាររស់នៅតាមតំបន់ព្រៃ។  ក្រោយមកនៅនៅក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហមតំបន់ព្រៃទាំងនោះត្រូវ​បាន​ដុត ដចនេះប្រជាជនត្រូវបានជម្លៀសមកឲ្យរស់នៅតាមក្រុមនៅថ្មតយ ដោយរស់នៅរួម ហូបរួម និងធ្វើការរួម។ សម្ភារៈផ្ទាល់ខ្លួនត្រូវបានប្រមូលដាក់ជារបស់រួម។ បន្ទាប់ពីរស់នៅរួមបានមួយឆ្នាំដំបូង ក្រោយមកខ្មែរក្រហមឲ្យរស់នៅតាមផ្ទះរៀងខ្លួន និងហូបបាយតាមក្រុមនីមួយៗ។ នៅសម័យនោះ ផាន់ មានតែសម្លៀកបំពាក់តែពីរសម្រាប់ប៉ុណ្ណោះ គឺមួយសម្រាប់ពាក់ពេលថ្ងៃនិងមួយទៀតសម្រាប់ពាក់ពេលយប់។

នៅប្រហែលឆ្នាំ១៩៧៣ ដល់ ឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្កើតសហករណ៍ ដែលមានភាពតឹងតែងក្នុងការរស់នៅ។ ផាន់ ធ្វើស្រែនៅណងដានអស់រយៈពេលបីឆ្នាំ ក្រោយមកប្តូរទៅរស់នៅស្រុកតាវែង និងស្ទឹងត្រែង។ នៅស្ទឹងត្រែង ផាន់ ធ្វើជាងឈើ និងខ្ទះសម្រាប់ចម្អិនម្ហូប។

នៅស្រែណងដាន ផាន់ ត្រូវលើកភ្លឺស្រែ លើកទំនប់ ពីម៉ោង៤ ភ្លឺរហូតដល់ ១០យប់ ដែលនៅពេលយប់គេបានប្រើប្រាស់ប្រេងសម្រាប់ដុតបំភ្លឺកន្លែងដែលធ្វើការ។ គាត់ទទួលបានត្រឹមតែមួយថ្ងៃបាយពីរពេល គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច ដែលហូបមិនគ្រប់គ្រាន់។ បើប្រៀបធៀបនឹងការងារដែលត្រូវធ្វើក្នុងមួយថ្ងៃៗ។ ក្រោយពីធ្វើការរួច នឹងមានការប្រជុំទាក់ទងទៅនឹងការងារប្រចាំថ្ងៃ ដែលពីមួយថ្ងៃទៅមួយថ្ងៃការងារកាន់តែពិបាកឡើងៗ និងកាប់សម្លាប់ប្រជាជនកាន់តែច្រើនឡើង។ អ្នកដែលមានទ្រព្យសម្បត្តិច្រើន និងអ្នកដែលបេះដំណាំជុំវិញផ្ទះហូបក៏ត្រូ​វ​បាន​ចាប់​យកទៅសម្លាប់ដែរ។

នៅសម័យនោះ មានការរៀបការជាជួរៗ ដោយគ្មានការជំទាស់។ បន្ទាប់ពីរៀបការរួច​ប្តីប្រពន្ធ បែរជាមិនអាច​រស់នៅជាមួយគ្នាទៅវិញ។ អ្នកដែលធ្វើខុសពីការណែនាំរបស់អង្គការត្រូវបានសម្លាប់ទាំងគូរ។

អង្គការខ្មែរក្រហមបានគាបសង្កត់ប្រជាជនខ្មែរឲ្យធ្វើការដោយគ្មានពេលសម្រាក បង្អត់អាហារ ឬយកទៅសម្លាប់ដោយចោទប្រកាន់ថា ជាខ្មាំងរបស់អង្គការ។

នៅពេលដែល ផាន់​ មានជំងឺមិនអាចទៅធ្វើការបាន ខ្មែរក្រហមចោទគាត់ថា មានល្បិច និងខ្ជិល ដោយបង្អត់បាយទើបគាត់ធ្លាក់ខ្លួនឈឺកាន់តែខ្លាំងទើបឲ្យសម្រាកនៅមន្ទីរពេទ្យមួយសប្តាហ៍។  ជាចុងក្រោយ គាត់សង្ឃឹមថាក្មេងៗជំនាន់ក្រោយចងចាំ និងចូលរួមទប់ស្កាត់ការវិលត្រឡប់សារជាថ្មីនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា៕

សម្ភាសន៍ដោយ កុច សាដៀក​ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin