កំណាត់សំពត់

ផុន ឆឿម រស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ផុន ឆឿម អាយុ ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍។ ឆឿម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

នៅសម័យកម្ពុជាប្រជាធិបតេយ្យ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ និងស្ទូងស្រូវជាជួរៗនៅឯស្រែណងដាន។ អ្នកដែលធ្វើការងាររួចទៅតាមប្លង់ស្រែ ដែលខ្មែរក្រហមចែកឲ្យ អាចទៅសម្រាកមុនបាន តែសម្រាប់អ្នកធ្វើមិនទាន់ហើយ ត្រូវធ្វើឲ្យហើយដល់យប់ ទើបបានបាយសម្រាប់​ហូប។ ការជក់បារីរបស់ជនជាតិដើមភាគតិចត្រូវបានហាមឃាត់ បើខ្មែរក្រហមឃើញជក់បារី ខ្មែរក្រហមនឹងយកបារីនោះទៅដុតចោល និង ទ្រព្យសម្បត្តិផ្សេងៗត្រូវដាក់ជារបស់រួម ឬដាក់ជារបស់សមូហភាព។

ឆឿម និងអ្នកឯទៀតត្រូវភ្ញាក់ទៅធ្វើការពីព្រលឹម ដោយសម្រាកមិនបានគ្រប់គ្រាន់ និងក៏ដូចជាហូបមិនបានគ្រប់គ្រាន់ទៅតាមសហករណ៍នីមួយៗ។ ប្រជាជនត្រូវដកសំណាប និងស្ទូង ដោយម្នាក់ៗតម្រូវឲ្យធ្វើមួយថ្ងៃមួយប្លង់ដែលគេចែកឲ្យតាមការណែនាំ។

ក្រៅពីការងារទាំងនោះមានដូចជា ច្រូតស្រូវ បុកស្រូវ អុំស្រូវ ជីកប្រឡាយ និងលើកភ្លឺស្រែជាដើម តាំងពីម៉ោង ៤ ព្រឹករហូតដល់ម៉ោង៦ល្ងាច ដែលសម្រាកមួយម៉ោងប៉ុណ្ណោះ គឺនៅម៉ោង១២ ថ្ងៃត្រង់ដល់ ១ រសៀល។ មនុស្សចាស់ត្រូវធ្វើការធ្ងន់ ដោយមិនហ៊ានប្រកែក និងខ្លាចការដាក់ទោសប្រហារជីវិតរបស់ខ្មែរក្រហម។

ប្រជាជនមានការមិនពេញចិត្តចំពោះទង្វើរបស់ខ្មែរក្រហម ក្នុងការបង្អត់អាហារ បង្ខិតបង្ខំក្នុងការធ្វើការហួសកម្លាំង អ្នកដែលបង្ហាញការមិនពេញចិត្ត និងរឹងទទឹង ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ដោយថា យកទៅរៀនសូត្រ ឬយកកំណាត់សំពត់មកបិទភ្នែក និងបាញ់ទម្លាក់ចូលក្នុងរណ្ដៅដោយមិនឲ្យអ្នកដទៃឃើញសាកសព។

ទាំងនេះជាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាននឹងត្រូវចងក្រងទុកសម្រាប់អ្នកជំនាន់ក្រោយ។ គាត់បន្តថានេះជារបបដែលគួរឲ្យស្អប់ខ្ពើម និងឃោរឃៅ ហើយរបបនេះបានសម្លាប់មនុស្សអស់ជាច្រើននាក់។

ផុន ឆឿម សង្ឃឹមថា អ្នកជំនាន់ក្រោយបានដឹងអំពីប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់អ្នក ដែលរស់រានមានជីវិត និងឆ្លងកាត់របបនេះ។ ជាចុងក្រោយ ឆឿម បានគាំទ្រចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហមក្នុងការដាក់ពន្ធនាគារអស់មួយជីវិត និងជឿជាក់ថា ការកាត់ទោសនេះ នឹងចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការត្រឡប់មកវិញនៃរបបខ្មែរក្រហម៕

សម្ភាសន៍ដោយ កុច សាដៀក​ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin