សេចក្តីរាយការណ៍ពីស្ថានភាពជម្លៀសប្រជាជន ទីតាំងឧក្រិដ្ខកម្មប្រល័យពូជសាសន៍ និងភស្តុតាងនៃការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហម នៅក្នុងខេត្តស្វាយរៀង

ប៉ុន្មានឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ដំណើរការស្រាវជ្រាវពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅគ្រប់ខេត្តក្រុងទាំងអស់។ ខេត្តស្វាយរៀង ជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលមានភារកិច្ចរាយការណ៍ពីទីតាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលបានកើតមាននៅក្នុងរបបខ្មែរក្រហម និងភស្តុតាងនានាដែលបង្ហាញឲ្យឃើញពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ ប្រាប់ទៅគណៈកម្មការស្រាវជ្រាវ។ ឯកសារមួយច្បាប់លេខ D000365 មាន៣៨ទំព័រ តម្កល់នៅក្នុងបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបរាប់ពីសម្តីរបស់ សូរ ទិត ជាអនុប្រធានមន្ទីរឃោសនាការ វប្បធម៌ និងព័ត៌មានខេត្តស្វាយរៀង ក្នុងកិច្ចសម្ភាសមួយជាមួយគណៈប្រតិភូទទួលបន្ទុកកិច្ចការស្រាវជ្រាវពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ។ នៅក្នុងកិច្ចសម្ភាសនេះ សូរ ទិត បានរៀបរាប់ពីអ្វីដែលខ្លួនបានដឹង និងឃើញផ្ទាល់ភ្នែក។ ទិត បានប្រាប់ទៅគណៈប្រតិភូស្រាវជ្រាវថា ការរៀបរាប់នេះ ជាការរៀបរាប់ត្រួសៗ និងមិនអស់សេចក្តីពេកទេចំពោះមណ្ឌលឧក្រិដ្ឋកម្ម និងទ្រព្យសម្បត្តិដែលបានខូចខាត។ តាមរយៈសំណេរដោយដៃដែលចម្លងចេញពីកិច្ចសម្ភាស សូរ ទិត រៀបរាប់បីចំណុចសំខាន់ៗគឺ៖ ១) ការជម្លៀសប្រជាជន, ២) ការបង្កើតមន្ទីរសន្តិសុខ និង ៣) ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ។

១) ការជម្លៀសប្រជាជន

ការជម្លៀសប្រជាជននៅខេត្តស្វាយរៀង បានកើតឡើងភ្លាមៗបន្ទាប់ពីទទួលបានជ័យជម្នះរបស់ខ្មែរក្រហមថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ​ អង្គការខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីរួមខេត្តស្វាយរៀង ឲ្យទៅរស់នៅទីជនបទដាច់ស្រយាល។ មុនដំបូង ខ្មែរក្រហមបានប្រាប់ប្រជាជនថា ប្រជាជនទាំងអស់ត្រូវជម្លៀសទៅរស់នៅក្នុងភូមិកំណើត។ ទិត បានរៀបរាប់ថា អ្នករស់នៅក្នុងទីរួមខេត្តទាំងអស់ ត្រូវបានបណ្តេញចេញពីផ្ទះសម្បែង ឲ្យទៅរស់នៅតាមទីជនបទដាច់ស្រយាល និងទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ។ ប៉ុន្តែក្រោយមកកម្មាភិបាលបន្តជម្លៀសប្រជាជនពីកន្លែងមួយទៅកន្លែងមួយទៀតឥតឈប់ឈរ។ តាមសម្តីរបស់ ទិត ក្នុងពេលសម្ភាស បានឲ្យដឹងថា ខ្មែរក្រហមបានភូតកុហកប្រជាជន ចំពោះព្រឹត្តិការណ៍ជម្លៀសនេះ ព្រោះថាប្រជាជនដែលបានចាកចេញពីទីរួមខេត្តស្វាយរៀងទាំងប៉ុន្មាន គឺមិនបានចូលទៅកាន់ស្រុកកំណើតរបស់ខ្លួនដូចការណែនាំរបស់ខ្មែរក្រហមឡើយ។ ទិត បានបន្តថា ក្នុងរយៈពេលបីបួនខែបន្ទាប់ពីខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនច្រើនដងបន្តទៀត។

រហូតដល់ឆ្នាំ១៩៧៦ ការជម្លៀសនេះ នៅតែកើតមានឡើងចំពោះប្រជាជន។ នៅដើមឆ្នាំ១៩៧៦ ដោយសារតែប្រជាជនទទួលរងនូវការធ្វើបាបខ្លាំងពេក ទើបអ្នកទាំងនោះ លួចរត់ចូលទៅរស់នៅក្នុងទឹកដីវៀតណាម ហើយអង្គការបញ្ជូនប្រជាជនចាស់ឲ្យទៅរស់នៅតាមព្រំដែនជំនួសវិញ។ នៅក្នុងសេចក្តីរាយការណ៍របស់ ទិត បានឲ្យដឹងថា ខ្មែរក្រហមបានផ្លាស់ប្តូរទីកន្លែងរស់នៅរបស់ប្រជាជន ពីការរស់នៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម ឲ្យចូលមករស់នៅខាងក្នុងខេត្ត ហើយប្រជាជនចាស់ (ប្រជាជនមូលដ្ឋាន) ត្រូវផ្លាស់ប្តូរទៅរស់នៅតាមព្រំដែនកម្ពុជាវៀតណាមជំនួសវិញ។ ទិត បានពន្យល់ហេតុផលថា ជាការដោះដូរដើម្បីការពារការលួចរត់ចូលទៅកាន់ប្រទេសវៀតណាម។ របាយការណ៍នេះ ក៏បានបន្ថែមថា ទោះបីជាមានការដោះដូរប្រជាជនដូច្នេះក៏ដោយ ក៏ប្រជាជនមូលដ្ឋានខ្លះនៅតែលួចរត់ចូលទៅរស់នៅក្នុងប្រទេសវៀតណាម ដោយហេតុផលថា ពិបាករស់នៅ គ្មានការហូបចុកគ្រប់គ្រាន់ និងធ្វើការហួសកម្លាំង។ ប្រជាជនថ្មីមួយចំនួនតម្រូវឲ្យទៅរស់នៅឆ្ងាយពីព្រំដែន ហើយមួយចំនួនទៀតត្រូវខ្មែរក្រហមនាំយកទៅសម្លាប់ចោល។ នៅដើមឆ្នាំ១៩៧៧ ប្រជាជននៅតាមព្រំដែនខេត្តស្វាយរៀងនៅតែបន្តរត់ចូលទៅប្រទេសវៀតណាម ហើយមួយចំនួនទៀតត្រូវបានកងទ័ពវៀតណាមរំដោះយកទៅទៀត ទើបធ្វើឲ្យខ្មែរក្រហមជម្លៀសប្រជាជជនចេញពីផ្នែកខាងកើតក្រុងទៅខាងលិចក្រុងស្វាយរៀងវិញ។ នៅចុងឆ្នាំ១៩៧៧  អង្គការបានជម្លៀសប្រជាជនពីខេត្តស្វាយរៀងកាន់តែច្រើនឡើងៗដើម្បីឲ្យទៅរស់នៅខេត្តមួយចំនួនដូចជា ព្រៃវែង, កណ្ដាល, តាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង, ជាពិសេសនៅខេត្តពោធិ៍សាត និងបាត់ដំបង។ ប្រជាជនដែលបានជម្លៀសទៅជាច្រើនអ្នកបានស្លាប់ ដោយសារការអត់អាហារ ការសម្លាប់របស់កងឈ្លបនៅតាមផ្លូវ ការធ្វើការធ្ងន់ និងមួយចំនួនទៀតគឺស្លាប់ដោយសារជំងឺ។

២) មន្ទីរសន្តិសុខនៅក្នុងខេត្តស្វាយរៀង

ខ្មែរក្រហមបានបង្កើតមន្ទីរសន្តិសុខជាច្រើននៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានស្រាវជ្រាវឃើញមន្ទីរសន្តិសុខចំនួន ១៩៧ កន្លែងក្នុងទូទាំងប្រទេស។ ក្នុងសេចក្តីរាយការណ៍របស់ សូរ ទិត បានរៀបរាប់ថា មន្ទីរសន្តិសុខក្នុងខេត្តស្វាយរៀង មាន ច្រើនកន្លែង នៅសងខាងផ្លូវជាតិ។ នៅខាងជើងផ្លូវជាតិមានទីតាំងសន្តិសុខ៤កន្លែងគឺ វត្តធ្លក, វត្តទ្រា, ឬស្សីដុំ និងបឹងរ៉ៃ។ បើតាមព័ត៌មានប្រជាជនក្នុងតំបន់នោះបាននិយាយថា ទាហានសម័យ លន់ នល់ ជាច្រើន ដែលអង្គការជម្លៀសចេញពីទីរួមខេត្តស្វាយរៀង គឺយកទៅសម្លាប់នៅវត្តធ្លក និងវត្តទ្រា។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានផ្លាស់ប្ដូរមន្ទីរសន្ដិសុខពីវត្តធ្លក និងវត្តទ្រា ទៅនៅបឹងរ៉ៃ និងឬស្សីដុំ។ នៅបឹងរ៉ៃ អ្នកស្លាប់ភាគច្រើនជាប្រជាជន និងយោធាខ្មែរក្រហមដែលបានក្រោកឈរប្រឆាំងនឹងអង្គការ។ នៅពេលមានសង្គ្រាមរវាងយោធាខ្មែរក្រហម ជាមួយកងទ័ពរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គការបានផ្ទេរអ្នកទោសទាំងអស់មកដាក់នៅក្នុងមន្ទីរសន្តិសុខឬស្សីដុំ ជាកន្លែងដែលអ្នកទោសប្រមាណ២៥០០០នាក់ត្រូវបានសម្លាប់ចោល។ ទិត បានរាយការណ៍ថា អ្នកស្លាប់ភាគច្រើនមកពី ស្រុកប្រសូត្រ ស្រុកចន្ទ្រា ស្រុកកំពង់រោទ៍ ស្រុកមានជ័យ និងស្រុកស្វាយរៀង។ ចំណែកអ្នកទោសមួយចំនួនដែលមិនទាន់បានសម្លាប់ គឺត្រូវអង្គការផ្ទេរមកកាន់វត្តអាគ្រាជក្នុងខេត្តព្រៃវែង ហើយវាសនាអ្នកទាំងនោះក៏ត្រូវបានសម្លាប់ចោលនៅពេលក្រោយមកដែរ។ វត្តអាគ្រាជ មានទីតាំងស្ថិតនៅជិតក្រោលគោ ខាងលិចឃុំព្រៃឈរ។ ចំណែកអ្នកទោសខ្លះទៀត ត្រូវបានសម្លាប់ទម្លាក់ក្នុងទន្លេអ្នកលឿង។ នៅវត្តអាគ្រាជ ក្រុមកងឈ្លប សម្លាប់ប្រជាជនទាំងថ្ងៃ និងបានចាក់មេក្រូដើម្បីកុំឲ្យឮសម្លេងស្រែក។ ប្រជាជនខេត្តស្វាយរៀងមួយចំនួន បានប្រទះឃើញសាកសពបងប្អូនសាច់ញាតិរបស់ខ្លួនដែលស្លាប់នៅក្នុងទឹកទន្លេអ្នកលឿងទាំងជាប់ចំណង។ ចំណែកនៅខាងត្បួងថ្នល់ជាតិ មាន

មន្ទីរសន្តិសុខវត្តស្លា, វត្តឈើទាល, ល្វា (ជិតវត្តជ្រាំង ស្រុកស្វាយរៀង), វត្តតាសួស ក្នុងឃុំតាសួស, វត្តស្វាយទន្ទឹម ក្នុងស្រុករមាសហែក, នៅឃុំគគីរសោម ស្រុកប្រសូត្រ និងមន្ទីរសន្តិសុខវត្តឬស្សីសាញ់…។ ទិត បានប្រាប់ទៅគណៈប្រតិភូស្រាវជ្រាវថា សាច់ញាតិរបស់គាត់ធ្លាប់ជាប់ឃុំឃាំង នៅក្នុងមន្ទីរសន្តិសុខល្វា។ ចំណែកប្រពន្ធ និងកូនស្រីរបស់ ទិត ក៏ត្រូវខ្មែរក្រហមចាប់ដាក់ក្នុងមន្ទីរសន្តិសុខដែរ ដោយមូលហេតុគាត់ មានបំណងរត់ចូលទឹកដីវៀតណាមតាមច្រកកំពង់ត្របែក។ ទិត បាននិយាយថា គាត់បានឃើញទិដ្ឋភាពនៅក្នុងគុកមួយកន្លែង។ គាត់និយាយថា «នៅក្នុងមន្ទីរសន្តិសុខ ខ្ញុំឃើញអ្នកទោសមានអាការៈស្គមស្គាំង ធំតែក្បាលជង្គង់ទេ ព្រោះខាងសន្តិសុខគុកឲ្យយើងហូបទឹកបបរកន្លះវែក។ អ្នកទោសមួយចំនួនទៀតមានជំងឺហើម ព្រោះមិនមានជាតិអំបិលចូលក្នុងខ្លួន។ នៅក្នុងគុកគឺសម្រាកមិនបានទេ ព្រោះមានសត្វសង្កើចជាច្រើនរោមដូចស្រមោចអ៊ីចឹង។ នៅទីនោះ ខ្ញុំស្គាល់សាស្រ្ដចារ្យម្នាក់ធ្លាប់បង្រៀននៅវិទ្យាល័យស្វាយរៀង ឈ្មោះ ម៉ៅ នង។ អង្គការបានយកគាត់ទៅបាត់ បន្ទាប់ពីខ្ញុំបានជួបគាត់បីបួនថ្ងៃមុន ហើយខ្ញុំគិតថាគាត់បានស្លាប់បាត់ទៅហើយ។» ទិត បានរាយការណ៍ពីមន្ទីរសន្តិសុខនៅវត្តស្វាយទន្ទឹមថា មានអ្នកស្លាប់ប្រមាណ ៥០០០ នាក់។ មន្ទីរសន្តិសុខនេះសម្លាប់ភាគច្រើននៅឆ្នាំ១៩៧៦ ព្រោះឆ្នាំ១៩៧៧ មន្ទីរសន្តិសុខបានរើចេញទៅកន្លែងផ្សេង។ ចំណែកមន្ទីរសន្តិសុខធំមួយទៀតគឺនៅឃុំគគីរសោម ស្រុកប្រសូត្រ ហើយសព្វថ្ងៃគឺស្រុកស្វាយទាប។ គុកមួយនេះគឺធំជាងគេនៅក្នុងស្រុកប្រសូត្រ។ បើតាមដំណឹងឈ្មោះ សំ ដែលជាកម្មាភិបាលកសិកម្មខេត្តស្វាយរៀង បានជាប់គុកនេះដូចគ្នា ហើយគាត់នៅរស់រានមានជីវិតដល់សព្វថ្ងៃ។ នៅស្រុកកំពង់រោទ៍មានមន្ទីរសន្តិសុខច្រើនដែរ។ មន្ទីរសន្តិសុខដែលសម្លាប់ច្រើនជាងគេក្នុងខេត្តស្វាយរៀង គឺមន្ទីរសន្តិសុខវត្តឬស្សីសាញ់។

៣) ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ

ចំពោះវិស័យកសិកម្មវិញ ផ្ទៃដីធ្វើស្រែមុនសម័យខ្មែរក្រហមមានចំនួនច្រើនជាង ផ្ទៃដីធ្វើស្រែក្នុងសម័យខ្មែរក្រហម និងក្រោយសម័យខ្មែរក្រហម។ ដោយសារអង្គការបានយកដីមួយចំនួនយកទៅធ្វើជាចំការមីន ចំណែកឯទិន្នផលក៏បានទាប់ជាងមុខសម័យខ្មែរក្រហមដូចគ្នា។ ចំពោះវិស័យឧស្សាហកម្ម ក្នុងសម័យខ្មែរក្រហមបានបំផ្លាញគ្មានសល់។ រោងឧស្សាហកម្ម ផ្សារទំនិញ ឧបករណ៍នេសាទ ក្រោយពីបែកសម័យខ្មែរក្រហមមានចំនួនតិចតួចបំផុត។ ធនាគារ ផ្ទះគ្រប់ប្រភេទ ស្ពាន ថ្នល់ជាច្រើនត្រូវបានខូចខាតយ៉ាងខ្លាំង។ ប្រជាជនចាប់ផ្ដើមពីបាតដៃទទេក្នុងការប្រកបរបបចិញ្ចឹមជីវិត។ ចំពោះវិស័យសុខាភិបាល គ្រូពេទ្យរាប់រយនាក់ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ហើយមន្ទីពេទ្យជាច្រើនបានខូចខាត់ក្នុងសម័យខ្មែរក្រហម។ ប្រជាជនរងគ្រោះជាច្រើននាក់បានធ្លាក់ខ្លួនឈឺ ដោយសារផ្ទុះមីន អត់អាហារ និង ធ្វើការហួសកម្លាំង។ ចំពោះវិស័យអប់រំវិញ គឺត្រូវបានបំផ្លាញស្ទើរគ្មានសល់។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម មាននៅសេសសល់គ្រូបង្រៀនតែប្រមាណជា៥ភាគរយប៉ុណ្ណោះ។ ចំណែកសាលារៀន វត្តអារាមវិញ ត្រូវខ្មែរក្រហមបំផ្លាញអស់ជាច្រើនកន្លែង។ វត្តអារាមមួយចំនួនអាចនៅមើលស្គាល់ ប៉ុន្ថែភាគច្រើនត្រូវខ្ទេចខ្ទីអស់។ ចំពោះសិល្បៈក្នុងតំបន់ត្រូវបានខ្មែរក្រហមលុបបំបាត់ចោលទាំងស្រុងដូចជា រោងភាពយន្ត និងកន្លែងកំសាន្តនានា។ វត្ថុបុរាណក្នុងខេត្តទាំងអស់ត្រូវបានកម្ទេចគ្មានសល់។ សារមន្ទីរនៅក្នុងខេត្តត្រូវបិទទ្វារ។ ព្រះពុទ្ធប្បដិមានៅក្នុងព្រះវិហារ ត្រូវកម្ទេចចោលគ្មានសល់៕

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin