បបរប្រូងលាយជាមួយពោត

ដាក ប្លួល រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ដាក ប្លួល អាយុ ៨៥ ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

នៅសម័យខ្មែរក្រហម ដាក ប្លួល ធ្វើការនៅរោងបាយតាមសហករណ៍នៃក្រុមណងដាន ដែលត្រូវរៀបចំម្ហូបអា​ហារ ដាំបាយ និងចែកបាយសម្រាប់ប្រជាជន។ ជួន​កាល អ្នកធ្វើការជាមួយនៅរោងបាយរបស់គាត់ត្រូវបានខ្មែរក្រហម​ជេរស្ដី និងស្អប់ខ្ពើមជាដើម។

គាត់ក៏បានឃើញកុមារ ដែលធ្វើការនៅតាមកងចល័តនាសម័យនោះ ដើរប្រមូលនិងដឹកជញ្ជូនលាមកសត្វ និងមនុស្សសម្រាប់ធ្វើជីយកទៅដាក់តាមវាលស្រែ និងចម្ការ។ ប្រជាជនគ្រប់វ័យ ត្រូវធ្វើការទៅតាមតួនាទីដែលចែកឲ្យរៀងៗខ្លួន ដូចជាលើកដី លើកភ្លឺស្រែ លើកទំនប់ដែលមានកម្ពស់ប្រហែលជាង២ម៉ែត្រពីដី ទាំងយប់ទាំងថ្ងៃ។

ក្រៅពីការងារនៅរោងបាយ ខ្មែរក្រហមតម្រូវឲ្យបុក​ស្រូ​វបន្ថែម សម្រាប់ក្រុមការងាររបស់គាត់។ នៅពេលនោះ អ្នកដែលគាត់ស្គាល់ ត្រូវបានខ្មែរក្រហមចោទថាមានចរិតជ្រុលនិយម ឬហួសកម្រិត។

ក្រោយមក ដាក ប្លួល បានបន្តទៅរស់នៅខាងស្រែណាង៉ាម ដែលនៅទីនោះស្ថានភាពរស់នៅរបស់ប្រជាជនមានសភាពកាន់តែលំបាក។ ក្នុងមួយថ្ងែគាត់ត្រូវដាំបបរចំនួន ៣០កំប៉ុងសម្រាប់ប្រជាជនដែលរស់នៅទីនោះសម្រាប់​បរិភោគ។

ក្នុងមួយថ្ងៃប្រជាជនទទួលបានរបបអាហារពីរដងប៉ុណ្ណោះ និងនៅពេលយប់ គាត់ត្រូវបន្តធ្វើបបរប្រូងលាយជាមួយពោត និងដំឡូង ដោយគ្មានពេលឈប់សម្រាកនោះទេ។

ក្រៅពីការចម្អិនម្ហូបអាហារ ប្លួល ត្រូវលាងសម្អាតសម្ភារ​និងរៀបចំរោងបាយសម្រាប់ថ្ងៃបន្ត។ អ្នកដែលធ្វើការងារនៅរោងបាយ អាចទទួលបានអាហារបីដងក្នុងមួយថ្ងៃ ដោយសារ ប្លួល និងអ្នកធ្វើការជាមួយគោរពតាមបញ្ជារបស់ខ្មែរក្រហម ដោយគ្មានល្បិចកលអ្វីនោះទេ។

នៅពេលកងទ័ពវៀតណាមជិតមកដល់ ខ្មែរក្រហមបាននិយាយថា កងទ័ពទាំងនោះនឹងមកសម្លាប់ប្រជាជនក្នុងសហករណ៍ទាំងអស់។ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជន រត់ចូលព្រៃ ដោយមិនដឹងថា ជាការរំដោះពីរបប ប៉ុល ពត។

របបនេះបានគាប់សង្កត់ បង្អត់អាហារ បង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង និងគ្មានពេលឈប់សម្រាកនោះទេ។ អ្វីៗដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ត្រូវបានប្រមូលទុកជា

របស់សមូហភាព។ គាត់បន្តថារបបនេះបានចោទប្រកាន់ និង សម្លាប់ប្រជាជនដោយអយុត្តិធម៌។

បច្ចុប្បន្ន​ ដាក ប្លួល មានជំងឺប្រចាំកាយ ដោយសារអាយុកាន់តែច្រើន គាត់សង្ឃឹមថានឹងមានការយកចិត្តទុក​ចិត្ត​ដាក់ពីអាជ្ញាធរ ក្នុងការពិនិត្យសុខភាពជូនប្រជាជនក្នុងភូមិដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដូចរូបគាត់៕

សម្ភាសន៍ដោយ កុច សាដៀក​ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin