អង្គការចិត្តខ្មៅ

គីយ ឈៀង រស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  គីយ ឈៀង មានអាយុ ៦៨ ឆ្នាំ បច្ចុ​​   ប្បន្នរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ឈៀង ជាជនជាតិដើមភាគតិចកាវែត ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។ គាត់បានបន្តថា នៅសម័យនោះ ប្រជាជនរស់នៅ និងធ្វើការងារដោយលំបាកនៅក្នុងសហករណ៍ដែលខ្មែរក្រហមបានបង្កើត។

ប្រជាជនមកពីតាមភូមិផ្សេងៗ ត្រូវបានប្រមូលឲ្យរស់នៅមួយកន្លែងដោយខ្មែរក្រហម។ ក្នុងសហករណ៍នីមួយៗមានការជ្រើសរើសអ្នកដឹកនាំ និងមានការបែងចែកមនុស្សជាក្រុមធ្វើការតាមស្រែណងដាន ហៅក្រុមណងដាន ដោយមានអ្នកដឹកនាំឈ្មោះ តាស្វាំង និងស្រែណាង៉ាម ហៅក្រុមណាង៉ាម មានអ្នកដឹកនាំឈ្មោះ តាប៊ុនសុំ។

គីយ ឈៀង ត្រូវធ្វើការធ្ងន់ហួសកម្លាំង និងបរិភោគតែបបរពីរពេលគឺនៅម៉ោង១២ថ្ងៃត្រង់ និងម៉ោងប្រហែល៦ល្ងាច។

ការងារទាំងនោះរួមមាន លើកភ្លឺស្រែ លើកប្រឡាយ និងទំនប់ ជួនកាលត្រូវស្ទូងស្រូវ នៅស្រែណងដាន ដែល គីយ ឈៀង រស់នៅទីនោះអស់រយៈពេលជាង៣ឆ្នាំ។ ក្នុងមួយស្រែមានក្របីតែ២ទៅ៣ប៉ុណ្ណោះសម្រាប់ភ្ជួរស្រែ។

គីយ ឈៀង ត្រូវកាប់គាស់ និងស្ទូងស្រូវជាជួរៗ។ ជួនកាលត្រូវស្ទូងមួយជួរតែម្នាក់ឯងជាដើម ដើម្បីកំណត់ថា តើក្នុងមួយនាក់អាចមានកម្លាំង ឬទ្រាំក្នុងការស្ទូងបានប៉ុន្មានម៉ែត្រ។ ប្រសិន​បើប្រជាជនធ្វើការ​បានកាន់តែច្រើន នោះអង្គការខ្មែរក្រហមនឹងបង្កើនលក្ខខណ្ឌបន្ថែមរហូតដល់អស់កម្លាំងពីខ្លួន។

នៅរដូវច្រូតស្រូវ ម្នាក់ៗត្រូវក្រោកពីព្រលឹមម៉ោង៤ទៀបភ្លឺ បើទៅយឺតនឹងត្រូវជេរស្តី និងត្រូវធ្វើការតែម្នាក់ឯងតាមកន្លែងកំណត់ និងតាមដានដោយសមាជិកអង្គការ។ បើហ៊ានខ្ជិល ឬសម្រាកនឹងត្រូវបង្អត់អាហារចំនួនពីរថ្ងៃ។

នៅសម័យខ្មែរក្រហមមិនមានការសិក្សានោះទេ។ របបនេះ បានធ្វើឲ្យមនុស្សជាច្រើនក្នុងសហករណ៍បានបាត់បង់ជីវិត ដោយសារការបង្អត់អាហារ និងគ្មានការអាណិតអាសូរចំពោះប្រជាជនទាំងចាស់ទាំងក្មេង រួមទាំងអ្នកពិការដែលត្រូវធ្វើការទាំងយប់ទាំងថ្ងៃ។

ប្រជាជនស្លាប់គឺដោយសារ «អង្គការចិត្តខ្មៅ» នេះបើតាមការលើកឡើងរបស់ គីយ ឈៀង។

ជាចុងក្រោយក្នុងនាមជាអ្នករស់រានមានជីវិតមួយរូបពីរបបខ្មែរក្រហម គីយ ឈៀង សង្ឃឹមថានឹងគ្មានរបបនេះសារជាថ្មី ដែលធ្វើឲ្យប្រទេសជាតិគ្មានភាពរីកចម្រើន៕

សម្ភាសន៍ដោយ កុច សាដៀក​ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin