ប្រសិនបើអង្គការធ្វើការទិតៀន ៣ ដងនឹងត្រូវយកទៅសម្លាប់ចោល

(តាកែវ)៖ ឈ្មោះ ជីង ចន្ធី មានអាយុ៥៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ចន្ធី គឺជាកសិករ នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅក្នុងសម័យខ្មែរក្រហម ចន្ធី មានអាយុ១២ឆ្នាំ។ អង្គការបានជម្លៀស ចន្ធី ឲ្យទៅរស់នៅ និងធ្វើការនៅ ភូមិបុកស្បូវ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ ចន្ធី មិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ ព្រោះត្រូវទៅរស់នៅក្នុងកងកុមារ។ នៅរោងកុមារដែល ចន្ធី ស្នាក់នៅ គឺធ្វើអំពីឬស្សី ហើយសម្បូរសត្វសង្កើច និងមូស។

ការងារដំបូងរបស់ ចន្ធី នៅក្នុងកងកុមារគឺ កាប់ដីដំបូក រែកដី កាប់ដើមទន្ទ្រានខែត្រ និងធ្វើស្មៅដំឡូង។ ពេលធ្វើការនៅក្នុងសហករណ៍ក្រុមរបស់ ចន្ធី អាចដើររកស្លឹកឈើ និងផ្លែឈើហូបបាន។ ក្រោយមកទៀត អង្គការបានបញ្ជូន ចន្ធី ឲ្យទៅលើកទំនប់អាងត្រពាំងថ្មរ។ នៅទីនោះ ចន្ធី មិនសូវជួបការលំបាកប៉ុន្មានទេ ព្រោះធ្វើការនៅក្នុងរោងបាយ។ នៅក្នុងរោងបាយមានសមាជិកប្រមាណ៥នាក់ សម្រាប់ដាំបាយ និងធ្វើម្ហូបឲ្យកុមារ ប្រមាណ៣០នាក់។ ការចែកអាហារឲ្យប្រជាជនថ្មី និងប្រជាជនចាស់គឺមិនដូចគ្នាទេ។ ចន្ធី បានឲ្យដឹងទៀតថា របបអាហារក្នុងសម័យខ្មែរក្រហមគឺហូបមិនបានគ្រប់គ្រាន់នោះទេ។

នៅការដ្ឋាន ប្រសិនបើ ចន្ធី នឹកឪពុកម្ដាយ នាងបានសុំអង្គការត្រឡប់មកផ្ទះ ហើយពេលខ្លះលួចត្រឡប់មកខ្លួនឯង ប៉ុន្តែត្រូវទៅវិញឲ្យទាន់ម៉ោងធ្វើការ។ ចន្ធី លួចត្រឡប់មកផ្ទះវិញតាមរយៈរទេះគោរបស់សហករណ៍ដឹកស្បៀងយកទៅការដ្ឋាន និងដឹកចំប៉ើងត្រឡប់មកវិញ។ ពេលពួននៅក្នុងចំប៉ើង ចន្ធី មានការព្រួយបារម្មណ៍ខ្លាចអង្គការចាប់បាន ឬក៏យកឈើចាក់ត្រូវ។ ចន្ធី បានបន្តថា នៅពេលដែលទៅលេងឪពុកម្ដាយ នាងមិនដែលទទួលបានរបបអាហារនោះទេ។ ដើម្បីលុបបំបាត់ការស្រេចឃ្លានគាត់បានលួចគាស់ដំឡូងរបស់អង្គការ ដែលដាំនៅផ្ទះរបស់ខ្លួនស្ងោហូប។ ចន្ធី បានបន្តថា អង្គការធ្លាប់តាមទាន់ពេលគាត់លួចត្រឡប់មកផ្ទះវិញ។ ពេលលួចចំណីអាហារ ឬក៏លួចធ្វើដំណើរមកផ្ទះវិញ ប្រសិនបើអង្គការចាប់បានគឺត្រូវធ្វើការទិតៀន ហើយបើធ្វើខុស ៣ ដងគឺយកទៅសម្លាប់ចោល។

សម្ភាសដោយ វ៉ែន ចរិយា នៅថ្ងៃទី០៨ សីហា ឆ្នាំ០២១

អត្ថបទដោយ ភា រស្មី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin