គ្មានបងប្អូនណាម្នាក់ហ៊ានចេញមុខតវ៉ា
(រតនគិរី)៖ ក្លេះ លឿន អាយុ ៦៥ ឆ្នាំ គឺជាជនជាតិដើមភាគតិចកាវែត ដែលជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម។ បច្ចុប្បន្ន ក្លេះ លឿន រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ក្លេះ លឿន បានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍មួយ ដែលបង្ខិតបង្ខំមនុស្សប្រុសស្រី ទាំងចាស់ទាំងក្មេង ធ្វើពលកម្មដោយប្រើប្រាស់កម្លាំងកាយ ទៅតាមតួនាទីរបស់ខ្លួន។ គាត់ត្រូវគោរពវិន័យរបស់អង្គការ និងថ្នាក់ដឹកនាំ ដោយគ្មានការជំទាស់និងបញ្ជារបស់អង្គការនោះទេ។ អ្នកដែលហ៊ានជំទាស់នឹងត្រូវទទួលរងទណ្ឌកម្មដោយបង្អត់អាហារ ព្រមទាំងធ្វើការហាលថ្ងៃហាលភ្លៀងដោយគ្មានពេលសម្រាក។
នៅអូរតាងនៃស្រុកវើនសៃ ជាអូរមួយកន្លែងដែលខ្មែរក្រហមបានបង្កើតឡើងសម្រាប់ក្រុមការងារ កងចល័តដើម្បីរស់នៅ និងធ្វើការនៅទីនោះ។ ក្លេះ លឿន ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅទីនោះ ដោយបែកបាក់ពីក្រុមគ្រួសារអស់រយៈពេលជាច្រើនខែ។
គាត់ត្រូវលើកភ្លឺស្រែ លើកទំនប់ និងលើកប្រឡាយនៅអូរតាង ដែលមានទំហំធំនិងជ្រៅ។ ប្រជាជនត្រូវធ្វើការធ្ងន់ និងហូបចុកមិនគ្រប់គ្រាន់ដោយមួយថ្ងៃទទួលបានត្រឹមតែរបបអាហារចំនួនពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។
ក្រៅពីការងារលើកដី គាត់ត្រូវដើរប្រមូលជី ដោយកាប់ស្មៅ ប្រមូលស្លឹកឈើ ផេះ សំរាម និងរែកយកទៅចាក់ក្នុងស្រះមួយកន្លែង។ ក្រោយមកទៀត គាត់ត្រូវទៅរែកជីពីក្នុងស្រះនោះ យកទៅដាក់តាមវាលស្រែដើម្បីធ្វើឲ្យដីមានជីវជាតិ ដែលធ្វើឲ្យស្រូវលូតលាស់ល្អ និងទទួលបានទិន្នផលស្រូវខ្ពស់។
ទោះបីគាត់ខិតខំធ្វើការងារយ៉ាងណាក៏ដោយ ក៏ខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់ទៅជួបឪពុកម្តាយនោះទេ។ គាត់ត្រូវធ្វើការមួយថ្ងៃពេញដោយគ្មានពេលឈប់សម្រាកទាល់តែសោះ។ អ្វីៗត្រូវប្រមូលដាក់ជារបស់រួម អ្នកដែលហ៊ានជំទាស់នឹងត្រូវបានបាត់បង់ជីវិត។
សម្រាប់អ្នកធ្វើការយឺតយ៉ាវនឹងត្រូវពិន័យដោយធ្វើការបន្ថែមដោយលើកភ្លឺស្រែ២ជួរក្នុងមួយថ្ងៃទើបបានសម្រាក ឬបង្អត់អាហារជាដើម។ គ្មានបងប្អូនណាម្នាក់ហ៊ានចេញមុខតវ៉ានោះទេ ដោយខ្លាចចោទថា ជាខ្មាំងរបស់អង្គការ។
ក្លេះ លឿន ត្រូវធ្វើតាមបញ្ជារបស់អង្គការដោយត្រូវដើរច្រូតស្រូវតាមភូមិ ឬជួយក្រុមដែលមិនទាន់សម្រេចការងារ។ គាត់បានរស់នៅអូរតាងអស់រយៈពេលជាង២ឆ្នាំជាង ទើបបានវិលត្រឡប់ជួបជុំគ្រួសារវិញ។
នៅសម័យនោះខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើការធ្ងន់ និងទទួលទានតែបបរលាយដើមចេកមួយចានតូចប៉ុណ្ណោះ ថែមទាំងរស់នៅឃ្លាតឆ្ងាយពីគ្រួសារ និងត្រូវបែកបាក់ម្តងហើយម្ដងទៀត នៅពេលកងទ័ពវៀតណាមចូលមកដល់នៅឆ្នាំ១៩៧៨៕
សម្ភាសន៍ដោយ កុច សាដៀក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤