អាហារតែពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ

ផិត ញឺ្យវ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ផិត ញឺ្យវ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី សព្វថ្ងៃមានអាយុ៦០ឆ្នាំ គាត់គឺជាជនជាតិដើមភាគតិចកាវែត ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។

នៅសម័យខ្មែរក្រហម ញឺ្យវ បាននិយាយថា ប្រជាជនទាំងចាស់ទាំងក្មេង ត្រូវបានអង្គការខ្មែរក្រហមបង្ខិតបង្ខំឲ្យធ្វើការនៅតាមសហករណ៍នីមួយៗ ឬពីកន្លែងមួយទៅ កន្លែងមួយផ្សេងទៀត។ ការងារទាំងនោះមានដូចជាលើកប្រឡាយ លើកភ្លឺស្រែ និងលើកទំនប់ជាដើម។ អង្គការខ្មែរក្រហមក៏បានបែងចែកផងដែររវាងក្រុមស្ត្រី និងក្រុមបុរសដែលត្រូវធ្វើការដាច់ដោយឡែកពីគ្នា។ ​

នៅរដូវវស្សា ប្រជាជនត្រូវដកស្ទូងស្រូវ​ចាប់ពីម៉ោង ៤ទៀបភ្លឺ រហូតដល់យប់អធ្រាត្រ ចំពោះអ្នកដែលទៅធ្វើការមិនទាន់ពេលវេលាដែលខ្មែរក្រហមបានកំណត់ អ្នកទាំងនោះនឹងត្រូវទទួលរងទណ្ឌកម្មដោយការបង្អត់អាហារក្នុងមួយថ្ងៃពេញ។

ការរស់នៅរបស់ ផិត ញឺ្យវ ក្នុងកងចល័ត គាត់បានលើកឡើងថា កុមារត្រូវរស់នៅជុំគ្នានៅសាលាក្នុងភូមិមួយកន្លែង ដោយខ្មែរក្រហមមានគោលបំណងដើម្បីឲ្យមានភាពងាយស្រួលនិងឆាប់រហ័សក្នុងការបញ្ជាកងចល័តឲ្យធ្វើការ។

គាត់ត្រូវដើរប្រមូលជីធម្មជាតិដូចជាស្លឹកឈើតាមតំបន់ព្រៃលាយ យកមកជាមួយលាមកគ្រប់ប្រភេទ ដែលប្រមូលនៅតាមផ្ទះ ឬវាលស្រែ។ គាត់ត្រូវធ្វើដំណើរចម្ងាយប្រហែលជាង ៥ គីឡូម៉ែត្រក្នុងការរែកជីទាំងនោះយកមកដាក់នៅតាមវាលស្រែ។

ចំពោះការបរិភោគវិញ គាត់ទទួលបានអាហារតែពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ការហូបចុកនៅសម័យខ្មែរក្រហមមានការខ្វះខាត សម្រាប់ឆ្នាំបន្តបន្ទាប់ ដោយសារចំនួននៃទិន្នផលស្រូវមានការថយចុះ។

ខ្មែរក្រហមបានប្រមូលសម្ភារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ទុកជារបស់ប្រើប្រាស់រួម។ អ្នកដែលបដិសេធនឹងត្រូវបានខ្មែរក្រហមចាប់ខ្លួន និងយកទៅសម្លាប់ចោល ដោយចោទថាមិនបានគោរពតាមការណែនាំរបស់អង្គការខ្មែរក្រហម។ ប្រជាជនទាំងអស់ត្រូវរស់នៅរួម ធ្វើការរួម និងហូបរួម ដោយគ្មានអ្នកមានឬអ្នកក្រនោះទេ។

ចំពោះ ផិត ញឺ្យវ ដោយសារការព្យាយាម និងមិនខ្ជិលច្រអូស​នឹងការងារ​ ញឺ្យវ មិនដែលទទួលរងទណ្ឌកម្មដោយសារការបង្អត់អាហារ ឬការវាយដំនោះទេ។ ប៉ុន្តែក្រោយមកទើបគាត់ដឹងថារបបនេះបានធ្វើឲ្យគាត់និងកុមារឯទៀតនាសម័យនោះបាត់បង់ការសិក្សា ធ្វើឲ្យសង្គមគ្មានការរីកចម្រើន គ្មានការគោរពសាសនា ដោយសាររបបប៉ុលពត បានបង្ខិតបង្ខំប្រជាជនទាំងចាស់ទាំងក្មេងធ្វើការហួសកម្លាំង គា្មនពេលឈប់សម្រាក និងបរិភោគមិនគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។

ផិត ញឺ្យវ សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងចងចាំប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងជួយទប់ស្កាត់កុំឲ្យកើតមានឡើងសារជាថ្មីនូវរបបប្រល័យពូជសាសន៍នេះនៅកម្ពុជា៕

សម្ភាសន៍ដោយ កុច សាដៀក​ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin