អ្នកជាប់ឃុំសោកស្តាយចំពោះអតីតទីតាំងគុកមិនត្រូវបានថែរក្សាទុក
ទីតាំងគុកពពកវិលកាលពីរបបខ្មែរក្រហមត្រូវបានប្រជាជនកាន់កាប់ និងរស់នៅជុំវិញ។ ក្មេងជំនាន់ក្រោយមិនបានដឹងថាទីតាំងនោះធ្លាប់ជាកន្លែងធ្វើទារុណកម្ម និងបានសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃកាលពីអតីតនោះទេ។ អ្នកធ្លាប់ជាប់គុកពពកវិលម្នាក់ដែលរួចផុតជីវិតពីការឃុំខ្លួនមានការសោកស្តាយចំពោះការបាត់បង់ភស្តុតាងឧក្រិដ្ឋមួយដែលបញ្ជាក់ពីទង្វើឃោរឃៅដែលខ្មែរក្រហមធ្លាប់ប្រព្រឹត្តិមកលើប្រជាជនខ្លួនឯងអំឡុងពេលកាន់អំណាច។
គោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំងប្រាំដែលត្រូវបានអនុវត្តដើម្បីសម្រេចបាន និងការពារបដិវត្តន៍សង្គមនិយមគឺការលត់ដំនូវ «សមាសភាពមិនល្អ» និងការសម្លាប់ «ខ្មាំង» ទាំងនៅក្នុងជួរបក្ស និងក្រៅជួរបក្ស។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចបានបំផ្លាញរចនាសម្ព័ន្ធច្បាប់ និងតុលាការដែលមានស្រាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បក្សកុម្មុយនីស្តកម្ពុជាបានដាក់ជំនួសរចនាសម្ព័ន្ធទាំងនេះដោយបណេ្តញមន្ទីរសន្តិសុខ និងកន្លែងសម្លាប់មនុស្សនៅតាមតំបន់ដែលខ្លួនបានកាន់កាប់ដើម្បីឃុំខ្លួន និងលត់ដំ ឬសម្លាប់អ្នកទាំងឡាយដែលត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋ។ គិតមកត្រឹមពេលដែលរបបខ្មែរក្រហមបានដួលរលំ មន្ទីរសន្តិសុខ ប្រហែល២០០កន្លែង និងកន្លែងសម្លាប់មនុស្សយ៉ាងច្រើនរាប់មិនអស់ត្រូវបានបង្កើតឡើងហើយដែលអាចប្រទះឃើញនៅគ្រប់ភូមិភាគទូទាំងប្រទេសកម្ពុជា និងនៅគ្រប់ថ្នាក់ទាំងអស់នៃរចនាសម្ព័ន្ធរដ្ឋបាលបក្សកុម្មុយនីស្តកម្ពុជារួមទាំងនៅកម្រិតមជ្ឈិមបក្សផងដែរ។[1]
គុកពពកវិល មានទីតាំងនៅក្នុងឃុំចេក ស្រុកសំរោង (បច្ចុប្បន្នស្រុករំដួល) ខេត្តស្វាយរៀង ស្ថិតនៅក្នុងចំណោមគុកជាច្រើននៅទូទំាងប្រទេសដែលត្រូវបានប្រើប្រាស់ដើម្បីឃុំឃាំងកម្មាភិបាលខ្មែរក្រហមក្បត់ និងប្រជាជនទូទៅដែលប្រព្រឹត្តិខុសសីលធម៌ ឬបានលួចចំណីអាហាររបស់អង្គការ។ ពពកវិលជាគុកទី២ សម្រាប់ឃុំឃាំងអ្នកទោសបន្ទាប់ពីគុកកំពង់អំពិល ដែលស្ថិតនៅឃុំកំពង់អំពិល ស្រុកសំរោង ខេត្តស្វាយរៀង បានដាក់អ្នកទោសពេញ។ អ្នកធ្លាប់ជាប់គុកនេះបានរៀបរាប់ថាគុកពពកវិលមានអ្នកទោសជាកម្មាភិបាលខ្មែរក្រហម និងប្រជាជនស្លូតត្រង់ប្រមាណ ៣០០នាក់ អ្នកទោសទាំងអស់បានស្លាប់ដោយសារការធ្វើទារុណកម្មពេលសួរចម្លើយ និងមួយចំនួនត្រូវបាននាំយកទៅសម្លាប់។[2] អ្នកធ្លាប់ជាប់គុកនេះតែ២នាក់ប៉ុណ្ណោះដែលនៅមានជីវិតបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គឺប្រធានកងឈ្លបកំពង់អំពិល (បានស្លាប់ពេលក្រោយមក) និង ពាន សន ប្រធានសហករណ៍ទួលសាលាក្នុងរបបខ្មែរក្រហម។
ខាងក្រោមនេះគឺជាការរៀបរាប់របស់ ពាម សន ពីដំណើរជីវិតរបស់គាត់ដែលបានចូលរួមក្នុងបដិវត្តន៍ខ្មែរក្រហមរហូតក្លាយជាប្រធានសហករណ៍ និងក្រោយមកត្រូវបានចាប់មកឃុំខ្លួនក្នុងគុកនេះប្រមាណជាង៣ខែ មុនពេលដែលរបបខ្មែរក្រហមត្រូវបានផ្លួលរលំដោយកងទ័ពរណសិរ្សរំដោះជាតិប្រជាជនខ្មែរ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ពាម សន ភេទប្រុស អាយុ៨០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ ប្រពន្ធឈ្មោះ អ៊ុក យ៉ន។ គាត់មានកូន១១នាក់ ស្រី៣នាក់ ប្រុស៨នាក់ (ស្លាប់២នាក់)។ ឪពុកឈ្មោះ ស្រី យ៉ង ម្តាយឈ្មោះ ហែម ធឹម គាត់ទាំងពីរបានស្លាប់ក្នុងរបបខ្មែរក្រហម។ សន ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូន៧នាក់។ សន រៀនបានត្រឹមថ្នាក់ទី១០ ក្នុងរបបសង្គមរាស្រ្តនិយម នៅសាលាបឋមសិក្សាទួលសាលា។[3]
មុនឆ្នាំ១៩៧០ សន បានរៀបការប្រពន្ធនៅស្រុកកំណើត។ បន្ទាប់ពីរៀបការរួចគាត់បានទៅរកស៊ីរត់ពន្ធទំនិញពីប្រទេសវៀតណាមយកទៅលក់នៅឃុំសួង ខេត្តកំពង់ចាម (បច្ចុប្បន្នក្រុងសួង ខេត្តត្បូងឃ្មុំ)។ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះបាទនរោត្តមសីហនុ សន កំពុងតែជិះកង់ដឹកទំនិញលក់នៅឃុំសួង គាត់បានឃើញប្រជាជននាំគ្នាធ្វើបាតុកម្មដោយលើបដាផ្សេងៗ និងប្រជាជនមួយចំនួនទៀតបានលើកទង់ជាតិអបអរសាទរជ័យជំនះរបស់របប លន់ នល់។ ពេលនោះ សន បានធ្វើដំណើរត្រឡប់ទៅភូមិកំណើតឯភូមិទួលសាលាដើម្បីជួបជុំជាមួយក្រុមគ្រួសារវិញ ព្រោះប្រទេសជាតិជួបប្រទះភាពច្របូកច្របល់មានការប្រទាញប្រទង់គ្នារវាងប្រជាជនដែលគាំទ្ររបប លន់ នល់ និងគាំទ្រសម្តេចព្រះបាទនរោត្តមសីហនុ។ ពេលទៅដល់ភូមិ សន ឃើញមានអំពើអសន្តិសុខផ្សេងៗបានកើតឡើងដោយសារតែមានកម្លាំងចលនាខ្មែរក្រហម និងទាហាន លន់ នល់ វាយប្រយុទ្ធគា្ន។ យុវជន យុវនារី ជាច្រើនបានចូលរួមក្នុងកម្លាំងចលនាខ្មែរក្រហមដើម្បីបណ្តេញទាហាន លន់ នល់ ចេញពីភូមិ។ រីឯ យន្តហោះសហរដ្ឋអាមេរិកដែលគាំទ្ររបប លន់ នល់ បានមកទម្លាក់គ្រាប់បែកច្រើនឡើងៗពិសេសនៅពេលយប់។ សន បានឃើញប្រជាជនផ្លាស់ប្តូរកន្លែងរស់នៅទៅក្នុងព្រៃ និងតាមវាលស្រែ ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែកទាំងនោះ។ ក្នុងភូមិដែល សន រស់នៅមានយួនពីរក្រុមបានចូលមក គឺយួនធៀវគីគំាទ្រ របប លន់ នល់ និងយួនយៀកកុងគំាទ្រកម្លាំងចលនាខ្មែរក្រហម។ សន បានរៀបរាប់ថា យួនធៀវគីដែលទទួលការគាំទ្រពីទាហាន លន់ នល់ បានបង្កើតក្រុមឆ្មាខ្មៅដើម្បីបង្កភាពអសន្តិសុខនៅពេលយប់ ដោយបានលួចប្លន់ទ្រព្យសម្បត្តិប្រជាជន និងបានចាប់ខ្លួនមនុស្សតាមតែអំពើចិត្ត។[4]
ឆ្នាំ១៩៧២ ដោយសារក្តីស្រឡាញ់របបសង្គមរាស្រ្តនិយម និងស្អប់របប លន់ នល់ សន បានសម្រេចចិត្តចូលរួមធ្វើបដិវត្តន៍ ដោយរត់ចូលព្រៃម៉ាគីដើម្បីតស៊ូជាមួយកម្លាំងចលនាខ្មែរក្រហម។ សនមានគោលបំណងចង់នាំប្រទេសជាតិ និងប្រជាជនចេញពីសង្គ្រាម និងការទម្លាក់គ្រាប់បែក។ នៅពេលចូលព្រៃម៉ាគីធ្វើបដិវត្តន៍ សន បានស្គាល់ជាមួយ ប៉ូ លីវ៉ាន់ ជាគណៈស្រុកសំរោង (បច្ចុប្បន្នស្រុករំដួល) សៅ សារ៉េត ជាសមាជិកស្រុកសំរោង និង សុខ សាម៉ន គណៈឃុំជ្រុងពពេល។[5]
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមឡើងកាន់អំណាច សន ត្រូវបានអង្គការចាត់តាំងឲ្យគាត់ធ្វើជាប្រធានសហករណ៍ទួលសាលា ឃុំជ្រុងពពេល ស្រុកសំរោង ខេត្តស្វាយរៀង។ សន បានឃើញខ្មែរក្រហមជម្លៀសប្រជាជនដោយបង្ខំរាប់រយគ្រួសារពីទីក្រុងភ្នំពេញ និងទីរួមខេត្តស្វាយរៀងមករស់នៅសហករណ៍ដែលគាត់គ្រប់គ្រង។ ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំនានានៅទូទាំងប្រទេសក្នុងរបបខ្មែរក្រហម គឺដើម្បីអនុវត្តបដិវត្តន៍សង្គមនិយមយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាតាមរយៈគោលនយោបាយ «មហាលោតផ្លោះ» និងការពារបក្សកុម្មុយនីស្តប្រឆាំងនឹង «សត្រូវផ្ទៃក្នុងនិងសត្រូវខាងក្រៅ»។ វិធីសាស្ត្រដ៏ចម្បងមួយក្នុងការសម្រេចបានគោលបំណងនេះគឺការផ្លាស់ទីប្រជាជនពីទីក្រុង និងទីប្រជុំជនទៅកាន់ទីជនបទមួយកន្លែងទៅកាន់ទីជនបទមួយកន្លែងទៀត ម្តងហើយម្តងទៀត។[6] សន បានឃើញប្រជាជនថ្មីទំាងនោះរស់នៅក្នុងសាលា និងវត្តទួលសាលា។ ប្រជាជនចាស់ជាអ្នកផ្គត់ផ្គង់ស្បៀងអាហារ និងកន្លែងស្នាក់នៅ។ ប្រជាជនថ្មីទាំងអស់ត្រូវបានខ្មែរក្រហមរើសអើង និងត្រូវធ្វើប្រវត្តិរូបជារឿយៗ។ ប្រជាជនថ្មីដែលមានប្រវត្តិធ្លាប់ធ្វើការក្នុងរបប លន់ នល់ ដូចជាមន្រ្តីរាជការ គ្រូបង្រៀន និងគ្រួសារប៉ូលីស ទាហាន ត្រូវរស់នៅផ្សេងពីប្រជាជនមូលដ្ឋាន និងមួយចំនួនត្រូវបាននាំទៅសម្លាប់នៅគុកកំពង់អំពិល។
ទោះបីជាខ្មែរក្រហមបានអះអាងថាខ្លួនកំពុងតែកសាងប្រទេសមួយប្រកបដោយភាពស្មើគ្នា និងលុបបំបាត់ចោលវណ្ណៈសង្គមយ៉ាងណាក៏ដោយប៉ុន្តែធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវការបែងចែកវណ្ណៈថ្មីពីរនៅក្នុងប្រទេសគឺ «ប្រជាជនមូលដ្ឋាន» និង «ប្រជាជនថ្មី»។ ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ ជាប្រជាជនពេញសិទ្ធិអាចក្លាយជាប្រធានសហករណ៍ មេភូមិ និងប្រធានកងជាដើម។ ចំណែកប្រជាជនថី្ម គឺជាជន «បញ្ញើក្អែក» គ្មានសិទ្ធិអ្វីទាំងអស់ ហើយប្រជាជនថ្មីទទួលរងទុក្ខបុកម្នេញខ្លាំងជាងប្រជាជនចាស់។ ប៉ុន្តែទំហំនៃអំពើឃោរឃៅមានកម្រិតខុសគ្នាពីតំបន់មួយទៅមួយតំបន់មួយទៀត។[7]
សន ដែលជាប្រធានសហករណ៍បានឃើញទុក្ខលំបាករបស់ប្រជាជនក្នុងមូលដ្ឋានដែលគាត់គ្រប់គ្រងរួមមាន៖ របបអាហារមិនគ្រប់គ្រាន់ ការងារច្រើនហួសកម្លាំង និងមានប្រជាជនស្លូតត្រង់ជាច្រើនត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងអំពើក្បត់អង្គការជាដើម។ សន និយាយថាដោយសារតែអង្ករដែលអង្គការបើកឲ្យសហករណ៍មានចំនួនតិច អ្នកជម្លៀសថ្មីមកច្រើនធ្វើឲ្យការផ្គត់ផ្គង់របបអាហារមានការថយចុះ ជាហេតុនាំឲ្យប្រជាជនត្រូវទទួលបានបបររាវៗជំនួសរបបបាយដែលធ្លាប់ទទួលបាននាពេលកន្លងមក។ សន ធ្លាប់បានរាយកាណ៍ពីការកង្វះខាតអង្ករនៅសហករណ៍ ទៅឃុំ និងបន្តទៅស្រុក ប៉ុន្តែថ្នាក់លើបានចោទប្រកាន់គាត់ថាបានលួចអង្កររបស់អង្គការឲ្យទៅសមាជិកគ្រួសារហូបទើបធ្វើឲ្យអង្ករនៅសហករណ៍ខ្វះខាត ឬហូបមិនគ្រប់ថ្ងៃដែលកំណត់។
ធ្វើជាប្រធានសហករណ៍ទួលសាលាបានប្រហែល២ឆ្នាំ សន ត្រូវបានយោធាខ្មែរក្រហមចាប់គាត់ដាក់គុកពពកវិលដោយចោទប្រកាន់ថាគាត់ក្បត់នឹងអង្គការ និងបានលួចអង្ករឲ្យសមាជិកគ្រួសារខ្លួនហូបទើបធ្វើឲ្យប្រជាជនហូបមិនគ្រប់គ្រាន់។ ប៉ុន្តែតាមការអង្កេតរបស់ សន ផ្ទាល់ឃើញថាអ្នកដែលត្រូវបានអង្គការចាប់ខ្លួន រួមទាំងគាត់ ភាគច្រើនត្រូវបានកម្មាភិបាលខ្មែរក្រហមគ្នាឯងរាយការណ៍មួលបង្កាច់ ដោយសារការស្អប់ ច្រណែន និងដើម្បីយកមុខយកមាត់។[8] សន បានរៀបរាប់ពីព្រឹត្តិការណ៍នៃការចាប់ខ្លួនរបស់គាត់ថា « ពេលនោះខ្ញុំកំពុងធ្វើការនៅសហករណ៍ដូចរាល់ថ្ងៃ មានឈ្លបឃុំ២នាក់បានស្រែកហៅខ្ញុំឲ្យទៅប្រជុំ។ ពេលខ្ញុំចេញពីរោងសហករណ៍មកឈ្លបនោះបានចាប់ដៃខ្ញុំចងដោយមានម្នាក់ចាំផ្ជង់កាំភ្លើង។ ខ្ញុំត្រូវបានឈ្លបទាំងពីរនាក់នាំទៅកាន់គុកពពកវិលដោយសារគុកកំពង់អំពិលដាក់អ្នកទោសពេញ។ ប្រពន្ធកូនខ្ញុំដែលធ្វើការនៅសហករណ៍មិនបានដឹងពីការចាប់ខ្លួនខ្ញុំទេ»។[9]
គុកពពកវិលស្ថិតនៅលើដីដួលមួយដែលមានព្រៃ និងផ្ទះចាស់ៗ ផ្ទះមួយចំនួនបានខូចខាតដោយអន្លើៗដោយសារតែយន្តហោះទម្លាក់គ្រាប់បែក។ ពេលទៅដល់គុកមានឆ្មំាក្មេងៗ៣នាក់ មានធាងត្នោត និងដើមឫស្សីនឹងដៃមកវាយគាត់ទាំងមិនបានសួរនាំអ្វីទាំងអស់។ បន្ទាប់ពីវាយអស់ចិត្តទើបមានឆ្មាំគុកមួយក្រុមទៀតនាំ សន ចូលទៅក្នុងគុក។ នៅក្នុងគុក សន បានឃើញអ្នកទោសប្រហែល៣០០នាក់ កំពុងតែជាប់ឃុំដោយជើងមានជាប់ខ្នោះ។ អ្នកជាប់ឃុំចែកចេញជាពីរប្រភេទគឺអ្នកទោសកម្រិតធ្ងន់ និងអ្នកទោសអប់រំ។ អ្នកទោសកម្រិតធ្ងន់គឺជាប់ក្នុងគុកងងឹតមានដាក់ខ្នោះជើងទាំងថ្ងៃទាំងយប់ រីឯទោសអប់រំវិញមានដាក់ខ្នោះជើងនៅពេលយប់ ប៉ុន្តែពេលថ្ងៃអាចចេញទៅធ្វើការខាងក្រៅបាន។[10] សន ពេលចូលដល់គុកដំបូងត្រូវជាប់ទោសកម្រិតធ្ងន់ស្ថិតនៅកន្លែងងងឹតទាំងថ្ងៃទាំងយប់ដោយជើងមានជាប់ខ្នោះជាប្រចាំ។ សន ត្រូវបានឆ្មាំនាំទៅសួរចម្លើយបីថ្ងៃជាប់ៗគ្នាដោយសួរ១ថ្ងៃ២ដងពេលព្រឹក និងពេលល្ងាច។ ឆ្មាំសួរចម្លើយមានគ្នាបីនាក់គឺឈ្មោះ កន, លុត ភី និងបេណាំងហាយ ដែលជា ឆ្មាំសួរ ឆ្មាំកត់ និងឆ្មាំវាយ។ សន ត្រូវឆ្មាំវាយវាយពេលដែលចម្លើយមិនត្រូវតាមចិត្តរបស់ឆ្មាំសួរ។ សំណួរដែលឆ្មាំសួរចម្លើយ សន មានដូចជា ១-តើមិត្តចូលដៃជាមួយយួនឬ? ២-តើមិត្តមានបានលួចអង្ករអង្គការឲ្យប្រពន្ធកូនទេ? និង៣-តើមិចបានជាសហករណ៍ខ្វះខាតអង្ករ? សន ត្រូវឆ្លើយនូវចម្លើយដែលឆ្មាំសួរចង់បាន ប្រសិនបើមិនឆ្លើយទេគឺឆ្មាំវាយនឹងវាយទាល់តែឆ្លើយទទួលស្គាល់កំហុសថាបានចូលដៃជាមួយយួន និងធ្លាប់បានលួចអង្ករអង្គការទើបឆ្មំាសួរឈប់សួរ និងឆ្មំាវាយឈប់វាយ។ ឧបករណ៍សម្រាប់វាយគឺគល់ឫស្សីឬស្វ័យកាំភ្លើង។
បទបញ្ជាសម្រាប់ឆ្មាំគុកបានហាមមិនឲ្យមានអំពើមនុស្សធម៌ឡើយ។ គោលចំហរ និងសតិអារម្មណ៍ខ្ពស់ត្រូវតែមានដាច់ខាតចំពោះអ្នកដែលទទួលខុសត្រូវនៅក្នុងក្រុមសួរចម្លើយ។[11] សន ក៏បាននិយាយដែរថាភាគច្រើនឆ្មាំគុកនៅទីនោះគឺគាត់ធ្លាប់ស្គាល់ពីមុន ប៉ុន្តែឆ្មាំទាំងនោះមិនហ៊ាននិយាយថាធ្លាប់ស្គាល់គាត់ទេ។ ពេលសួរចម្លើយចប់ សន ត្រូវបានបញ្ជូនមកកន្លែងអ្នកទោសអប់រំវិញ។ នៅពេលថ្ងៃ សន អាចចេញធ្វើស្រែ និងលើកពូនរងអំពៅបានប៉ុន្តែត្រូវស្ថិតក្រោមការឃ្លាំមើលពីឆ្មាំគុក។ នៅគុកពពកវិល សន ធ្លាប់ឃើញអ្នកទោសត្រូវបានគេវាយសួរចម្លើយរហូតដល់ស្លាប់ហើយឆ្មាំគុកបានប្រើអ្នកទោសដូចគ្នាសែងសាកសពយកទៅកប់នៅបរិវេណជុំវិញ។
សន ជាប់ឃុំនៅគុកពពកវិលប្រមាណជាង៣ខែ។ អ្នកជាប់នៅទីនោះទាំងអស់ត្រូវបានស្លាប់ដោយសារការសួរចម្លើយ និងសម្លាប់ មានតែ សន និងប្រធានឈ្លបឃុំអំពិល ប៉ុណ្ណោះដែលនៅមានជីវិតរស់ ជាអកុសលប្រធានឈ្លបឃុំអំពិលបានស្លាប់នាពេលក្រោយមក។
ចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយចូលខេត្តស្វាយរៀងដោយមានទាំងទាហានថ្មើរជើង និងទាហានរថគ្រោះ បានបាញ់ផ្លោងកាំភ្លើង តូច ធំ ពីតំបន់ផ្សារចក ឆ្ពោះទៅគុកពពកវិល ឆ្មាំយាមគុកក៏បាននាំគ្នារត់ចេញ។ សន ក៏មានឱកាសអាចរត់ចេញពីគុក។ ដោយសារនៅពេលនោះក្នុងភូមិនៅសេសសល់យោធាខ្មែរក្រហម សន មិនទាន់អាចត្រឡប់ចូលស្រុកកំណើតបានក៏ភៀសខ្លួនទៅប្រទេសវៀតណាមមួយរយៈ និងបានត្រឡប់មករស់នៅជួបជុំប្រពន្ធកូនវិញក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩។
នៅស្រុកកំណើតពេលរំដោះពីរបបខ្មែរក្រហមភ្លាមៗ សន បានឃើញមានការកាប់សម្លាប់មកលើកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានដែលធ្លាប់ប្រព្រឹត្តិអំពើមិនល្អមកលើប្រជាជនអស់ជាច្រើននាក់ និងមួយចំនួនទៀតបានរត់គេចខ្លួនពីភូមិ។ ចំណែក សន ដែលធ្លាប់ធ្វើជាប្រធានសហករណ៍ដែរប៉ុន្តែគាត់មិនបានធ្វើបាបប្រជាជនដូច្នោះ សន មិនទទួលរងការសងសឹកពីប្រជាជនរងគ្រោះដូចកម្មាភិបាលខ្មែរក្រហមដទៃទៀតនោះទេ។
ក្រោយពីរបបខ្មែរក្រហមដួលរលំ សន ធ្លាប់បានទៅដល់គុកពពកវិលម្តង ប៉ុន្តែទីតាំងនោះមិនត្រូវបានថែរក្សាទុកទេគឺមានប្រជាជនមករស់នៅ និងកាន់កាប់។ ពេលដែលរំឮកពីរបបខ្មែរក្រហម សន នៅតែមានអារម្មណ៍ដិតដាមការឈឺចាប់ដែលធ្លាប់បានរស់នៅឆ្លងកាត់។ សន មានការសោកស្តាយចំពោះការបាត់បង់ភស្តុតាងគុកដែលបញ្ជាក់ពីការឈឺចាប់របស់ប្រជាជនខ្មែរ និងធ្លាប់ប្រើជាកន្លែងសម្រាប់សម្លាប់មនុស្សយ៉ាងសាហាវឥតត្រាប្រណី។ សន បានស្នើទៅអាជ្ញាធរពាក់ព័ន្ធឲ្យមានការអភិរក្សអតីតទីតាំងគុកនេះដើម្បីរក្សាទុកជាភស្តុតាងប្រវត្តិសាស្រ្ត។ គាត់ក៏បានផ្តាំផ្ញើឲ្យក្មេងជំនាន់ក្រោយត្រូវឈ្វេងយល់ពីទុក្ខលំបាករបស់អ្នករស់រានមានជីវិតពីជំនាន់មុនដែលបានជួបប្រទះដើម្បីចូលរួមទប់ស្កាត់របបប្រល័យពូជសាសន៍កុំឲ្យកើតមានឡើងនៅលើទឹកដីកម្ពុជានាពេលអនាគត៕
អត្ថបទដោយ អេង សុខម៉េង
ឯកសារយោង
[1] អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ដីកាដំណោះស្រាយសំណុំរឿង ០០២, D427, របស់ការិយាល័យសហចៅក្រមស៊ើបអង្កេត, ចុះ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០, កថាខណ្ឌ១៧៨, ។
[2] ស្ទួន, ទំព័រទី ៣៧។
[3] ស្ទួន, ទំព័រទី ៤។
[4] ស្ទួន, ទំព័រទី ៨។
[5] ស្ទួន, ទំព័រទី១០។
[6] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), មជ្ឈមណ្ឌលឯកសារកម្ពុជា, ឆ្នាំ២០២០, ភ្នំពេញ, បោះពុម្ភលើកទី២, ទំព័រទី១៧។
[7] ស្ទួន, ទំព័រទី៤០។
[8] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ដោយ សុខ វណ្ណៈ, ក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ, ឆ្នាំ២០១៨, (Promoting Accountability) , SVI0096, ទំព័រទី១៧។
[9] ស្ទួន, ទំព័រ១៨។
[10] ស្ទួន, ទំព័រទី២០-២១។
[11] ដេវីត ឆេនដល័រ, មជ្ឈមណ្ឌលឯកសារកម្ពុជា, សំឡេងពីមន្ទីរស-២១, (ភាពព្រឺខ្លាច និងប្រវត្តិក្នុងគុកសម្ងាត់របស់ ប៉ុល ពត), ភ្នំពេញ, ២០០៣, ទំព័រទី៣៤។