អ្នកដែលប្រឆាំង មិនចេះអែបអប នឹងត្រូវបានខ្មែរក្រហមសម្លាប់

បាំង ហ៊ីត រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  បាំង ហ៊ីត មានអាយុ ៦៥ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ហ៊ីត គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលមានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។

ហ៊ីត និងប្រជាជនឯទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅរស់នៅតាមសហករណ៍ ដែលខ្មែរក្រហមបានបង្កើតនៅពេលខ្មែរក្រហមឡើងគ្រប់គ្រងអំណាចទូទាំងប្រទេសនៅឆ្នាំ១៩៧៥។

ប្រជាជនក្នុងសហករណ៍ទាំងអស់ត្រូវខិតខំធ្វើការដោយលើកទំនប់ ជីកប្រឡាយ និងធ្វើស្រែចម្ការរួមគ្នា។ ក្រោយពីធ្វើការងារនៅក្នុងសហករណ៍អស់រយៈពេលមួយឆ្នាំក្រោយមក ហ៊ីត ត្រូវបានបញ្ជូនឲ្យធ្វើជាកងចល័ត និងលើកទំនប់នៅភូមិអូរតាង។

ហ៊ីត បានបន្តថា គាត់ត្រូវខិតខំប្រឹងប្រែងធ្វើការដោយ​​គ្មានពេលសម្រាក និងបរិភោគមិនគ្រប់គ្រាន់។ នៅពេលព្រឹក ខ្មែរក្រហមបានវាយជួងដើម្បីបន្លឺសំឡេងលាន់ខ្លាំងៗ ដែលមានន័យថា ដល់ម៉ោងទៅធ្វើការ។ ប្រជាជនត្រូវភ្ញាក់ទៅធ្វើការតាំងពីម៉ោង៤ទៀបភ្លឺ ដោយត្រូវតម្រង់ជួរ និងត្រៀមខ្លួន។ នៅម៉ោង៥ព្រឹក គាត់បានចាប់ផ្តើមចេញដំណើរទៅធ្វើការរហូតដល់ម៉ោង១២ ថ្ងៃត្រង់ ទើបត្រឡប់មកបរិភោគអាហារដែលខ្មែរក្រហមចែក និងសម្រាកបាន៣០នាទី។ ហ៊ីត ត្រូវបន្តធ្វើការទាំងហួសកម្លាំងរហូតដល់ម៉ោង៦ល្ងាច ទើបបានបរិភោគម្តងទៀត។ នៅម៉ោង ៧យប់ ខ្មែរក្រហមបានធ្វើការប្រជុំនិងបន្តធ្វើការរហូតដល់យប់អធ្រាត្រ ដោយមានការបែងចែកការងារស្មើៗគ្នា អ្នកដែលមិនអាចសម្រេចការងារបាននៅយប់នោះ នឹងមិនឲ្យសម្រាក ព្រមទាំងបង្អត់បាយ។

ចំណែកអ៊ំរបស់ ហ៊ីត ត្រូវបានខ្មែរក្រហមបង្អត់បាយដោយសារធ្វើការងារយឺត។ ប៉ុន្មានខែដំបូងនៃរបបអាហារនៅសម័យនោះ មានការចែកបាយសម្រាប់បរិភោគ បន្ទាប់មកលាយជាមួយដើមចេក មើមដំឡូង និងទំពាំង។ ការបរិភោគអាហារទាំងនោះក្នុងរយៈពេលយូរបណ្តាលឲ្យប្រជាជនជាច្រើនធ្លាក់ខ្លួនឈឺ ដោយសារទាស់ចំណី ខ្លះបានបាត់បង់ជីវិត។ ឃើញដូច្នេះ ខ្មែរក្រហមបានឲ្យប្រជាជន​​​ជីកដំឡូងព្រៃដើម្បីលាយដាំជាមួយបាយសម្រាប់ប្រជាជនបរិភោគជំនួសវិញ។

របបនេះ បានបែងចែកកន្លែងសម្រាកជាជួរៗផ្សេងគ្នាសម្រាប់មនុស្សប្រុស និងមនុស្សស្រី ហើយមានការចែកវេនគ្នាសម្រាប់ដើរយាមល្បាតនៅពេលយប់។

អ្នកដែលមានជំងឺធ្ងន់ទើបខ្មែរក្រហមយកទៅព្យា​បាល ចំពោះអ្នកដែលមានជំងឺស្រាលត្រូវខ្មែរក្រហមចោទថាធ្វើពុតជាឈឺ ឬជាករណីកុហក។ បើមានករណីបែបនេះលើសពីពីរដង អ្នកទាំងនោះនឹងត្រូវបានខ្មែរក្រហមយកទៅរៀនសូត្រក្នុងព្រៃ ដែល ហ៊ីត ឃើញកើតមានឡើងជារៀងរាល់ថ្ងៃ។ គាត់បានឃើញសាកសពនៅពេលរត់ចូលព្រៃនៅឆ្នាំ១៩៧៨ ដើម្បីគេចខ្លួន។

អ្នកដែលមានចំណេះដឹងត្រូវបានសម្លាប់ អ្នកដែលធ្លាប់មានទ្រព្យសម្បត្តិនៅរបបចាស់ដែលខ្មែរក្រហមចោទថាវណ្ណៈកណ្តាល នឹងត្រូវធ្វើការធ្ងន់ជាងវណ្ណៈកសិករ។   ហ៊ីត មានសាច់ញាតិជាអ្នកវណ្ណៈកណ្តាល ដែលខ្មែរក្រហមស្រាវជ្រាវឃើញ ក៏ប៉ុន្តែដោយសារភាពស្មោះត្រង់ជាមួយអង្គការទើបរួចពីការសម្លាប់។

អ្នកដែលប្រឆាំង ឬមិនចេះនិយាយអែបអប​លើកតម្កើងអង្គការ នឹងត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល​​​ទាំងពូជ៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin