តាត គឹមហុង៖ អង្គការមិនឲ្យក្មេងៗទុកម្ដាយឪពុកជាអ្នកមានគុណ

(តាកែវ)តាត គឹមហុង អាយុ៥១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន គាត់គឺជាកសិករនៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

គឹមហុង កើតនៅឆ្នាំ១៩៧០។ រឿងរ៉ាវដែលគាត់ចងចាំមិនភ្លេចនៅក្នុងសម័យខ្មែរក្រហមនោះគឺ នៅពេលព្រឹក និងពេលល្ងាច អង្គការប្រើឲ្យគាត់ទៅទូលជីយកទៅចាក់ក្នុងរណ្ដៅ ហើយពេលថ្ងៃ គាត់ត្រូវឡើងទៅកាប់ដើមទន្ទ្រានខែត្រនៅលើភ្នំ និងយកមកចិញ្ច្រាំដោយខ្លួនឯង។ ពេលទៅកាប់ទន្ទ្រានខែត្រ ប្រសិនបើគាត់ធ្វើទ្រនូលតូចៗ អង្គការ នឹងធ្វើការកសាងគាត់ ៣ ថ្ងៃម្ដង ហើយប្រសិនបើ គឹមហុង កាប់ធ្វើទ្រនូលធំគឺគាត់លើកទូលមិនរួច។ ដើម្បីដោះស្រាយបញ្ហានេះ គឹមហុង ត្រូវលើកទ្រនូលដាក់លើថ្មដើម្បីលើក ហើយពេលខ្លះ ទ្រនូលធ្លាក់មកលើគាត់វិញ ព្រោះតែហែវហត់ខ្លាំងពេកលើកមិនរួច។

នៅក្នុងសម័យនោះ អង្គការមិនបានអនុញ្ញាតឲ្យក្មេងៗស្នាក់នៅជាមួយឪពុកម្ដាយ ឬក៏បងប្អូននោះទេ ហើយក៏មិនដែលបានជួបគ្រួសារដែរ ព្រោះត្រូវទៅធ្វើការងារផ្សេងគ្នា។ មូលហេតុនេះហើយបានជា គឹមហុង ត្រូវលួចទៅជួបម្ដាយ ២ ទៅ៣ថ្ងៃម្ដង នៅពេលដែលគាត់នឹក។ នៅពេលថ្ងៃ គឹមហុង ត្រូវរត់ប្រមាណ ៣គីឡូដី ទៅជួបម្ដាយដែលកំពុងធ្វើការងារ ធាក់រហាត់ទឹកបញ្ជូលស្រែ និងត្រឡប់មកធ្វើការវិញឲ្យទាន់ពេលវេលា។ ពេលជួបម្ដាយ គីមហុង ទទួលបាន ខ្ចៅ ខ្ទង ដែលម្ដាយលួចរើសទុកឲ្យគាត់ស្ងោរហូប។ ការលួចទៅជួបម្ដាយនេះ ប្រសិនបើអង្គការដឹងនឹងធ្វើការកសាង។ បើតាមសម្ដី គឹមហុង ពាក្យថាកសាង គឺអង្គការរិះគន់ ថាយើងកេងកម្លាំង ឬក៏ក្បត់ជាមួយអង្គការ។ នៅពេល គឹមហុង លួចទៅជួបម្ដាយ ស្មើនឹងគាត់ គេចការងារ និងក្បត់បដិវត្តន៍ ព្រោះអង្គការមិនឲ្យក្មេងៗទុកម្ដាយឪពុកជាអ្នកមានគុណនោះទេ។ អំឡុងពេលនោះ គឹមហុង មានអាយុប្រមាណ៧ ទៅ៨ ឆ្នាំ ប៉ុន្តែដោយសារគាត់មាឌធំ ទើបអង្គការប្រើឲ្យទៅធ្វើការងារជាមួយក្មេងធំៗ។

របបអាហារពេលនោះ គឺហូបបបររាវៗលាយជាមួយដើមចេក ហើយប្រសិនបើឃ្លានខ្លាំងពេក គឹមហុង ត្រូវចាប់កូនក្ដាមតូចៗហូបជាមួយស្លឹកអំពិលទាំងឆៅ និងពេលខ្លះត្រូវហូបស្លឹកថ្នឹង។

សម្ភាសន៍ដោយៈ វ៉ែន ចរិយា ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ ភា រស្មី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin