ទូច លី៖ លោកអើយកុំទាន់បាញ់ខ្ញុំចោលអី កូនខ្ញុំនៅតូចណាស់

(តាកែវ)ទូច លី ភេទស្រី អាយុ៦៨ឆ្នាំ ។ បច្ចុប្បន្ន គាត់ធ្វើស្រែនៅ ភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។

នៅពេលខ្មែរក្រហមគ្រប់គ្រងទីក្រុងភ្នំពេញ គ្រួសារ លី  បានជម្លៀសមករស់នៅខាង ភូមិបា នយ ​ឃុំព្រៃអង្គាញ់  ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅព្រៃកប្បាស អង្គការបានយកប្ដីរបស់ លី ទៅសម្លាប់ ដោយចោទថា គាត់ជាអ្នកធ្វើការធំក្នុងសម័យ លន់ នល់។ បន្ទាប់មក អង្គការបានមកហៅ លី ទាំងយប់យកទៅមន្ទីរ ប៉ុន្តែការពិតយកទៅសម្លាប់។

កងឈ្លប បានបណ្ដើរគាត់ទៅ ដោយមានចងដៃទៅក្រោយ។ ពេលធ្វើដំណើរដល់មាត់ព្រែក លី បានសួរទៅអង្គការ អំពីហេតុផលដែលនាំគាត់មកទីនេះ។ ក្រុមកងឈ្លបបានឲ្យគាត់ស្ងាត់មាត់ និងបណ្ដើររហូតទៅដល់កន្លែងសម្លាប់។ មុនពេលបាញ់សម្លាប់ លី មានឈ្លបម្នាក់បានសួរពីមូលហេតុដែល គាត់មិនព្រមរាយការណ៍អំពីសកម្មភាពក្បត់របស់ប្ដី។

លី បានឆ្លើយវិញថាគាត់មិនបានដឹងរឿងអ្វីទេ ហើយគាត់គិតតែខិតខំប្រឹងប្រែងធ្វើការងារ។ លី នៅតែសុំអង្វរទៅកងឈ្លប ដើម្បីឲ្យទុកជីវិតខ្លួន ព្រោះកូនៗរបស់គាត់នៅតូចណាស់។ កងឈ្លប បានប្រាប់អំពីការបាញ់សម្លាប់ប្ដីរបស់គាត់ និងសួរបន្ថែមទៀត ដើម្បីចង់ដឹងថា លី នៅមានការស្រណោះអាល័យប្ដីទេឬទេ។ ដើម្បីរស់ លី សុខចិត្តនិយាយថា “សក់អ្នកណាក្បាលអ្នកហ្នឹង”

ក្រុមកងឈ្លបនៅតែមានបំណងចង់សម្លាប់ លី ប៉ុន្តែគាត់សុំនិយាយលើកចុងក្រោយ និងលើកឧទាហរណ៍សួរទៅក្រុមកងឈ្លបវិញថា លោកបើប្រពន្ធលោកក្បត់ពីមុនមក តើលោកមានដឹងទេ មានដឹងថាប្រពន្ធក្បត់ប្ដី ហើយប្ដីក្បត់ប្រពន្ធទេ។ ខាងកងឈ្លប បានទម្លាក់កាំភ្លើងចុះ ហើយដោះលែង លី ឲ្យត្រឡប់មកចិញ្ចឹមកូនវិញ ព្រោះគាត់ចេះលើកឧទាហរណ៍យករួចខ្លួច។ ពេលធ្វើដំណើរមកវិញ លី បានដើរធ្លាក់ភ្លឺស្រែដោយមិនដឹងខ្លួន ព្រោះស្លុតអារម្មណ៍ខ្លាំងពេក។ ពេលមកដល់ផ្ទះ កូនតូចជាងគេរបស់លី ដែលមានឈ្មោះថា ផល្លា បានបាត់មិនឃើញនៅលើផ្ទះ។

លី មិនហ៊ាន ចុះពីលើផ្ទះ និងចេញដើររកកូននោះទេ ព្រោះខ្លាចអង្កការយកទៅសម្លាប់ទៀត។ មួយសន្ទុះក្រោយមក មាននារីម្នាក់ បានយកកូនរបស់គាត់ត្រឡប់មកវិញ។ នារីនៅព្រៃកប្បាស ម្នាក់នោះមកយក ផល្លា ទៅផ្ទះរបស់គាត់ ដោយសារតែអាណិត ព្រោះឮសម្លេងយំខ្លាំងពេក។

ក្រោយមកទៀត ប្រជាជនថ្មីទាំងអស់ រួមទាំងគ្រួសារ លី ត្រូវបានអង្គការបញ្ជូនតាមរថភ្លើងទៅខាងស្វាយស៊ីសុផុន ខេត្តបាត់ដំបង(បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ គ្រួសារ លី បានធ្វើដំណើរ ៣យប់ ៣ថ្ងៃ ទើបទៅដល់ភូមិក្រសាំងថ្មី។ ពេលទៅដល់ទីនោះដំបូង អង្គការបានប្រើឲ្យ លី និងប្រជាជនថ្មីផ្សេងទៀតស្ទូងស្រូវ។

លី មិនចង់ចុះទឹកនោះទេ ព្រោះនៅក្នុងស្រែសម្បូរសត្វឈ្លើង ប៉ុន្តែដោយសារក្រុមកងឈ្លបយករំពាតខ្សែតីវាយគាត់ទើបព្រមចុះ។ កងឈ្លមនៅក្នុងតំបន់ដែល លី រស់នៅគឺមានអាយុតិចៗហើយខ្លះមើលទៅតូចៗ។ ក្រៅពីការងារធ្វើស្រែ លី បានជម្លៀសពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បី លើកទំនប់ ជីកប្រឡាយ ជីកអាងទឹក។ អំឡុងពេលនោះ លី មានអាយុប្រមាណ១៩ឆ្នាំ។

អង្គការបានឲ្យក្រុមនារី និងក្រុមយុវជនធ្វើការរែកដីឲ្យបាន១ម៉ែត្រការ៉េក្នុងមួយថ្ងៃ ហើយបើធ្វើមិនបានគ្រប់ចំនួន គឺត្រូវកាត់របបអាហារ។ លី តែងតែ យំព្រោះគាត់ធ្វើការងារមិនគ្រប់ផែនការណ៍របស់អង្គការដាក់ឲ្យ ហើយពេលខ្លះមានក្រុមយោធាចិត្តធម៌ជួយលើកបង្គ្រប់ចំនួន ទើបគាត់ទទួលបានអាហារហូប។

លី បានឲ្យដឹងថា ក្នុងមួយឆ្នាំ គាត់អាចហូបបាយបានមួយខែគឺនៅរដូវប្រមូលផល ប៉ុន្តែបាយនោះគឺហូបមិនបានឆ្អែតនោះទេ ព្រោះបានតែមួយពោះវែក។ អាហារដែល លី ទទួលបានភាគច្រើនគឺ បបរលាយដំឡូង ព្រលិត ត្រកួន។ ក្នុងមួយពេល លី បានបបរមួយវែក ហើយបបរនោះដាក់អង្ករ ១កំប៉ុងប៉ុណ្ណោះ សម្រាប់គ្នា១០នាក់។ ប្រជាជននៅក្នុងតំបន់ដែល លី រស់នៅបានស្លាប់ជាច្រើននាក់ដោយសារ ជំងឺហើម ការអត់អាហារ និងយកទៅសម្លាប់។ អង្គការបានចោទប្រជាជនថ្មីថាជាខ្មាំង និងយកទៅសម្លាប់ដោយគ្មានការលាក់បាំង។

លី បានបន្ថែមថា អង្គការបានវាយសម្លាប់មនុស្សប្រមាណ ៦០០ទៅ៨០០នាក់ ទម្លាក់ក្នុងមួយអន្លង់។ កន្លែងដែល លី បានជម្លៀសទៅនៅក្នុងខេត្តបាត់ដំបង មានដូចជា ស្រុកព្រះនេត្រព្រះ សីរីសោភ័ណ(ស្វាយស៊ីសុផុន), ដូនឡឹក ភ្នំលា ឳម៉ាល ជ្រាប់ចាស់ និងជ្រាប់ថ្មី ។

ក្រោយមកទៀត នៅពេលមានទាហានវៀតណាមចូលមក លី បានធ្វើដំណើរត្រឡប់មក ខេត្តតាកែវ វិញ។ នៅតាមផ្លូវ លី បានសុំសម្លៀកបំពាក់ទាហានវៀតណាមដើម្បីស្លៀក ព្រោះអង្គការបានចែកខោអាវឲ្យគាត់បានតែ ២កំប្លេប៉ុណ្ណោះក្នុងរយៈពេល ៣ឆ្នាំ ៨ខែនេះ។ លី បានធ្វើដំណើរមកដល់ស្រុកកំណើត និងចាប់ផ្ដើមប្រកបរបបធ្វើស្រែចិញ្ចឹមកូនៗ។ នៅក្នុងសម័យខ្មែរក្រហម លី បានបាត់បង់ប្ដីម្នាក់ ប្អូនថ្លៃម្នាក់ និងក្មួយម្នាក់។ ប្អូនរបស់ លី ត្រូវបានអង្គការយកទៅសម្លាប់ ដោយសារលួចផ្លែត្រប់ហូប។

សម្ភាសន៍ដោយៈទុយ តារ៉ា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ ភា រស្មី ថ្ងៃទី០២ ខែ១២ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin