ធ្វើការនៅក្នុងក្រុមដេរសម្លៀសបំពាក់

(តាកែវ) ជ្រូ ជ្រិន អាយុ៧៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជ្រិន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៦៩ ជ្រិន រៀបការជាមួយប្រពន្ធរបស់គាត់នៅក្នុងភូមិ។ ចូលដល់សម័យ លន់ នល់  ជ្រិន មានកូន១នាក់ និងប្រកបរបបធ្វើស្រែ និងដេរខោអាវ។

នៅក្នុងសម័យ លន់ នល់ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ជ្រិន មិនសូវបានរស់នៅផ្ទះប៉ុន្មានទេ ព្រោះគាត់ត្រូវរត់ចូលព្រៃ ដើម្បីគេចខ្លួនពីការតាមចាប់យកទៅធ្វើជាទាហាន។ លើសពីនេះទៅទៀត នៅក្នុងភូមិរបស់ ជ្រិន មានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ ជាមួយយុវជនស្ម័គ្រចិត្តរត់ចូលព្រៃ។ នៅផ្ទះរបស់ ជ្រិន និងប្រជាជនផ្សេងទៀត មានជីកត្រង់សេរធំមួយ ប្រក់ឈើធំៗ និងដីពីលើដើម្បីគេចពីការប្រយុទ្ធគ្នា។

នៅឆ្នាំ១៩៧៣ នៅក្នុងភូមិព្រៃលៀប ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែក របស់អាមេរិក គ្រួសាររបស់ ជ្រិន និងអ្នកភូមិផ្សេងទៀត បានជម្លៀសខ្លួនទៅនៅតំបន់ ១០៦។ ការទម្លាក់គ្រាប់បែកនេះ ក្នុងគោលបំណងបំផ្លាញយួន វៀតកុង ប៉ុន្តែជាក់ស្ដែងត្រូវតែផ្ទះប្រជាជន។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ ជ្រិន បានចូលធ្វើការងារនៅក្នុងក្រុមដេរសម្លៀកបំពាក់។ ក្រុមដេរសម្លៀកបំពាក់មានសមាជិក១២នាក់ និងចាប់ផ្ដើមដេរខោអាវ ឲ្យអង្គការនៅក្នុងភូមិព្រៃលៀប។ បន្ទាប់ពីបញ្ចប់ការដេរនៅក្នុងភូមិ ក្រុមរបស់ ជ្រិន ត្រូវចេញទៅដេរ នៅឃុំត្រពាំងរុន និងបន្តទៅដេរនៅស្រុក។ នៅឃុំត្រពាំងរុន អង្គការឲ្យ ជ្រិន ដេរខោខ្លី ដាក់ខ្សែ ឲ្យបាន ៣០ខោក្នុងមួយថ្ងៃ ហើយបើខោអាវវិញ គឺត្រូវដេរឲ្យបាន៣កំប្លេយ៉ាងតិចបំផុត។ ចំពោះខោអាវ ដែលក្រុមរបស់ ជ្រិន ដេររួច អង្គការ យកទៅចែកឲ្យយោធាស្រុក និងនារីស្រុក។ ចំណែកប្រជាជន គឺអង្គការយកខោអាវជជុសពីភ្នំពេញ  មកចែកក្នុងសហករណ៍។

ជារៀងរាល់ថ្ងៃ ជ្រិន ត្រូវក្រោកពីម៉ោង៤ ព្រឹក ធ្វើការងារដាំដំណាំនៅក្នុងភូមិ រហូតដល់ម៉ោង៧។ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៤ល្ងាច ជ្រិន ត្រូវធ្វើការងារស្នូល គឺដេរសម្លៀកបំពាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ បន្ទាប់ពីហូបអាហារពេលល្ងាចរួច ជ្រិន ត្រូវចូលទៅធ្វើការងារដាំដំណាំវិញ រហូតដល់ម៉ោង៩យប់ ទើបបានសម្រាក។

ជ្រិន បានឲ្យដឹងថា គាត់គឺជាប្រជាជនចាស់ ប៉ុន្តែគាត់ហូបអាហារមិនបានគ្រប់គ្រាន់នោះទេ។ ជ្រិន បានបន្តថា គាត់ហូបបាយបានតែ ៣ថ្ងៃប៉ុណ្ណោះ នៅក្នុងពេលប្រមូលផលស្រូវ ហើយបន្ទាប់ពីនោះគឺត្រូវហូបបបរ ជាមួយសម្លរត្រកួន។ នៅក្នុងសម័យខ្មែរក្រហម ជ្រិន មិនបានរស់នៅជុំគ្រួសារនោះទេ ប៉ុន្តែក្នុងមួយខែគាត់អាចត្រឡប់មកសម្រាកជាមួយប្រពន្ធ ៣ដងគឺ ថ្ងៃទី១០ ទី២០ និងទី៣០។

នៅក្នុងសម័យខ្មែរក្រហម ជ្រិន មិនដឹងថាមានការសម្លាប់មនុស្សនោះទេ ប៉ុន្តែគាត់ដឹងថាមានការបាត់ប្រជាជន ព្រោះគាត់បានឃើញកម្មាភិបាលមកហៅប្រជាជនយកទៅរៀនសូត្រ។ នៅឆ្នាំ១៩៧៩ នៅពេលមានវៀតណាម ចូលមក គ្រួសាររបស់ ជ្រិន បានជម្លៀសរត់ចេញពីភូមិ។ នៅពេលជម្លៀស ជ្រិន បានជួបប្អូនប្រុសរបស់គាត់ម្នាក់ ដែលបានចេញទៅធ្វើជាយោធាខ្មែរក្រហម។ ជ្រិន បានហៅប្អូនប្រុសម្នាក់នោះឲ្យមកផ្ទះជាមួយគាត់វិញ ប៉ុន្តែត្រូវបានប្អូនបដិសេដ។ ពេលបែកសម័យខ្មែរក្រហម ជ្រិន ចាប់ផ្ដើមប្រកបរបបធ្វើស្រែ និងដេរសម្លៀកបំពាក់បន្តទៀត។ ចំពោះប្អូនប្រុសដែលចេញទៅធ្វើជាយោធាខ្មែរក្រហម គឺបាត់ដំណឹងរហូតដល់បច្ចុប្បន្ន។

សម្ភាសន៍ដោយ៖ ទុយ ដារ៉ា ថ្ងៃទី១៨ ខែសីហា ២០២៤

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin