ប្រាក់ ជឿន កងការពារជំនិតម្នាក់របស់ សោ ភឹម ដែលនៅមានជីវិត

មន្ទីរនីរសាភូមិភាគ ស្ថិតនៅក្នុងខេត្តស្វាយរៀង នៃភូមិភាគបូព៌ា)។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)។

បន្ទាប់ពីព្រឹត្តិការណ៍ធ្វើអត្តឃាតរបស់ សោ ភឹម លេខាភូមិភាគបូព៌ាមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនត្រូវបានសម្លាប់ និងចាប់ខ្លួន។ ការសម្លាប់ខ្លួនរបស់ សោ ភឹម គឺដើម្បីគេចចេញពីការចាប់ខ្លួនរបស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាដែលចោទប្រកាន់ថាគាត់ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ដោយបានចូលដៃជាមួយវៀតណាមចង់ធ្វើរដ្ឋប្រហារផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០០៦ ខៀវ សំផន បានលើកឡើងថា វន វ៉េត និង សោ ភឹម ត្រូវបានចាប់ខ្លួនដោយសារតែអ្នកទាំងពីរជាភ្នាក់ងាររបស់យួន។[1]

កម្មាភិបាល កងទ័ពបក្សកុម្មុយនីស្តកម្ពុជា (កបម) ឬប្រជាជន ត្រូវបានចោទប្រកាន់ថាក្បត់ សមាសភាពមិនល្អ ឬខ្សែរយៈវៀតណាម (យួន) ឬពាក់ព័ន្ធជាមួយលេខាភូមិភាគបូព៌ាត្រូវបានបោសសម្អាតឬសម្លាប់ និងជម្លៀស​ទៅកន្លែងផ្សេង​ៗពិសេសទៅភូមិភាគពាយ័ព្យដើម្បីតាមដាន ថាអ្នកភូមិភាគបូព៌ានេះប្រឆាំងនឹងមាគ៌ារបស់បក្ស និង/ឬ ថាតើអ្នកទាំងនោះមានជាប់ពាក់ព័ន្ធជាប់ខ្សែរយៈជាមួយវៀតណាមឬយ៉ាងណា។[2]

ប្រាក់ ជឿន[3] អាយុ៥៧ឆ្នាំ (ឆ្នាំ២០១៥) ភេទប្រុស មានស្រុកកំណើត និងរស់នៅភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជឿន រៀនបានត្រឹមថ្នាក់ទី១០ (ពីសង្គមចាស់ស្មើថ្នាក់ទី៣បច្ចុប្បន្ន)។ ប្រពន្ធឈ្មោះ ងួន សុខាន និងមានកូន៤នាក់។ ឪពុកឈ្មោះ ប្រាក់ ទួន ជាបងជីដូនមួយជាមួយនឹង សោ ភឹម និងម្តាយឈ្មោះ ស៊ិន អ៊ុត។ ជឿន ជាកូនទី៥ ក្នុងចំណោមបងប្អូន៧នាក់​។ នៅក្នុងរបបខ្មែរក្រហមបងប្អូនគាត់ទាំងអស់រស់នៅជាមួយគ្រួសារ សោ ភឹម នៅក្នុងមន្ទីរទួលព្រាប ខេត្តកំពង់ចាម ដែលជាមន្ទីរមួយរបស់ភូមិភាគបូព៌ា​។ ក្រោយការបោសសម្អាតខ្សែក្បត់ភូមិភាគនេះបងប្រុសគាត់ពីរនាក់ និងបងស្រីម្នាក់បានស្លាប់​។ បងប្រុសទី១ ឈ្មោះ ប្រាក់ ជឿក ជាប្រធានកងការពារប្រពន្ធ សោ ភឹម ត្រូវបានសម្លាប់ដោយទម្លាក់ចូលក្នុងអណ្តូង។ បងប្រុសទី៤ ឈ្មោះ ប្រាក់ ឈម ដែលជាកងការពារ សោ ភឹម ត្រូវបានកម្មាភិបាលភូមិភាគនារតីសម្លាប់នៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងបងស្រីទី២ ឈ្មោះ ប្រាក់ នីន បានស្លាប់នៅមន្ទីរទួលព្រាបដោយសាររាកៃកំាភ្លើង។

សោ ភឹម ដែលជាលេខាភូមិភាគបូព៌ា (ភូមិភាគ២០៣) និងជាសមាជិកគណៈមជ្ឈិម បានធ្វើអត្តឃាតនៅខែមិថុនា ឆ្នាំ១៩៧៨។ ឌុច ធ្វើការបកស្រាយថា ការចាប់ខ្លួន សោ ភឹម ត្រូវបានសម្រេចដោយគណៈអចិន្រ្តៃយ៍ ហើយថា សុន សេន បានហៅ សោ ភឹម ពីសមរភូមិ ភូមិភាគបូព៌ាដើម្បីប្រាប់ដំណឹងថាការព្រមព្រៀងរួចរាល់ហើយ។ សោ ភឹម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងអស់រយៈពេលជាយូរជាមួយស្រុកពញាក្រែក ហើយជាពិសេសជាមួយភូមិ «បុស្ស» ដែលស្ថិតនៅខាងលិចស្ទឹងតូចប្រមាណ១០គីឡូម៉ែត្រ។ ថ្នាក់ដឹកនាំបក្សកុម្មុនីស្តកម្ពុជា រួមទាំង នួន ជា ក៏បានដឹងរឿងនេះដែរ ហើយអ្នក​ភូមិបុស្សត្រូវបានសម្លាប់បន្ទាប់ពី សោ ភឹម បានធ្វើអត្តឃាត។[4]

ភូមិភាគបូព៌ារួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ផ្នែកខ្លះនៃខេត្តកំពង់ចាម ដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទាំងអស់ និងកាត់ចេញពីស្រុកមួយក្នុងខេត្តក្រចេះគឺស្រុកឆ្លូង និងកាត់យកស្រុកខ្លះពីខេត្តកណ្តាលដែលរួមមានស្រុកខ្សាច់កណ្តាល ល្វាឯម និងមុខកំពូល​។ ភូមិភាគនេះចែកចេញជា៥តំបន់ដែលរួមមានតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។[5]

តាមការរៀបរាប់របស់ ជឿន សោ ភឹម មានកូនចំនួន៣នាក់ គឺទី១ ភេទប្រុស ឈ្មោះណាត អាយុប្រមាណ២៥ឆ្នាំ (នៅឆ្នាំ១៩៧៥) ជាប្រធានពេទ្យ ព១ នៃភូមិភាភបូព៌ា។ ណាត ត្រូវបានសម្លាប់ដោយទម្លាក់ចូលទន្លេនៅតំបន់អ្នកលឿងក្រោយពីការធ្វើអត្តឃាតរបស់ឪពុក ទី២ ភេទស្រី ឈ្មោះ ស៊ី រស់នៅខេត្តបាត់ដំបង។ ស៊ី បានរៀបការជាមួយកូនប្រុសរបស់ រស់ ញឹម លេខាភូមិពាយ័ព្យ នៅចុងឆ្នាំ១៩៧៥ ឬដើមឆ្នាំ១៩៧៦។ អ្នកទាំងពីររៀបការនៅពេលនោះចំនួន៥គូ។ និងកូនទី៣ ភេទស្រី ឈ្មោះ ក្តេវ ហៅ ស៊ិច រស់នៅជាមួយម្តាយ។ កូនទី២ និងទី៣ ជឿន មិនដឹងថាមានវាសនាយ៉ាងណានោះទេបន្ទាប់ពីឪពុកស្លាប់។ យោងតាមសៀវភៅដែលមានចំណងជើងថា «នៅពេល​សង្គ្រាមរលត់ទៅសរសេរដោយអ្នកនិពន្ធអេលីហ្សាបែត ប៊េកខ័រ» នៅទំព័រទី៤១៤ សរសេរថា «ប្រពន្ធ និងកូន​ៗ​របស់ ​សោ ភឹម ក៏ត្រូវបានបាញ់សម្លាប់ចោលដែរ ក្នុងរយៈពេលដែលប្រពន្ធកូនគាត់កំពុងតែខំប្រឹងកប់សាកសពរបស់ សោ ភឹម ដែលបានធ្វើអត្តឃាត»។

សោ ភឹម កូន និងប្រពន្ធ រស់នៅ និងធ្វើការនៅមន្ទីរផ្សេងគ្នាក្នុងភូមិភាគបូព៌ា។ យូរៗម្តង ជឿន បានឃើញគ្រួសារបស់ សោ ភឹម បានមកជួបជុំគ្នានៅមន្ទីរទួលព្រាប។ សោ ភឹម តែងធ្វើការ និងធ្វើដំណើរជាញឹកញាប់នៅកាន់ខេត្តកំពង់ចាម ខេត្តព្រៃវែង តំបន់២០ តំបន់២១ តំបន់២២ និងតំបន់២៣ និងតំបន់២៤។

រស់ ញឹម ជាលេខាភូមិភាគពាយ័ព្យ (ភូមិភាគ៥៦០) ភូមិភាគនេះរួមមានខេត្តពោធិ៍សាត់ និងបាត់ដំបងទាំងមូល ដែលចែកចេញជា៧តំបន់គឺតំបន់១ តំបន់២ តំបន់៣ តំបន់៤ និងតំបន់៥ តំបន់៦ និងតំបន់៧​។[6] រស់ ញឹម បានស្លាប់ក្នុងខែមិថុនា ឆ្នាំ១៩៧៨។[7]  

ខែមិថុនា ឆ្នាំ១៩៧៥ ជឿន មានអាយុប្រមាណ១៧ឆ្នាំ បានចូលបម្រើការជាកងការពារ សោ ភឹម​ ជាមួយនឹងយុវជនដទៃទៀតក្នុងភូមិចំនួន៩នាក់ដែលសុទ្ធសឹងតែជាសាច់ញាតិជាមួយ សោ ភឹម។ ការធ្វើជាកងការពារនេះគឺក្រោយពេលដែលបងប្រុសរបស់គាត់២នាក់បានធ្វើជាកងការពារ សោ ភឹម និងប្រពន្ធ តាំងពីចលនាខ្មែរក្រហមនៅជាកម្លាំងតស៊ូក្នុងព្រៃ។ ជឿន ត្រូវបាន សោ ភឹម ទុកចិត្តព្រោះតែមានការណែនាំពីឪពុករបស់គាត់ដែលជាបងជីដូនមួយបង្កើត សោ ភឹម​។ ចំណែកប្អូនៗរបស់ ជឿន ក៏បានទៅរស់នៅជាមួយគ្រួសារ សោ ភឹម ផងដែរនៅមន្ទីរទួលព្រាប។ នៅ ភូមិភាគបូព៌ា មានឡានចម្រុះប្រមាណ៤០គ្រឿង។ ឡានដែល សោ ភឹម ឧស្សាហ៍ប្រើប្រាស់ប្រចាំថ្ងៃចំនួន៥គ្រឿង ដែលជាប្រភេទឡាន ឡង់រ៉ូវែលពណ៌ស និងម៉ាកស៊ឺដេស។[8] ជឿន បានពិពណ៌នាពីរូបរាង និងភិនភាគរបស់ សោ ភឹម និងប្រពន្ធថា៖ សោ ភឹម មានមាឌធំរាង​ក្រអាញ ទម្ងន់ប្រមាណ៨០គីឡូ សម្បុរស កម្ពស់ប្រមាណ១ម៉ែត្រ និងចិតជាង។ សោ ភឹម ធ្លាប់ទៅព្យាបាលជំងឺនៅប្រទេសចិនចំនួន២ខែ។ ប្រពន្ធ គាត់មិនស្គាល់ឈ្មោះពិតទេស្គាល់តែឈ្មោះហៅក្រៅថាយាយការ៉ូ មានធាត់មាឌធំ ទម្ងន់ប្រមាណ៨០គឺឡូ សម្បុរសណ្តែកបាយ សក់ខ្លីរួញអង្គាដី កម្ពស់ប្រមាណ១ម៉ែត្រ និងហុកជាង​។ គាត់ឧស្សាហ៍ស្លៀតសំពត ឬខោខ្មៅ និងពាក់អាវខ្មៅ។

ក្រោយពីចូលធ្វើជាកងការពារ ជឿន ទទួលបានការបណ្តុះបណ្តាលពីរបៀបការពារថ្នាក់ដឹកនាំ ដោយរៀនពីរបៀបដើរ ឈរ និងការធ្វើលំហាត់ប្រាណ។ អ្នកឧទ្ទេសនាមវគ្គបណ្តុះបណ្តាលគឺឈ្មោះ យូន ដែលជាប្រធានកងការពារឲ្យ សោ ភឹម នៅមន្ទីរសួងនៅជិតផ្ទះរបស់ សោ ភឹម ដែលនៅឃុំកណ្តោលជ្រុំ ខេត្តកំពង់ចាម។ ក្នុងភូមិភាគបូព៌ានេះ ជឿន បានដឹងថាមាន៤កងពល គឺកងពលលេខ១ លេខ៣ លេខ៤ និងលេខ៥។ ក្រៅពីការងារជាកងការពារ ការងារប្រចាំថ្ងៃរបស់ ជឿន ត្រូវជម្រះស្មៅ បូមទឹកដាក់ស្រែ ប្រសិនបើគ្មានភារកិច្ចទៅការពារនោះទេ។ ជឿន មិនកាន់អាវុធទេ។

ជឿន បន្តថា សោ ភឹម មានកងការពារផ្ទាល់ចំនួន២០នាក់ និងកងការពារផ្សេងទៀត ប្រមាណរាប់រយនាក់។ ជឿន ស្ថិតក្នុងចំណោមកងការពារផ្ទាល់។ ជឿន តែងតែទៅការពារលេខាភូមិភាគបូព៌ានេះជានិច្ចរៀងរាល់ពេលចេញក្រៅ។ ជឿន និយាយថា «រាល់ពេលចេញក្រៅដើម្បីសង្កេតសភាពការណ៍ក្នុងសមរភូមិ និងទៅប្រជុំតាមមូលដ្ឋាន រាល់ម្ហូបអាហារសម្រាប់ សោ ភឹម ខ្ញុំត្រូវហូប សាក​ល្បង (ភ្លក់) មុនខ្លាចមានសារជាតិពុល»។ សោ ភឹម ចូលចិត្តហូបសម្លម្ជូរ សម្លកកូរ សម្លសម្លក់ និងភ្លា ព្រមទាំងផ្អកត្រីប្រៃ។ ជឿន ឧស្សាហ៍ឃើញបងប្អូនរបស់ សោ ភឹម យកបន្លែ និងត្រី ពីស្រែមកផ្ញើ។ គាត់មិនចូលចិត្តហូបសាច់គោទេ។ នៅពេលគាត់ជួបជុំជាមួយភ្ញៀវបររទេស ឬមកពីភ្នំពេញ ជឿន ឃើញ សោ ភឹម ពិសារស្រា និងជក់បារីកំប៉ុង(១កំប៉ុងមាន៣០ដើម) នាំចូលពីប្រទេសចិន។[9]

ក្នុងឆ្នាំ១៩៧៦ និងឆ្នាំ១៩៧៧ ជឿន ធ្លាប់តាមការពារលេខាភូមិភាគបូព៌ាទៅតាមកន្លែងជាច្រើនដូចជា ក្រុងភ្នំពេញ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តបាត់ដំបង និងតាមតំបន់ព្រំដែនប្រទេសកម្ពុជាជាមួយនឹងវៀតណាម។ ជឿន និយាយថា លេខាភូមិភាគបូព៌ាធ្លាប់ចូលរួមកិច្ចប្រជុំនៅទីក្រុងភ្នំពេញជាញឹកញាប់។ កន្លែងដែលគាត់ធ្លាប់ប្រជុំមានទាំងក្នុងព្រះបរមរាជវាំង និងតាមមន្ទីរក្រសួងផ្សេងៗ។ ជឿន ក៏ធ្លាប់ឃើញថ្នាក់ដឹកនាំរបបខ្មែរក្រហមបានប្រជុំជាមួយ សោ ភឹម រួមមាន៖ ប៉ុល ពត ខៀន សំផន នួន ជា អៀង សារី វ៉ន វេត ជាដើម។ អំឡុងពេល សោ ភឹម ជួបជាមួយ ប៉ុល ពត ជឿន បានឮ ប៉ុល ពត ហៅ សោ ភឹម ថា បង និង សោ ភឹម បានហៅ ប៉ុល ពតថា សមមិត្ត ព្រោះ សោ ភឹម មានអាយុច្រើនជាង ប៉ុល ពត។ ជឿន បានពិពណ៌នារូបរាងរបស់ ប៉ុល ពត ថា កម្ពស់ប្រមាណ១ម៉ែត្រ ៧៨ សង់ទីម៉ែត្រ និងមានមាឌធំ។

កិច្ចប្រជុំនៅភ្នំពេញភាគច្រើនធ្វើឡើង១ថ្ងៃ ជឿន ឲ្យដឹង សោ ភឹម មិននៅសម្រាកភ្នំពេញទេ លុះត្រាតែប្រជុំលើសពី១ថ្ងៃ។ ជឿន បានរៀបរាប់ពីកិច្ចប្រជុំដែលមានរយៈពេល៣ថ្ងៃថា គាត់បាន សម្រាកនៅភ្នំពេញឃើញស្ថានភាពភ្នំពេញស្ងាត់ជ្រងំជាទីក្រុងដែលគេបោះបង់ចោល។ នៅពេលនោះមានរោងបាយតែ៣កន្លែងប៉ុណ្ណោះសម្រាប់អ្នកចូលរួមប្រជុំ​អាចហូបបាយបានគឺ នៅម្តុំផ្សារអូរឬស្សី ទួលគោក និងចំការមន​។

ចំណែកនៅភូមិភាគបូព៌ាវិញ ជឿន ក៏ធ្លាប់ឃើញថ្នាក់ដឹកនាំខ្មែរក្រហម ដូចជា ប៉ុល ពត នួន ជា អៀង សារី និង ខៀវ សំផន បាននាំភ្លៀវជនជាតិចិនទៅធ្វើទស្សនកិច្ចនៅមន្ទីរ​សួង ស្ថិតនៅក្នុងខេត្តកំពង់ចាម ចំនួនពីរលើក។ គឺលើកទី១ គណៈប្រតិភូចិនបានសម្រាកនៅមន្ទីរសួង ជាមួយនឹង សោ ភឹម និងលើកទី២ គណៈប្រតិភូចិនបានប្រជុំរយៈពេលខ្លីក៏ត្រឡប់ទៅភ្នំពេញវិញ។ រៀងរាល់ពេលដែលគណៈប្រតិភូត្រឡប់ទៅវិញខាងកងការពារភូមិភាគបូព៌ាតែងតែជូនដំណើរឡានចំនួន៥គ្រឿងរហូតដល់ទន្លេបិទ គណៈប្រតិភូឆ្លងទន្លេត្រឡប់ទៅភ្នំពេញវិញ ទើបកងការពារត្រឡប់មកមន្ទីរវិញ​។​ សោ ភឹម ក៏ធ្លាប់ធ្វើទស្សនកិច្ចទៅកាន់ខេត្តបាត់ដំបងម្តងដោយបានជួបជាមួយនឹងដន្លង រស់ ញឹម។ អ្នកទាំងពីរបានទៅខេត្តសៀមរាប​ទស្សនាប្រាសាទអង្គរវត្ត រយៈពេល១ថ្ងៃ។ តាមការអង្កេតរបស់ ជឿន អ្នកទាំងពីរមានភាពស្និទ្ធស្នាលគ្នាខំា្លងជាងជាមួយមេដឹកនាំរបបខ្មែរក្រហមដទៃទៀត។

ឆ្នាំ១៩៧៨ សោ ភឹម ត្រូវបានធ្វើអត្តឃាតដើម្បីគេចចេញពីការចាប់ខ្លួនរបស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាដែលបានចោទគាត់ថាបានឃុបឃិតជាមួយវៀតណាមមានគម្រោងផ្តួលរលំរបបខ្មែរក្រហម​។ ប៉ុន្តែបើតាមការលើកឡើងរបស់ ជឿន ដែលជាកងការពារ សោ ភឹម មិនបានក្បត់របបខ្មែរក្រហមទេ។ ជឿន បានបាននិយាយថា «មូលហេតុដែលអង្គការចង់សម្លាប់ សោ ភឹម ដោយបានចោទប្រកាន់ថាគាត់បានដឹកស្រូវ អង្ករ កៅស៊ូ ទៅឲ្យយួនបើតាមខ្ញុំមើលដូចវាមិនមានទង្វើនេះនោះទេ»។ តាមខ្ញុំដឹងវៀតណាមមិនមានការទាក់ទង សោ ភឹម ទេ។  ជឿន បានរំលឹកព្រឹត្តិការណ៍មុនការសម្លាប់ខ្លួនរបស់ សោ ភឹម ថា មានព័ត៌មានមិនល្អពីភូមិភាគបូព៌ាត្រូវបានផ្សព្វផ្សាយក្នុងចំណោមកម្មាភិបាលភូមិភាគនេះ​។ នៅខេត្តព្រៃវែងភ្លាមៗនោះ សោ ភឹម បានដឹកនាំកិច្ចប្រជុំមួយមានរយៈពេល២ម៉ោងដែលមានការចូលរួមពីសំណាក់គ្រប់ប្រធានកងពល និងខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធក្នុងភូមិភាគជាច្រើនរយនាក់ទៀតទាក់ទងនឹងព័ត៌មាននេះ។ ជឿន មិនបានដឹងពីខ្លឹមសារប្រជុំនោះទេ ប៉ុន្តែក្រោយពីកិច្ចប្រជុំមានអ្នកចូលរួមម្នាក់បានប្រាប់ ជឿន ថាឲ្យប្រុងប្រយ័ត្ន។ ក្រោយប្រជុំ សោ ភឹម បានទៅសម្រាកនៅមន្ទីរទួលព្រាបជាមួយប្រពន្ធ ចំណែក ជឿន និងកងការពារចំនួន៧នាក់បានមកសម្រាកនៅមន្ទីរសួង។ ថ្ងៃបន្ទាប់ ជឿន មានជំងឺផ្តាសសាយ គាត់បានសុំអនុញ្ញាតច្បាប់សម្រាក ឈ្មោះ ភី បានមកជំនួសការងារគាត់។ រំលងមួយថ្ងៃមានព្រឹត្តិការណ៍ធំមួយបានកើតឡើងនៅសួងមានកងទ័ពមកពីតំបន់ផ្សេង ជឿន មិនដឹងថាមកពីភូមិភាគណានោះទេបានមកចាំស្ទាក់ផ្លូវ និងស្ទាក់ចាប់ឡានទាំងអស់ដែលរបស់ភូមិភាគបូព៌ា។

បងប្រុសរបស់ ជឿន ឈ្មោះ ប្រាក់ ជឿក ដែលជាប្រធានកងការពារប្រពន្ធ សោ ភឹម បានទៅសួរនាំអំពីការចាប់ឃាត់ឡានទាំងនោះក៏ត្រូវកងទ័ពដែលមកពីតំបន់ផ្សេងចាប់ខ្លួន រួចក្រោយមក ជឿន ដឹងថាបងប្រុសត្រូវបានយកទៅសម្លាប់ដោយទម្លាក់​ចូលក្នុងអណ្តូង។ កម្មាភិបាលនៅមន្ទីរនៃភូមិភាគបូព៌ាត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ មន្ទីរសួងត្រូវបានកងទ័ពរាប់រយគ្នាបានឡោមព័ទ្ធ និងមានការប្រយុទ្ធគ្នាធ្វើឲ្យកងការពារម្នាក់ឈ្មោះ ពេញ បានស្លាប់។ ចំណែក ជឿន បានរត់ចេញផុតពីការឡោមព័ន្ធ។ នៅខាងក្រៅមានយន្តហោះបានហោះបាចខិត្តប័ណ្ណផ្សព្វផ្សាយថា សោ ភឹម ក្បត់នឹងអង្គការ។ ចាប់ពីពេលនោះមក ជឿន លែងបានជួប សោ ភឹម រហូតមក។ ជឿន បានរត់គេចខ្លួនពីមន្ទីរសួងទៅតំបន់ឈូក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ តំបន់ឈូកជាកន្លែងសេនាធិការរបស់ភូមិភាគ និងជាកន្លែងផ្ទុកគ្រាប់ និងកាំភ្លើង តូច ធំ។ ក្រោយៗមកមានការបោសសម្អាតទ្រង់ទ្រាយធំលើកម្មាភិបាល និងយុទ្ធជនពាក់ព័ន្ធគ្រប់ទីកន្លែងនៃភូមិភាគនេះ។

ភូមិភាគបូព៌ាមានការចាប់ខ្លួនមនុស្សបានកើនឡើងដល់១,១៦៥នាក់ ដោយមានការចាប់ខ្លួនមនុស្សប្រហែល៥០០នាក់ តែក្នុងអំឡុងពេលនៃខែមិថុនា ឆ្នាំ១៩៧៨ ក្រោមការធ្វើអត្តឃាតរបស់ សោ ភឹម។[10]

នៅស្រុកក្រូចឆ្មារ ជឿន បានជួបជាមួយ ឈ្មោះ ម៉ៅ ភោគ ជាសេនាធិការភូមិភាគបាននាំទ័ពជាច្រើនចូលទៅប្រទេសវៀតណាម។ ភោគ បានចូលទៅដល់ប្រទេសវៀតណាម ប៉ុន្តែ ជឿន មិនអាចចូលទៅបាន។ ជឿន ត្រូវបានរបបខ្មែរក្រហមតាមស្រាវជ្រាវរកដើម្បីសម្លាប់ដោយសារតែគាត់ធ្លាប់ជាកងការពារលេខាភូមិភាគបូព៌ាប៉ុន្តែជាសំណាងល្អអាចគេចផុតជាបន្តបន្ទាប់។ ដោយគ្មានកន្លែងត្រូវទៅជឿន ក៏សម្រេចចិត្តត្រឡប់ទៅមកភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលជាភូមិកំណើតវិញ។ ពេលទៅដល់ ជឿន បានដឹងថាឪពុកម្តាយរបស់គាត់ និងបងប្អូនចំនួន១០គ្រួសារ ត្រូវបានខ្មែរក្រហមចាប់ដាក់គុកនៅវត្តក្តីដូង និងគុកពពលវិល ដោយសារតែជាប់ជាបងប្អូនរបស់ សោ ភឹម​។ នៅថ្ងៃរំដោះវៀតណាមបានវាយចូលមកជួយ​សង្គ្រោះអ្នកជាប់ឃុំ និងឪពុក ម្តាយ បងប្អូន របស់ ជឿន ក៏មានសេរីភាពឡើងវិញ។

ក្រោយឆ្នាំ១៩៧៩ ជឿន បានចូលបម្រើការងារជាទាហាន និងទទួលបានការបណ្តុះបណ្តាលជាច្រើនក្នុងនាមជាកងកម្លាំង។ នៅឆ្នាំ១៩៩២ ដោយសារគ្មានអ្នកណាជួយធ្វើស្រែគ្រួសារគាត់បានឈប់ធ្វើទាហាន និងបានមករស់នៅជួបជុំសមាជិកគ្រួសាររហូតដល់សព្វថ្ងៃ។


អត្ថបទដោយ៖ អេង សុខម៉េង

[1] អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ដីកាដំណោះស្រាយសំណុំរឿង ០០២ របស់ការិយាល័យសហចៅក្រមស៊ើបអង្កេត, D427, ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០, ទំព័រទី៣៩៨។

[2] ស្ទួន, ទំព័រទី៩៣។

[3] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ដោយ សុខ វណ្ណៈ និងឡុងដានី, ក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ, ឆ្នាំ២០១៥ (Promoting Accountability) SVI0០៨៦, ទំព័រទី៣។

[4] អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ដីកាដំណោះស្រាយសំណុំរឿង ០០២ របស់ការិយាល័យសហចៅក្រមស៊ើបអង្កេត, D427, ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០ ទំព័រទី៣០៨។

[5] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), មជ្ឈមណ្ឌលឯកសារកម្ពុជា, ឆ្នាំ២០២០, ភ្នំពេញ, បោះពុម្ភលើកទី២, ទំព័រទី៣៣។

[6] ស្ទួន, ទំព័រទី៣៤។

[7] អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ដីកាដំណោះស្រាយសំណុំរឿង ០០២ របស់ការិយាល័យសហចៅក្រមស៊ើបអង្កេត, D427, ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០ ទំព័រ ៣០៩។

[8] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ដោយ សុខ វណ្ណៈ និងឡុង ដានី, ក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ, ឆ្នាំ២០១៥ (Promoting Accountability) SVI00៨៦ ទំព័រទី៧។

[9] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ដោយ សុខ វណ្ណៈ និងឡុង ដានី, ក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ, ឆ្នាំ២០១៥ (Promoting Accountability) SVI00៨៦, ទំព័រទី១០

[10] អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ដីកាដំណោះស្រាយសំណុំរឿង ០០២ របស់ការិយាល័យសហចៅក្រមស៊ើបអង្កេត, D427, ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០, ទំព័រទី១៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin