បង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម ព្រោះមិនចង់ឲ្យឪពុកត្រូវទទួលទារុណកម្ម

រូបតំណាង ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅអាយុ១៨ឆ្នាំ លឿ បានបង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម តាមការអូសទាញរបស់ប្រធានភូមិ។ ការចូលបដិវត្តន៍របស់ លឿ កើតឡើងបន្ទាប់ពី សម្ដេច នរោត្តម សីហនុ(ព្រះបរមរតនកោដ្ឋ) ប្រកាសឲ្យកូនចៅចូលព្រៃម៉ាគី។ នៅឆ្នាំ១៩៧១ លឿ បានស្នើសុំអង្គភាពដើម្បីត្រឡប់មកភូមិកំណើតវិញ ដើម្បីព្យាបាលជំងឺគ្រុនចាញ់ ប៉ុន្តែពេលមកដល់ផ្ទះ គាត់ត្រូវបានប្រជាជននៅក្នុងភូមិរើសអើង។ ក្រោយមក លឿ សម្រេចចិត្តត្រឡប់ចូលទៅធ្វើជាយោធាវិញ និងបានធ្លាក់ខ្លួនពិការជើង ដោយសារត្រូវគ្រាប់កាំភ្លើង។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់ លឿ ចាប់តាំងពីគាត់នៅជាកុមារភាព រហូតដល់ខ្មែរក្រហមដួលរលំ៖

ឈ្មោះ កែវ លឿ[1] ហៅផល ភេទប្រុស អាយ៥៤ឆ្នាំ(២០០៥)។ លឿ រស់នៅភូមិជាំផល ឃុំមានជ័យ ខេត្តកំពង់ធំ។ ឪពុករបស់ លឿ ឈ្មោះ កែវ លាង ហើយម្ដាយឈ្មោះ សន និងមានបងប្អូន ៣នាក់។ ប្រពន្ធរបស់គាត់ ឈ្មោះ សុខ សារ៉េត និងមានកូន៨នាក់។ កាលពីក្មេង លឿ បានចូលបួសរៀនត្រឹមថ្នាក់ទី៣ នៃសាលាបាលី ក្នុងវត្ត ងន (ប្រសិនជាប្រៀបទៅក្មេងក្នុងសម័យនោះថ្នាក់ទី៧)។ នៅឆ្នាំ១៩៧០ លឿ បានឈប់រៀន ហើយលាចាកសិក្ខាបទត្រឡប់មកផ្ទះវិញ ដោយសារតែមានសង្គ្រាមរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីដំណែងប្រមុខរដ្ឋ។ ពេលមកដល់ផ្ទះ លឿ ចាប់ផ្ដើមជួយធ្វើស្រែ ឪពុក ម្ដាយ។

ក្រោយមកទៀត នៅពេល លឿ រស់នៅជាមួយគ្រួសារបាន៣ខែ  ប្រធានភូមិឈ្មោះ ចាន់ បញ្ជូនគាត់ឲ្យទៅធ្វើជាយោធា។ លឿ បានឲ្យដឹងថា គាត់មិនចង់ទៅធ្វើជាយោធានោះទេ ប៉ុន្តែដោយសារតែខ្លាចឪពុករបស់គាត់ត្រូវទទួលទារុណកម្ម ទើបគាត់យល់ព្រមទៅ។ លឿ បានធ្វើដំណើរចេញពីភូមិជាមួយយុវជន ២៣នាក់ផ្សេងទៀត ហើយមកដល់ពេលបច្ចុប្បន្ន ឃើញមានតែ៣នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ លឿ បានចូលទៅហាត់ក្បួនយោធានៅស្រុកសណ្ដាន់រយៈពេល២ខែ។ នៅពេលបញ្ចប់វគ្គ លឿ ទទួលបានតួនាទីជាគ្រូបង្ហាត់យុវជនថ្មីៗដែលត្រូវបានអង្គការបញ្ជូនមក។

នៅឆ្នាំ១៩៧១ លឿ បានស្នើសុំអង្គភាពត្រឡប់មកផ្ទះវិញ នៅពេលដែលខ្លួនកើតជំងឺគ្រុនចាញ់។ នៅក្នុងសហករណ៍ ប្រជាជនទាំងអស់មិននិយាយស្ដីជាមួយ លឿ ព្រោះគិតថា គាត់ជាយោធា រត់​ត្រឡប់មកផ្ទះវិញ។ បន្ទាប់ពីទទួលបានការរើសអើងពីអ្នកភូមិ លឿ បានសម្រេចចិត្តចូលទៅធ្វើជាយោធាវិញ បន្ទាប់ពីសម្រាកអស់រយៈពេល៣ខែ។ លឿ បានចេញដំណើរពីភូមិជាលើកទី២ និងចូលមកវឹកហាត់ក្បួនទ័ពបន្ថែមទៀត នៅក្នុងជំរំ១០ និង១១។ ពីរខែក្រោយ បន្ទាប់ពីបញ្ចប់ការវឹកហាត់ លឿ បានបន្តធ្វើជាយុទ្ធជនក្នុងកងពល៣១០ និងកាន់កាំភ្លើងចុះសមរភូមិ។ សមរភូមិដំបូងរបស់ លឿ គឺនៅ ដេសែប រួចបន្តទៅប្រម៉ាត់ដី អូក្អែកព, សាន់គ និងរលួស។ លឿ បានប្រយុទ្ធសមរភូមិជុំវិញខេត្តកំពង់ធំ និងបានឡើងឋានៈ ជាអនុកងតូចគ្រប់គ្រង យុទ្ធជន ៣០នាក់។

នៅឆ្នាំ១៩៧៣ សំបូរ ដែលជាប្រធានកងពល និងយាន អនុប្រធាន បានបញ្ជូន លឿ ឲ្យទៅភ្នំគូលែន ខេត្តសៀមរាប ដើម្បីទទួលសម្ដេចព្រះ នរោត្តម សីហនុ ដែលទ្រង់យាងត្រឡប់មកពីទីក្រុង ប៉េកាំង។ បើតាមសម្ដីរបស់ លឿ បានលើកឡើងថា ព្រះបាទ នរោត្តម សីហនុ យាងត្រឡប់មកវិញនេះ គឺដើម្បីសួរសុខទុក្ខកូនចៅដែលចូលតស៊ូព្រៃម៉ាគី និងលើកទឹកចិត្តប្រជាជនខ្មែរទាំងអស់ឲ្យខិតខំប្រឹងប្រែតស៊ូប្រយុទ្ធជាមួយចក្រពត្តិអាមេរិ លន់ នល់ បន្តទៀត។ លឿ បាននិយាយបន្ថែមអំពីព្រះរាជបន្ទូលរបស់ព្រះអង្គថា “នៅពេលដែលទទួលបានជ័យជម្នះ ប្រទេសកម្ពុជានឹងវិលត្រឡប់ទៅដូចសម័យសង្គមរាស្រ្ដនិយមវិញ និងមិនឲ្យកូនចៅធ្វើសង្គ្រាមទៀតទេ”។ យោងតាមសៀវភៅសាក្សីប្រវត្តិសាស្ដ្រ៖ មានមនុស្សប្រហែល១ម៉ឺននាក់បានចូលរួមប្រជុំ ជាមួយព្រះអង្គ ហើយក្នុងនោះរួមមានព្រះសង្ឃ, យុទ្ធជន និងប្រជាជន។ ក្នុងអំឡុងព្រះរាជដំណើរ ១ខែ របស់ទ្រង់ បានជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃចលានាតស៊ូនៅក្នុងប្រទេស ដូចជា សាឡុត ស(ប៉ុល ពត) ដែលកាលនោះមិនទាន់បង្ហាញសមាសភាពពិតរបស់ខ្លួនក្នុងឋានានុក្រហមកុម្មុនីយ្ដកម្ពុជា ហើយនៅតែបន្ត “លាក់បាំងខ្លួន” នៅពីក្រោយខ្នង ខៀវ សំផន ដែលជាឧបនាយករដ្ឋមន្ត្រីនៃរណសិរ្យរួបរួមជាតិកម្ពុជា។ ព្រះអង្គក៏បានជួបជាមួយនិង ហូ នឹម (រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរណសិរ្សរួមជាតិកម្ពុជា), ហ៊ូ យន់ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃរណសិរ្សរួមរួមជាតិកម្ពុជា និងអ្នករួមដំណើរដទៃទៀត។[2]

ក្រោយមក លឿ បានត្រឡប់មកអង្គភាព វរៈសេនាតូច ៣១៧ ក្នុងកងពល៣១០វិញ និងបន្តចុះបេសកកម្មនៅ ខេត្តកំពង់ស្ពឺ។ នៅខេត្តកំពង់ស្ពឺ លឿ បានប្រយុទ្ធជាមួយ ទាហាន លន់ នល់ ម្ដុំ វង់ភេ, កាណាតពង, បែកចាន និងខាងលិច២៦។ បីខែក្រោយមក ក្រុមរបស់លឿ បានប្ដូរមកខាង ខេត្តកំពង់ធំ វិញ និងប្រយុទ្ធគ្នានៅសមរភូមិរលួស រហូតដល់ដាច់ឆ្នាំ១៩៧៤។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧៤ លឿ បានទទួលឋានៈជាអនុប្រធានកងវរសេនាតូច បន្តពីឈ្មោះគឹម។ ការដែល លឿ ឡើងតួនាទីជានេះដោយសារតែ អង្គការចាប់បានថា សំបូរ ក្បត់ ចូលដៃជាមួយ លន់ នល់  ហើយបាញ់ សំបូរ សម្លាប់ភ្លាមៗនៅលើអង្រឹងនៅភ្នំសន្ទុក។

នៅឆ្នាំ១៩៧៥ លឿ បាននាំយោធារបស់ខ្លួនចូលទៅវាយសមរភូមិភ្នំពេញ។ ​នៅសមរភូមិភ្នំពេញ ក្រុមរបស់ លឿ ឈរជើងនៅស្ពានសត្ថា (ព្រែកភ្នៅ)។ នៅពេលប្រយុទ្ធគ្នានៅ ភូមិធំស្លែង ជើងរបស់ លឿ បានត្រូវគ្រាប់កាំភ្លើង បណ្ដាលឲ្យបែកឆ្អឹង ហើយគាត់បានធ្លាក់ខ្លួនពិការសម្រាកនៅពេទ្យ។ ពេលរបួសដំបូង លឿ សម្រាកបាន៦ខែ ដោយ ២ខែដំបូង សម្រាកនៅពេទ្យភូមិក្រសាំង ខេត្តកំពង់ស្ពឺ ហើយបន្តមកសម្រាកនៅ ភូមិភាគអូរក្រវ៉ាន់ ស្រុកបារាយណ៍។ ពេលព្យាបាលបានជាសះស្បើយ លឿ បានឡើងទៅអង្គភាព ៣១០វិញ និងបាននៅជាមួយ គឹម។ នៅកងពល ៣១០ លឿ មិនទាន់បានធ្វើការងារអ្វីនោះទេ រហូតដល់ឆ្នាំ១៩៧៦ ទើបគាត់ចូលក្នុងអង្គភាព ក៤ ម្ដុំឃ្នួញ។ អង្គភាព ក៤ គឺជាអង្គភាពថ្មីមួយដែលបង្កើតឡើងសម្រាប់ចងក្រងអ្នកពិការដូចជា កឿន ដើម្បីធ្វើស្រែ ឬក៏ការងារផ្សេងៗដែលអាចធ្វើបាន ហើយអ្នកដឹងនាំដោយឈ្មោះ ទឺ(ប្រធានវរៈ)។ ក្នុងអង្គភាពនេះ លឿ មានតួនាទីជាកងធំ។

នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការបានចោទប្រកាន់កម្មាភិបាលនៅក្នុងកងពល ៣១០ ក្បត់បដិវត្តន៍ និងបានចាប់ប្រធានកង អនុកងពល វរៈសេនាធំទាំងអស់យកទៅ។ បន្ទាប់មក លឿ បានឡើងតួនាទីជាអនុវរៈ ហើយឈ្មោះ សី ឡើងជំនួសឈ្មោះ ទឺ។ រហូតដល់ ខែធ្នូ ឆ្នាំ១៩៧៧ អង្គការបានមកចាប់កម្មាភិបាលម្ដងទៀត ដើម្បីបង្កើតជាអង្គភាពថ្មីលេខ ៣១៧ នៅកប់ស្រូវ ហើយក្នុងនោះក៏មាន លឿ ដែរ។ នៅក្នុងអង្គភាពថ្មី លឿ និងអ្នកផ្សេងទៀតត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការធ្ងន់ជាងមុន ដើម្បីលុតដំខ្លួន។ ជារៀងរាល់ថ្ងៃ លឿ ត្រូវក្រោកតាំងពីម៉ោង៣ទាបភ្លឺ ហើយទទួលបានអាហារពេលថ្ងៃត្រង់នៅម៉ោង១រសៀល និងទទួលបានអាហារមួយពេលទៀតនៅម៉ោង១០យប់។[3]

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៨ អង្គការបានបញ្ជូន លឿ ឲ្យទៅធ្វើព្រលានយន្តហោះនៅ ខេត្តកំពង់ឆ្នាំង។ ពីរខែក្រោយមក លឿ បានជួបមិត្តម្នាក់ ឈ្មោះ ផាន ជាអនុប្រធានវរៈ ដែលធ្លាប់វាយសមរភូមិ លន់ នល់ ខាងភូមិភាគបជ្ឈិម ជាមួយគ្នា។ ផាន បានសុំទៅអង្គការដើម្បីបញ្ជូន លឿ ឡើងទៅភ្នំពេញរៀនអំពីបច្ចេកទេសសំណង់ព្រលានយន្តហោះរយៈពេល៣ខែ។ ពេលបញ្ចប់ការសិក្សា លឿ ទទួលបានចំណាត់ថ្នាក់លេខ២ទូទាំងប្រទេស ហើយគាត់បានត្រឡប់ទៅធ្វើការងារនៅ ខេត្តកំពង់ឆ្នាំងវិញ។ ពេលត្រឡប់មកវិញ លឿ បានចូលធ្វើការងារថ្លឹងដី ដែលជាការងារមួយមានលក្ខណៈធូរស្រាលជាងពីមុន។   ប្រធានដែលដឹកនាំនៅការដ្ឋាននេះ មានឈ្មោះថា កៅល្វៃ ប្រធានកងពលជើងទឹក ជើងអាកាស ហើយអ្នកក្រោមបង្គាប់មកទៀត មាន ម៉េត និងឃួង។  លឿ បានធ្វើការនៅប្រលានយន្តហោះកំពង់ឆ្នាំង រហូតដល់ខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ពេលបែកខ្មែរក្រហម លឿ បានធ្វើដំណើរទៅផ្ទះជួបឪពុកម្ដាយវិញ៕

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤

[1] ឯកសារលេខ I03383 ប្រវត្តិរូបកម្មាភិបាលខ្មែរក្រហម (នៅក្នុងឯកសារសរសរឈ្មោះ សោម លឿ) ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] បកប្រែដោយ ហូលីយ៉ូ អេ.ហៃលឌ្រេស, សាក្សីប្រវត្តិសាស្រ្ដ សៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ( ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២៣) ទំព័រទី៦៧ និងទី១៤។

[3] កែវ លឿ បទសម្ភាសន៍ដោយ ផាន់ សុជា, គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability)(ខេត្តកំពង់ធំ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០០៥)។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin