សម្រាកនៅលើកន្ទេលស្លឹកត្នោត និងយកផ្លែដូងធ្វើខ្នើយ

(តាកែវ) ឈ្មោះ ទូច ឡុង អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឡុង រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។

ក្នុងសម័យខ្មែរក្រហម ឡុង ធ្វើការងារនៅក្នុងកងស្រួច។ ជារៀងរាល់ថ្ងៃ ឡុង ត្រូវក្រោកតាំងពីម៉ោង៣ភ្លឺ រហូតដល់ម៉ោងប្រមាណ ៧យប់ទើបបានសម្រាក។ នៅរដូវវស្សា អង្កការបានប្រើ ឡុង ឲ្យដកសំណាបបាន២ផ្លូនក្នុងមួយថ្ងៃ។ ផុតពីរដូវស្ទូង អង្គការបានប្រើ ឡុង ឲ្យទៅច្រូតស្រូវរហូតដល់យប់។ ក្រៅពីការងារស្ទូងដក អង្គការបានប្រើឲ្យ ឡុង ជាន់រហាត់ទឹកបញ្ជូលស្រែ សែងគ្រាប់ឲ្យទៅសមរភូមិប្រយុទ្ធជាមួយវៀតណាម និងសែងអ្នករបួសវាយសមរភូមិ បន្ទាយដេក ត្រឡប់មកវិញ។

អ្នករបួសដែល ឡុង សែងមួយចំនួនស្លាប់តាមផ្លូវ ហើយខ្លះទៀតស្លាប់ពេលយកមកដល់ផ្ទះ។ ឡុង បានឲ្យដឹងថា យោធាដែលបានស្លាប់បាត់បង់ជីវិតមានចំនួនច្រើនណាស់ ហើយគាត់ក៏មានការភ័យខ្លាចខ្លះដែរ ប៉ុន្តែមិនហ៊ានបង្ហាញចេញ។ ក្រៅពីការងារខាងលើ អង្គការបានប្រើឲ្យ ឡុង រែកទឹកឲ្យបាន១០០អម្រែកក្នុងមួយថ្ងៃ ដើម្បីចាក់ក្នុងអន្លង់ ទុកស្រោចអំពៅ។ ចម្ងាយពីបឹង មកអន្លង់ចម្ការអំពៅមានប្រវែង២០០ម៉ែត្រ។ នៅពេលរែកទឹក មានប្រធានកងនៅឈរចាំមើល និងរាប់ចំនួនអម្រែកត្រឹមត្រូវ។ ឡុង បានឲ្យដឹងថា គាត់មិនដែលទទួលបានអំពៅហូបនោះទេ។

លើសពីនេះទៅទៀត បន្ទាប់ពី ឡុង រៀបការរួច អង្គការបានប្រើឲ្យក្រុមរបស់គាត់ បុកស្រូវ អ៊ុំអង្ករ ឲ្យបាន១០តាវក្នុងមួយថ្ងៃ ដើម្បីដាក់ក្នុងរោងសហករណ៍។ ក្រុមរបស់ ឡុង បុកអង្ករ១០តាវក្នុងមួយថ្ងៃ ប៉ុន្តែការហូបចុកគឺបានតែបបរលាយជាមួយដំឡូង និងមិនគ្រប់គ្រាន់នោះទេ។ ឡុង ធ្លាប់ពុលដំឡូងម្ដង ព្រោះខាងរោងបាយកូសតែសំបកពណ៌ខ្មៅខាងលើចេញ និងស្ងោឲ្យប្រជាជនហូបទាំងសំបកក្រហម។ មួយវិញទៀត ឡុង ធ្លាប់ហូបសម្លរត្រពាំងពុលម្ដងដែរ ដោយសារខាងចុងភៅយកអូសដើមស្លែងដុត។

នៅក្នុងសម័យខ្មែរក្រហម ឡុង បានពរពោះឆ្លងទន្លេ២ដង។ ពេលទម្ងន់ អង្គការ បានប្រើ ឡុង ឲ្យធ្វើការងាររហូតដល់ពេលសម្រាលកូន។ ពេលសម្រាលកូនហើយភ្លាម ឡុង ត្រូវនៅមើលកូនខ្លួនឯង និងក្មេងផ្សេងទៀតនៅក្នុងភូមិ។ មួយខែ កន្លះ ក្រោយមក អង្គការបានបញ្ជូន ឡុង ឲ្យទៅធ្វើការងារលើកទំនប់ ជីកប្រឡាយ ហើយកូនតូចត្រូវទុកឲ្យយាយចាស់ៗមើល។ ពេលចេញទៅធ្វើការងារក្រៅភូមិ ឡុង ត្រូវយកកន្ទេលស្លឹកត្នោត ហើយសំបកដូងមួយទុកធ្វើខ្នើយ។

ក្រោយមកទៀត គ្រួសាររបស់ ឡុង បានជម្លៀសចេញពីភូមិ ដើម្បីគេចពីការប្រយុទ្ធគ្នារវាង កងទ័ពវៀតណាម និងយោធាខ្មែរក្រហម។ អំឡុងពេលនោះ ឡុង ត្រូវរែកអម្រែកបណ្ដើរ ឈឺពោះសម្រាលកូនបណ្ដើរ។ ពេលធ្វើដំណើរទៅដល់តានី កូនរបស់គាត់បានកើត។ កូនរបស់ ឡុង ដែលបានសម្រាលក្នុងរបបខ្មែរក្រហម គឺបានស្លាប់បាត់បង់ជីវិតទាំង ២នាក់។

សម្ភាសន៍ដោយ៖ទុយ ដារ៉ា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin