ប្តីរបស់ខ្ញុំត្រូវបានខ្មែរក្រហមសម្លាប់ដោយសារអំពៅមួយដើម
(រតនគិរី)៖ ក្លាយ ម៉ី មានអាយុ ៨០ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត ដែលសព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
គាត់បានរលឹកថានៅក្រោមរបបខ្មែរក្រហម គាត់បានរស់នៅក្នុងភូមិឡាម៉ឺយជាមួយគ្រួសារ ដែលកាលនោះខ្មែរក្រហមហៅថាសហករណ៍។ គាត់ត្រូវធ្វើការរួមជាក្រុមអស់រយៈពេលជាងមួយឆ្នាំ ទើបខ្មែរក្រហមជម្លៀសគាត់និងក្រុមគ្រួសារឲ្យទៅរស់នៅខេត្តស្វាយរៀង។
នៅទីនោះ ខ្មែរក្រហមបានបែងចែកឲ្យប្រជាជនធ្វើការទៅតាមវ័យ និងតាមភេទដែលបានកំណត់ ដែលមានភាពខុសគ្នាពីការរស់នៅក្នុងភូមិកំណើតរបស់គាត់។ ខ្មែរបានបែកចែងឲ្យប្ដីរបស់គាត់ទៅធ្វើការនិងរស់នៅក្នុងសហករណ៍ក្រុមបុរស ចំណែកគាត់គឺឲ្យទៅរស់នៅក្នុងសហករណ៍ក្រុមនារី។ នៅក្រុមបុរស ប្តីរបស់គាត់ត្រូវគាស់គល់ឈើនៅតាមវាលស្រែទាំងថ្ងៃទាំងយប់ដោយគ្មានការសម្រាកនិងហូបចុកបានគ្រប់គ្រាន់នោះទេ។
នៅថ្ងៃមួយប្តីរបស់គាត់ និងមិត្តម្នាក់បានលួចទៅកាច់អំពៅហូប។ លុះព្រឹកឡើង ខ្មែរក្រហមបានប្រជុំ និងបាននាំខ្លួនប្តីរបស់គាត់និងមិត្តម្នាក់នោះទៅរៀនសូត្រ។ ក្លាយ ម៉ី នៅរងចាំទាំងដឹងថាអ្នកទាំងពីរគ្មានថ្ងៃត្រឡប់មកវិញជួបគាត់នោះទេ ពីព្រោះអ្នកទាំងពីរត្រូវបានខ្មែរក្រហមសម្លាប់ មិនមែនជាការរៀនសូត្រអ្វីនោះទេ។ នៅសម័យខ្មែរក្រហមពាក្យថារៀនសូត្រ គឺមានន័យគំរាមដែលស្មើនឹងពាក្យសម្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ ក្លាយ ម៉ី ត្រូវបន្តការងារដូចជា បុកស្រូវ កាប់ដីធ្វើស្រែចម្ការ ច្រូតស្រូវទាំងថ្ងៃទាំងយប់ដូចប្រជាជនទូទៅដោយគ្មានពេលសម្រាកនិងសម្រាន្តបានគ្រប់គ្រាន់នោះទេ។ ក្នុងមួយថ្ងៃ ខ្មែរក្រហមបានផ្តល់ឲ្យគាត់នូវរបបអាហារពីរពេល ដោយគាត់ទទួលបានត្រឹមតែបាយមួយកូនចាន ឬបាយកន្លះកូនចានប៉ុណ្ណោះ។ ជួនកាលគាត់ហូបតែបន្តិចប៉ុណ្ណោះ ដើម្បីទុកបាយដែលមានចែកទៅឲ្យកូនៗរបស់គាត់សម្រាប់ហូប។ នៅពេលទៅធ្វើការ គាត់បានទុកកូនតូចឲ្យម្តាយចាស់ដែលនៅផ្ទះមើលថែរក្សា។
នៅសម័យខ្មែរក្រហម ពេលមានអ្នកណាឈឺ គាត់បញ្ជាក់ថាកម្រឃើញខ្មែរក្រហមយកមនុស្សទៅព្យាបាលណាស់ លុះត្រាតែអ្នកទាំងនោះមានជំងឺធ្ងន់ធ្ងរទើបខ្មែរក្រហមព្យាបាល ក៏ប៉ុន្តែប្រជាជនភាគច្រើនបានបាត់បង់ជីវិតនៅពេលទៅដល់មន្ទីរពេទ្យ។ អ្នកដែលមានជំងឺត្រូវខ្មែរក្រហមបង្ខិតបង្ខំឲ្យធ្វើការ អ្នកដែលមិនធ្វើការនឹងត្រូវចោទថាខ្ជិលច្រអូស និងព្រមទាំងបង្អត់អាហារជាដើម។
របបខ្មែរក្រហមបានសម្លាប់ប្រជាជនស្លូតត្រង់ ប្រជាជនដែលមានចំណេះដឹង និងអ្នកដែលធ្លាប់មានប្រវត្តិការងារនៅរបបចាស់ឬរបប លន់ នល់ ជាច្រើននាក់ ដោយគ្មានកំហុស។ ខ្មែរក្រហមបានប្រមូលឈ្មោះអតីតមន្ត្រីរាជការ ដែលកាលនោះមានចៅហ្វាយស្រុកម្នាក់ឈ្មោះ កង ស៊ីង ដែលត្រូវបានខ្មែរក្រហមយកទៅសម្លាប់ និងប្អូនរបស់ កង ស៊ីង ត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម ចំណែកកូនៗរបស់ កង ស៊ីង ឈ្មោះ តែន និង យឺម បានសម្រេចចិត្តធ្វើអត្តឃាតនៅពេលដឹងដំណឹងពីឪពុករបស់ខ្លួន ដែលត្រូវខ្មែរក្រហមសម្លាប់។
នៅឆ្នាំ១៩៧៩ ក្រោយពីការដួលរលំនៃរបបខ្មែរក្រហម ក្លាយ ម៉ី និងប្រជាជនដែលខ្មែរក្រហមជម្លៀសពីខេត្តរតនគិរីបានត្រឡប់ទៅរស់នៅស្រុកកំណើតរៀងៗខ្លួនវិញ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤