ស្លាប់ដោយសារអត់បាយ
(រតនគិរី)៖ ប៉ែន គីមអ៊ាន មានអាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហមគាត់និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅនៅតាមសហករណ៍ត្រពាំងក្រហម។ នៅទីនោះ គាត់ត្រូវធ្វើពលកម្មទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ។
គីមអ៊ាន ត្រូវដើរប្រមូលលាមកនៅតាមផ្ទះសម្រាប់ធ្វើជី ដោយនិយាយថា ក្រអូបនៅចំពោះមុខខ្មែរក្រហម។ ក្រៅពីនេះគាត់ត្រូវទៅជីកដំឡូង គល់ចេក និងបេះស្លឹកដំឡូង សម្រាប់លាយជាមួយបាយ។ គាត់បានបញ្ជាក់ថា ប្រជាជនទាំងចាស់ទាំងក្មេងដែលរស់នៅក្នុងសហករណ៍ត្រូវធ្វើពលកម្មទាំងអស់គ្នា អ្នកដែលមិនធ្វើទៅតាមបញ្ជារបស់ខ្មែរក្រហមនឹងត្រូវបានសម្លាប់ ឬនាំខ្លួនយកទៅរៀនសូត្រដោយមិនឃើញត្រឡប់មកវិញនោះទេ។
ប្រជាជនត្រូវកាប់ដី រែកដី លើកទំនប់និងជីកស្រះត្រពាំងអង្គ្រង។ នៅការដ្ឋាន អ្នកណាដែលរឹងរូសមិនបេ្តជ្ញាឬធ្វើតាមបញ្ជារបស់ប្រធានកងនឹងត្រូវបានសម្លាប់។ មនុស្សប្រហែល ១០០នាក់មកពីសហករណ៍ត្រពាំងក្រហមត្រូវជីកស្រះ រួមទាំងអ្នកដែលមានផ្ទៃពោះឬសម្រាលកូនរួចបានពីរទៅបីថ្ងៃក៏ត្រូវធ្វើការដែរ ដោយជញ្ជូនដី និងបុកស្រូវ ទាំងហូបចុកមិនបានគ្រប់គ្រាន់។
នៅសម័យនោះ ប្រជាជនទទួលបានត្រឹមតែបាយមួយកូនចានចង្កឹះប៉ុណ្ណោះ។ អ្នកដែលគាត់ស្គាល់បានស្លាប់បាត់បង់ជីវិតដោយសារអត់ឃ្លាន។
នៅពេលយប់ គាត់បានបង្ខំចិត្តលួចបុកស្រូវដោយស្ងាត់ៗទុកសម្រាប់ឲ្យកូនរបស់គាត់បានហូប។ ចំណែកឪពុកម្តាយរបស់គាត់ត្រូវបានចោទថាជាខែ្សយួន និងនាំខ្លួនយកទៅសម្លាប់ដោយខ្មែរក្រហម។ មនុស្សចាស់ត្រូវមើលថែក្មេងតូចៗ និងដាំបាយសម្រាប់ហូបរួម។ សម្ភារផ្ទះបាយ និងសម្ភារផ្សេងៗត្រូវបានខ្មែរក្រហមប្រមូលទុកជារបស់សមូហភាពទាំងអស់។ គីមអ៊ាន មានតែសំលៀកបំពាក់ពណ៌ខ្មៅ និងក្រមាក្រហមមួយប៉ុណ្ណោះ។ ប្រជាជនត្រូវរស់នៅតាមផ្ទះខ្ទមជាជួរៗនៅក្នុងសហករណ៍។
ខ្មែរក្រហមបានចាប់បង្ខំប្រជាជនប្រុសស្រីឲ្យរៀបការចាប់ពី ៥ទៅ១០គូ នៅក្នុងពេលតែមួយ។ ការរៀបការរបស់អ្នកទាំងនោះត្រូវបានចាត់ចែងដោយប្រធានកង។ អ្នកណាដែលជំទាស់សេចក្តីសម្រេចរបស់អង្គការនឹងត្រូវគំរាមដោយការសម្លាប់។
ក្រោយមកនៅចុងឆ្នាំ១៩៧៨ គាត់ត្រូវបានរត់កាត់វាលស្រែដោយសារទាហានខ្មែរក្រហមដេញបាញ់។ ក្រោយមកគាត់ត្រូវបានរំដោះដោយសារកងទ័ពវៀតណាមនៅតំបន់អូរគគីរ។ ទោះបីជាកន្លងហួសជាយូរឆ្នាំក៏ដោយក៏ ប៉ែន គីមអ៊ាន នៅចងចាំមិនភ្លេច និងខ្លាចរអារបបប្រល័យពូជសាសន៍ខ្មែរក្រហមមកទល់បច្ចុប្បន្ន។ គាត់បានបន្តថា អ្នកជំនាន់ក្រោយគួរយល់ដឹងឲ្យកាន់តែច្បាស់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះដែលប្រជាជនខ្មែរបានឆ្លងកាត់៕
សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤