ជីកស្រះសម្រាប់សម្លាប់ប្រជាជន
(រតនគិរី)៖ ហួន ច្រេច មានអាយុ ៥៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានដឹងពីម្តាយរបស់គាត់ថា ខ្មែរក្រហមបានសម្លាប់ឪពុករបស់គាត់ដោយមិនដឹងមូលហេតុ។
ហួន ច្រេច មានអាយុប្រហែល ៣ឆ្នាំនៅសម័យនោះ គាត់ត្រូវបានបាត់បង់ឪពុករបស់ខ្លួនទាំងមិនស្គាល់មុខបានច្បាស់ នេះជាអ្វីដែលគាត់មានអារម្មណ៍សោកស្ដាយនៅពេលដែលគាត់នឹកឃើញ និងនិយាយអំពីរបបខ្មែរក្រហម។
នៅសម័យខ្មែរក្រហម ច្រេចត្រូវបានបញ្ជូនឲ្យទៅរស់នៅតាមកងកុមារនៅឯភូមិត្រពាំងក្រហម។ ម្តាយរបស់គាត់បាននាំគាត់ត្រឡប់មករស់នៅជាមួយវិញ ដោយសារគាត់នៅមានអាយុតិចនៅឡើយ។ កាលនោះកុមារនៅក្នុងភូមិត្រូវបានខ្មែរក្រហមប្រមូលនិងបញ្ជូនឲ្យទៅរស់នៅភូមិត្រពាំងក្រហមមុនមនុស្សចាស់ ដោយរស់នៅរួម ធ្វើការរួម និងហូបរួម។
ក្រោយមកក្រុមគ្រួសាររបស់គាត់ត្រូវជម្លៀសទៅភូមិត្រពាំងក្រហមទាំងអស់។ នៅទីនោះប្រជាជនត្រូវធ្វើពលកម្មទាំងយប់ទាំងថ្ងៃ និងទទួលបានរបបបាយលាយជាមួយគល់ចេក ស្លឹកដំឡូងមី ក្តួច និងមើមប្រង់។ ប្រជាជនត្រូវធ្វើការទាំងគ្មានពេលសម្រាក និងហូបមិនបានគ្រប់គ្រាន់។
ដោយសារគាត់មានអាយុតិច គាត់មិនត្រូវបានបញ្ជាឲ្យធ្វើពលកម្មអ្វីនោះទេ។ ម្តាយរបស់គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅច្រូតស្រូវ កាប់ដី និងជីកស្រះត្រពាំងក្រហមជាមួយប្រជាជននៅក្នុងភូមិ។ ម្តាយរបស់គាត់ប្រាប់គាត់ថា ខ្មែរក្រហមមានបំណងសម្លាប់ប្រជាជនក្នុងភូមិនៅស្រះត្រពាំងក្រហមក្រោយរដូវច្រូតកាត់រួច។ តែសំណាងល្អ របបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩។
ថ្ងៃមួយ ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមមកនាំខ្លួនយកទៅ ដោយថាទៅជួសជុលឡានអស់រយៈពេលជាច្រើនថ្ងៃ ម្ដាយរបស់គាត់មិនឃើញប្តីត្រឡប់មកផ្ទះវិញនោះទេ។
ក្រោយមកទើបម្ដាយរបស់គាត់ដឹងថាឪពុករបស់ច្រេចត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល។ ចំណែកបងរបស់គាត់ត្រូវបានបែកបាក់ ដោយសារខ្មែរក្រហមបញ្ជូនបងរបស់គាត់ឲ្យទៅធ្វើការតាមកងចល័ត។
នៅសម័យខ្មែរក្រហម គោក្របីត្រូវបានប្រមូលនិងទុកជារបស់រួម។ សម្ភារប្រើប្រាស់ទាំងអស់ត្រូវទុកជារបស់សមូហភាព។ ប្រជាជនខ្លះបានលួចលាក់របស់របរមានតម្លៃផ្ទាល់ខ្លួននៅក្រោមដីនៅមុនពេលជម្លៀសចេញពីភូមិកំណើត។ ច្រេច ដឹងទៀតថា ខ្មែរក្រហមបានបង្ខិតបង្ខំឲ្យប្រជាជនរៀបការជាច្រើនគូក្នុងពេលតែមួយ។
សព្វថ្ងៃ ហួន ច្រេច នៅពេលរំលឹកពីខ្មែរក្រហម គាត់នៅតែមានអារម្មណ៍ខឹង និងអាណិតអាសូរចំពោះឪពុករបស់ខ្លួន ដែលបានបាត់បង់ជីវិតនៅសម័យខ្មែរក្រហម ទាំងគាត់មិនទាន់ស្គាល់មុខច្បាស់៕
សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤