សមាជិកគ្រួសារស្ទើរទាំងអស់ស្លាប់ដោយសារជាប្រជាជនភូមិភាគបូព៌ា

(ស្វាយរៀង) ៖ កែវ សាម៉ាក់ អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

សាម៉ាក់ បានរំលឹករឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់អ្នក​ស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ ថាពេលដែលខ្មែរក្រហមឡើង​កាន់អំណាចគាត់មានអាយុប្រហែល១៣ឆ្នាំ ត្រូវបានបំបែកឲ្យរស់​នៅ​ឆ្ងាយ​ពី​ឪពុក​មា្តយ និងប្អូនៗដែលគាត់ជាកូនបងគេ។ ចំណែក​សត្វពាហន​ និងទ្រព្យ​សម្បត្តិត្រូវប្រមូលយក និងប្រើប្រាស់ជាកម្មសិទ្ធរួម​របស់អង្គការ​។ អង្គការបានបែងចែកចាន និងស្លាបព្រាម្នាក់មួយៗសម្រាប់​គាត់ និង​ប្រជាជនដទៃទៀត។

សមាជិកគ្រួសារផ្សេងៗទៀតរបស់ សាម៉ាក់ ត្រូវរស់នៅនិងធ្វើការកន្លែងផ្សេងៗគ្នាក្នុងសហករណ៍ទៅតាម​តាមប្រភេទអាយុ។ ចំណែក​របប​​អាហារ​វិញ​មិន​អាចហូបដូចរបប លន់ នល់ ទៀតទេ ពោលគឺត្រូវទទួលរបបតាមការកំណត់ និងរៀបចំដោយអង្គការ។

សាម៉ាក់ បាននិយាយថា «ខ្ញុំទទួលបានអង្ករមួយក្តាប់​ដៃ និងជួនកាលទទួល​បានបបរមួយកូនចានចង្កឹះ។ ក្នុងនាមជាកុមារខ្ញុំមិនទទួលបានការសិក្សាអប់រំ និងហូបឆ្អែតទេ​ពេញមួយរបបខ្មែរក្រហម ខ្ញុំត្រូវបេះ​បន្លែ និងស្លឹករុក្ខជាតិ​ផ្សេងៗ​ទៀត​ហូប ដើម្បីមានកម្លំាងបំពេញការងារឲ្យ​អង្គ​ការ»។ រីឯការងារវិញ​គាត់ត្រូវមើលគោក្របីជាមួយក្មេង​ៗដទៃទៀត នៅ​ឆ្ងាយៗពីភូមិ ពីព្រឹកព្រលឹម រហូតដល់​យប់​ជ្រៅ​​។

រឿងរ៉ាវដែល សាម៉ាក់ ចងចាំមិនអាច​បំភ្លេចបានក្នុង​របបនោះគឺកាលដែលអង្គការ​បាននាំសមាជិកគ្រួសារ​រួមមាន ឪពុក ម្តាយ យាយ និងប្អូនស្រីយកទៅសម្លាប់​ដោយសារសមាជិក​​គ្រួសារគាត់ជាប្រជាជនភូមិភាគ​បូព៌ា​។

ពេលក្រោយមក សាម៉ាក់ ​បាន​ឃើញសំលៀកបំពាក់​សមាជិកគ្រួសារត្រូវបានអង្គការ​ឲ្យ​ទៅអ្នកដទៃ​ស្លៀកពាក់។​ គាត់​រន្ធត់ និងឈឺចាប់​រកអ្វីមកជំនួសមិនបាន ប៉ុន្តែគាត់​មិន​ហ៊ាននិ​យា​យ បានត្រឹមប្រាប់គេថាឪពុកមា្តយរបស់​គាត់​​កំពុងធ្វើការ​នៅសហករណ៍រោងបាយនៅពេលមានគេសួ​រ​​នាំ ព្រោះខ្លាចជាប់ពាក់ព័ន្ធប្រវត្តិអ្នកភូមិភាគ​បូព៌ា​។

សាម៉ាក់៖ «ខ្ញុំបានឃើញ​ផ្ទាល់ភ្នែកគេនាំ​សមាជិកគ្រួសារខ្ញុំទៅយកទៅ​សម្លាប់ ខ្ញុំបានត្រឹមលួចយំ​មិន​ហ៊ាន​សួរនាំ…ព្រោះខ្លាចគេសម្លាប់ខ្ញុំដែរ ខ្ញុំនៅតែនឹកឃើញ​រឿង​រ៉ាវនេះ រហូតដល់ពេលបច្ចុប្បន្ន ទោះបីជាកន្លង​ហួសទៅយូរ​យ៉ាងណាក៏ដោយ»។

ជារឿយៗ សាម៉ាក់ ត្រូវបានអង្គការហៅទៅប្រជុំដើម្បីធ្វើស្វ័យទិតៀន។ សាម៉ាក់ បានប្រាប់​ទៅប្អូន​ប្រុស​របស់គាត់ថា ប្រសិនបើមានអ្នកសួរនាំរឿង​គ្រួសារ​ ត្រូវប្រាប់ថា ពុកម៉ែ​កំពុងធ្វើការនៅសហករណ៍​រោងបាយ។

ក្រោយពីការស្លាប់របស់សមាជិកគ្រួសារ សាម៉ាក់ បាន​ខិតខំធ្វើការទ្វេដង​ទាំងឈឺទាំងជាលើស​ពីក្មេងដទៃទៀតក្នុងកងកុមារ ព្រោះ​គាត់ដឹងថា ប្រសិនបើគាត់​ឈឺមិនអាចធ្វើការបានដឹងតែគេយកទៅសម្លាប់​ចោលដូចសមាជិកគ្រួសារខ្លួន​ដែរ។

មួយរយៈក្រោយមក សាម៉ាក់ និងប្អូនត្រូវបានជម្លៀស​ ទៅ​ខេត្តព្រៃវែង និងបន្តទៅខេត្តពោធិ៍សាត់។ រស់នៅពោ​ធិ៍សា​ត់បានមួយរយៈរបប​ខ្មែរក្រហមបានដួលរលំ គាត់និង​ប្អូន​​ក៏មានសេរីភាព​អាចមករស់នៅស្រុកកំណើតវិញ ធ្វើជាគ្រូ​បង្រៀន​បឋម​សិក្សាត្រពាំងព្រីងរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន សាម៉ាក់ មិនមានជំងឺប្រចាំកាយទេ ប៉ុន្តែផ្លូវចិត្តរបស់គាត់វិញហាក់មិនរឹងមាំទេ គាត់តែង​តែយំ​នៅពេលរំលឹកដល់របបខ្មែរក្រហម ដោយសារតែក្នុងរបប​នោះគាត់​បានបាត់បង់សមាជិកគ្រួសារស្ទើរតែទាំងអស់ គឺនៅសល់តែគាត់ និងប្អូនប្រុសម្នាក់ប៉ុណ្ណោះ។

សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin