រៀបការចំនួន២គូក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) ប៊ុន រ៉ន អាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រ៉ន មានប្រពន្ធឈ្មោះតាំ ផល និងមានកូនចំនួន៦នាក់ (ប្រុស៤នាក់)។ ម្តាយ ឈ្មោះ វ៉ាន់ ស្រៀង និង ឪពុកឈ្មោះរិន។

នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមតម្រូវឲ្យ រ៉ន រស់នៅភូមិពាយនាយ។ ការងារប្រចាំថ្ងៃរបស់ រ៉ន គឺត្រូវលើកភ្លឺស្រែ និងកាប់ដីធ្វើប្រឡាយ ហើយនៅ​រដូវវស្សា រ៉ន ត្រូវទៅទប់ទឹកកុំឲ្យលិចស្រូវ និងផលដំណាំផ្សេងៗ។ រ៉ន៖ “ការងារត្រូវធ្វើគ្មានពេលសម្រាកតាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ គ្មានថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យ ហើយប្រជាជនត្រូវហូបបបរជារៀង​រាល់ថ្ងៃ ទាំងពេលថ្ងៃត្រង់ និងពេលល្ងាច ” ។ រ៉ន បន្តថា “ខ្មែរក្រហមបានប្រែក្លាយសាលារៀនទៅជាមន្ទីរពេទ្យ ដើម្បីព្យាបាលអ្នកជំងឺ ប៉ុន្តែពេទ្យគ្មានជំនាញ។ អ្នកជំងឺគ្រាន់តែឲ្យដេកសម្រាក អ្នកជាក៏ជាទៅ ចំណែកអ្នកជំងឺធ្ងន់ក៏ស្លាប់ទៅគ្មានអ្នកណាមើលយើងទេ។ រ៉ន ត្រូវធ្វើការតាមការកំណត់របស់ខ្មែរក្រហម១ថ្ងៃត្រូវជីក និងរែកដីឲ្យបាន៣ ទៅ ៤ម៉ែត្រ ដើម្បីដោះដូរជាមួយនឹងរបបអាហារ។ គាត់បានខិតខំបំពេញការងារតាមការកំណត់ ព្រោះខ្លាចអង្គការនាំយកទៅសម្លាប់ចោល។

នៅឆ្នាំ១៩៧៨ រ៉ន បានស្នើសុំអង្គការដើម្បីរៀបការជាមួយនារីក្នុងកងចល័តដែលខ្លួនស្រលាញ់។ ទាំងអង្គការ និងប្រពន្ធរបស់គាត់សព្វថ្ងៃ បានយល់ព្រម។ ពិធីរៀបការនៅពេលនោះមានចំនួន២គូ ធ្វើឡើងនៅរោងបាយរួមសហករណ៍។ បន្ទាប់ពីរៀបការរួចគាត់ និងប្រពន្ធ ត្រូវបានខ្មែរក្រហមតម្រូវឲ្យទៅធ្វើការកន្លែងផ្សេងគ្នា។ ប្រពន្ធរបស់ រ៉ន ត្រូវទៅដកស្ទូងស្រូវ ចំណែកគាត់ត្រូវទៅជីកទំនប់ និងលើកប្រឡាយឆ្ងាយៗពីស្រុក​រហូតដល់តំបន់កោះកុក (ព្រំប្រទល់ជាមួយខេត្តស្វាយរៀង)។

នៅចុងឆ្នាំ១៩៧៩ របបខ្មែរក្រហមបានជម្លៀស រ៉ន និងប្រពន្ធ ពីភូមិពាយនាយឲ្យទៅរស់នៅតំបន់អ្នកលឿង។ រស់នៅទីនោះបានមួយរយៈគាត់ក៏មានសេរីភាពឡើងវិញ ដោយសាររបបខ្មែរក្រហមបានដួលរលំ និងបានត្រលប់មករស់នៅស្រុកកំណើត។ បច្ចុប្បន្ន រ៉ន មានជំងឺប្រចាំកាយគឺជំងឺឫសដូងបាត៕

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin