រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ឱក ស្រី

ខ្ញុំឈ្មោះ ឱក ស្រី[1] ភេទស្រី មានអាយុ៦៦ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំកើតនៅរាជធានីភ្នំពេញ។ ខ្ញុំមានឪពុកឈ្មោះ យា ឱក និងម្តាយឈ្មោះ កែវ សំអាង។ ឪពុកខ្ញុំធ្វើការនៅសង្កាត់លេខ៥ ក្រោយរោងកុនបូកគោ រាជធានីភ្នំពេញ។ ខ្ញុំ គឺជាកូនទោលនៅក្នុងគ្រួសារ។ កាលនៅវ័យកុមារ ខ្ញុំបានចូលសិក្សារៀនសូត្រនៅសាលាព្រះកែវមរកតត្រឹមថ្នាក់ទី៧ នៃសង្កាត់ទួលទំពូង។
រហូតដល់ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំក៏បានឈប់រៀន ដោយសារតែនៅភ្នំពេញ មានការផ្លោងគ្រាប់ចូលមកកាន់តែច្រើនឡើង។ បន្ទាប់មក ស្រាប់តែមាន ខាងទាហានខ្មែររំដោះ បានប្រកាសថា៖ «សូមបងប្អូនជនរួមជាតិទាំងអស់គ្នា ចាកចេញពីទីក្រុងភ្នំពេញមួយរយៈ ដើម្បីឲ្យរដ្ឋាភិបាលរៀបចំទីក្រុងឡើងវិញ»។ ឮសេចក្តីប្រកាសដូច្នេះគ្រួសារខ្ញុំមិនទាន់ចាកចេញភ្លាមៗទេ។ រហូតទាល់តែខាងខ្មែររំដោះ បានផ្លោងគ្រាប់ចូលមក នៅខាងក្រោយផ្ទះរបស់ខ្ញុំ ទើបគ្រួសារខ្ញុំប្រញាប់ប្រញាល់រៀបចំអីវ៉ាន់ រត់ចេញតែម្តង។ ពេលនោះគ្រួសារខ្ញុំ មិនបានយកអីវ៉ាន់ច្រើនក្រៅពីខោអាវ និងស្បៀងបន្តិចបន្តួច ដាក់នៅក្នុងរទេះរុញតូចមួយទេ។
ចេញពីផ្ទះបានបន្តិច ក៏ឃើញមានប្រជាជនជាច្រើន ហើយឪពុកម្តាយខ្ញុំ ចេះតែសួរនាំប្រជាជនដែលមកជាមួយគ្នា ថាយើងគួរតែចេញពីទីក្រុងភ្នំពេញនេះ ឬយ៉ាងណា ឬយើងគួរតែពួននៅក្នុងលេណដ្ឋានសិន ឬយ៉ាងម៉េចដែរ? គ្រួសារខ្ញុំមិនចង់ចេញពីក្រុងភ្នំពេញឡើយ ប៉ុន្តែស្ថានការណ៍បានបង្ខំឲ្យគ្រួសារខ្ញុំចាកចេញ ព្រោះ មិនមានប្រជាជនណានៅទីក្រុងភ្នំពេញទៀតទេ។ បើសិនជានរណានៅរឹងទទឹងមិនចង់ចេញទៀត ប្រជាជននឹងត្រូវបានសម្លាប់។ គ្រួសារខ្ញុំមានគ្នាចំនួន៣នាក់ គឺឪពុកខ្ញុំ ម្តាយខ្ញុំ និងខ្ញុំ ចេះតែដើរមករហូតដល់ស្ពានច្បារអំពៅ។ ដោយសារតែនៅលើស្ពាននោះ មានមនុស្ស ណែនណាប់តាន់តាប់ច្រើនពេក ហើយ ច្រានគ្នាចុះឡើង ទើបវង្វេងបាត់ម្តាយខ្ញុំ ហើយម្តាយខ្ញុំបានបាត់តាំងពីពេលនោះមក។
ចំណែកខ្ញុំវិញ គ្រុនផង ក្តៅខ្លួនផងនៅពេលនោះ ប៉ុន្តែខ្ញុំបានកាន់រទេះឪពុកខ្ញុំជាប់រហូត ទើបខ្ញុំមិនវង្វេង។ ទម្រាំតែអាចចេញផុតពីស្ពានច្បារអំពៅបាន គឺប្រហែលជា៣ថ្ងៃឯណោះ។ ខ្ញុំនិងឪពុកបានមកសម្រាកនៅវត្តនិរោធ ដោយរងចាំឲ្យប្រជាជនចេញទៅផុតអស់ ទើបយើងបន្តដំណើរទៅមុខទៀត។ ប៉ុន្តែមិនងាយនឹងអស់ប្រជាជនទេ ខ្ញុំនិងឪពុកក៏បានបន្តដំណើរមកដល់ស្រុកកៀនស្វាយ ក៏នៅតែមានប្រជាជនច្រើនដែរ។ បន្ទាប់មក ខ្ញុំនិងឪពុក បានសម្រាក នៅស្រុកកៀនស្វាយ ប្រហែលជា២ទៅ៣ថ្ងៃ។ ខ្ញុំនិងឪពុកបានសម្រាកនៅក្រោមផ្ទះអ្នកភូមិដែលត្រូវបានជម្លៀសចេញទៅ។ យើងមិនមានស្បៀងគ្រប់គ្រាន់ទេ។ ឪពុកខ្ញុំក៏បានឡើងទៅភ្នំពេញម្តងទៀតតាមដងទន្លេ(ភ្លេចឈ្មោះទន្លេ) ដើម្បីឡើងទៅយកសម្ភារស្បៀងអាហារមកហូប មានស្ករ ម្សៅទឹកដោះគោ និងនំ។ ក្នុងនោះឪពុកខ្ញុំក៏បានឡើងទៅរកម្តាយខ្ញុំវិញដែរ ប៉ុន្តែរកម្តាយខ្ញុំមិនឃើញ។
ចេញពីស្រុកកៀនស្វាយ ក៏បានមកដល់ស្រុកពោធិ៍រៀង។ ទៅដល់ទីនោះភ្លាម ខាងប្រធានភូមិ ក៏បានហៅខ្ញុំ និងឪពុកទៅប្រជុំជាមួយប្រជាជនជម្លៀសជាច្រើននាក់ទៀតមកពីទីក្រុងភ្នំពេញ រួចបានសួរនាំអំពីប្រវត្តិរូបថា គ្រួសារខ្ញុំធ្លាប់ធ្វើការងារអ្វីខ្លះ។ កាលនោះ ខ្ញុំបានលាក់ប្រវត្តិរូប និងបានឆ្លើយប្រាប់ប្រធានភូមិថា ខ្ញុំជាកូនសិស្សថ្នាក់ទី១នៅទីក្រុងភ្នំពេញ។ មូលហេតុដែលខ្ញុំនិយាយបែបនេះ គឺដោយសារតែខ្ញុំដឹងថា អង្គការនឹងហៅអ្នកដែលមិនចេះអក្សរ ឲ្យទៅរៀនអក្ខរកម្ម ចំណែកឯអ្នកដែលចេះអក្សរ គឺអង្គការប្រើឲ្យទៅស្ទូងស្រែ។ កាលនោះខ្ញុំសម្រាកបាន១ម៉ោងជារៀងរាល់ថ្ងៃ រាល់ពេលដែលបានទៅរៀនជាមួយក្មេងឯទៀត។ មុននឹងទៅរៀន គឺត្រូវទៅធ្វើការស្ទូងដកជាមុនសិន។ អង្គការមិនឲ្យក្មេងៗរៀនច្រើនទេ។ អង្គការចាត់ទុកការងារធំជាងការរៀនសូត្រ និងធំជាងការហូបចុកទៅទៀត។
កាលខ្ញុំចុះទៅស្ទូងដំបូង ខ្ញុំមិនចេះស្ទូងទេ។ ខ្ញុំស្ទូងយឺត ដូច្នេះ ខ្ញុំត្រូវបានអង្គការទិតៀនជាច្រើនដង។ អង្គការស្តីបន្ទោស ក៏ចេះតែទទួល ព្រោះកាលនោះ ខ្ញុំមិនស្គាល់សូម្បីតែសំណាប។ ប្រធាននារី មិនដែលហៅឈ្មោះខ្ញុំល្អដូចគេទេ។ គាត់ហៅខ្ញុំថា៖ “មីសក្តិភូមិ”។ ពេលខ្ញុំមិនចេះស្ទូង គាត់បានស្តីឲ្យខ្ញុំថា៖ “កុំភ្លើពេក ឲ្យរៀនចេះមើលគេស្ទូងខ្លះផង”។ ដោយសារតែពិបាកពេក ហើយត្រូវបានអង្គការស្តីបន្ទោសស្ទើរតែរាល់ថ្ងៃ ឪពុកខ្ញុំ ក៏បាននាំខ្ញុំលួចរត់ចេញពីទីនោះ រហូតបានមកដល់ភូមិជើងទឹកនេះ។
នៅទីនេះ គឺល្អជាងនៅស្រុកពោធិ៍រៀងឆ្ងាយ ព្រោះនៅភូមិជើងទឹក គឺជាស្រុកកំណើតរបស់ឪពុកខ្ញុំ ហើយឪពុកខ្ញុំត្រូវបានអ្នកភូមិស្គាល់គាត់ច្រើន។ រយៈពេលមួយសប្តាហ៍ក្រោយ ក៏មានអ្នកមកតាមរកឪពុកខ្ញុំ និងខ្ញុំ ឲ្យត្រឡប់ទៅស្រុកពោធិ៍រៀងវិញ ប៉ុន្តែ រកគ្រួសារខ្ញុំមិនឃើញ ដោយសារតែមានប្រជាជនចិត្តល្អ ជួយលាក់បាំងគ្រួសារខ្ញុំ។ នៅពេលដែលខ្ញុំបាន មកដល់ភូមិជើងទឹកដំបូង ការងារក៏ពុំសូវខុសប្លែកពីមុនដែរ គឺដកស្ទូង និងការងារមួយចំនួនទៀត លើកប្រព័ន្ធប្រឡាយ និងផ្លូវជាដើម។ ទោះបីជាយ៉ាងណា មកដល់ភូមិជើងទឹក គឺមានសិទ្ធិសេរីភាពជាងមុន។
នៅឆ្នាំ១៩៧៦ អង្គការ បានស្នើឲ្យខ្ញុំទៅជីកព្រែកនៅខាងពោធិ៍រៀង។ ក្រុមរបស់ខ្ញុំមានគ្នាចំនួន៣នាក់ ជីកព្រែកឲ្យបាន៣ម៉ែត្រក្នុង១ថ្ងៃ។ ខ្ញុំគឺជាអ្នករែកដីឡើងទៅចាក់នៅមាត់ព្រែក។ នៅកន្លែងដែលខ្ញុំជីកព្រែក គឺស្ថិតនៅក្បែរព្រំដែនវៀតណាម ដូច្នេះហើយ បានជាមានការផ្លោងគ្រាប់ ចូលមកជាច្រើនលើក ច្រើនសា។ ហេតុការណ៍នៅពេលនោះគឺ បន្ទាប់ពីខ្ញុំ បានរែកដីឡើងទៅខាងលើផុត គ្រាប់ផ្លោង ក៏បានធ្លាក់នៅពីក្រោយខ្ញុំ ហើយចំ ពូម្នាក់ដែលជាមេរបស់ខ្ញុំ បែកពោះវៀនធ្លាយចេញមកក្រៅ។ ពូនោះ ខំយកដៃរបស់គាត់មកទប់ពោះ ហើយស្រែកថា៖ “ជយោបដិវត្តន៍! ជយោបដិវត្តន៍!” រហូតដល់គាត់ដួលផ្កាប់មុខ ហើយដាច់ខ្យល់ស្លាប់តែម្តង។ ឃើញដូច្នេះ ខ្ញុំ ក៏ប្រញាប់រត់ចូល មកកន្លែងស្នាក់ការ ហើយក៏បានឮប្រធានៗ និយាយថា៖ “ខ្មាំងគេផ្លោងចូលមកខាងយើងហើយ យើងគិតនាំគ្នាត្រឡប់ទៅភូមិវិញ”។ នៅពេលនោះ គឺមានការបែកខ្ញែកគ្នា និងច្របូលច្របល់យ៉ាងខ្លាំង។ ម្នាក់ៗបានរត់ទៅភូមិរបស់ខ្លួនរៀងខ្លួន។ ចំណែកខ្ញុំវិញ ខ្ញុំមិនដឹងថាបានមកដល់ភូមិវិញនោះទេ ព្រោះខ្ញុំមិនស្គាល់អំពីភូមិសាស្ត្រឡើយ។ ខ្ញុំចេះតែរត់មករហូត យប់កន្លែងណាសម្រាកកន្លែងនោះ។ ក្នុងចិត្តភ័យជាខ្លាំង មិនដឹងធ្វើយ៉ាងណា មានតែបន់ទេវតា និងបន់ម្តាយឲ្យជួយនៅក្នុងចិត្ត និងសូមឲ្យគ្រោះចង្រៃឆ្លងផុតទៅឲ្យអស់។ នៅតាមផ្លូវ ជួនកាលគ្មានកន្លែងសម្រាកត្រឹមត្រូវហើយ នៅអត់មានបាយហូបទៀត ហូបតែសៅម៉ៅព្រៃទេ រហូតបានមកដល់ផ្ទះ។
នៅចុងឆ្នាំ១៩៧៧ ខ្ញុំនិងឪពុក ត្រូវបានបញ្ជូនមកខេត្តពោធិ៍សាត់ ហើយយើងទាំងពីរក៏ត្រូវបានបំបែកចេញពីគ្នា។ ខ្ញុំរស់នៅភូមិអូរតាប៉ោង។ នៅពេលទៅដល់ភូមិអូរតាប៉ោងភ្លាម ខ្ញុំមិនទាន់ដាក់បង្វេចចុះ បានស្រួលបួលផង ក៏មានអ្នកមកហៅខ្ញុំឲ្យទៅច្រូតស្រូវ។ ឡើងពីច្រូត ខ្ញុំក៏មកហូបបាយជាមួយអ្នកឯទៀត។ បាយមួយថាសតូច ត្រូវបានគេពុះជាចំណិតតូចៗ ដូចនំច័ក្កច័ន។ ដោយសារតែតិចពេក ខ្ញុំក៏លួចខ្សឹបសួរអ្នកនៅជិតនោះ ថា តើគេមានថែមឲ្យយើងទៀតអត់? បងស្រីនោះ បានឆ្លើយមកវិញថា៖ “ហេគេវាល់ចែកគ្នាហើយ ថែមអីទៀត?” ឮដូច្នេះ ខ្ញុំថាងាប់ហើយ។ ខ្ញុំគិតខ្លួនឯង ដឹងតែស្លាប់ហើយខ្ញុំ។ ដល់យប់ឡើងទៅងូតទឹក ឃើញស្លាបច្រវានៅក្នុងបឹង ខ្ញុំក៏បានចុះទៅបេះ ហើយទៅសុំអំបិលគេ យកមកចុចហូបជាមួយស្លាបច្រវានេះ។ កាលនោះ គាត់ថា៖ “ឆ្ងាញ់អើយឆ្ងាញ់ ប៉ុន្តែពិតជារមាស់ក ខ្លាំងណាស់។” ខ្ញុំស្គាល់អស់ហើយ ការហូបចុក។ ត្រកួនក៏យកមកចុចជាមួយ អំបិលហូបដែរ។ កាលនោះ ការហូបចុកមិនបានគ្រប់គ្រាន់។ ក្នុងខ្លួនខ្វះ ជីវជាតិ និងមិនមានវីតាមីនទាល់តែសោះ ធ្វើឲ្យភ្នែកយើងព្រឹល កើតជំងឺងងឹតមាន់ស្ទើរតែគ្រប់គ្នា។
ខ្ញុំសូមនិយាយរឿងមួយទៀត អង្គការស្អប់បំផុត គឺអ្នកខេត្តស្វាយរៀង និងអ្នកខេត្តព្រៃវែង។ ប្អូនប្រុសម្នាក់មកពីខេត្តស្វាយរៀង បានសួរខ្ញុំថា៖ “ម៉េចទៅបង?” ខ្ញុំឆ្លើយថា ចេះតែធ្វើទៅ។ ខ្ញុំមិនបាននិយាយអ្វីទៀតទេ។ ជួនកាលខ្ញុំធ្លាក់ពីលើរហាត់ទឹក ហើយចុកពេញខ្លួនក៏ខ្ញុំមិនហ៊ានថាអ្វីដែរ។ ប្អូនប្រុសនោះ ជាន់រហាត់ទឹកជាមួយខ្ញុំ។ ខ្ញុំចេះតែប្រាប់ថា កុំឲ្យមាត់ ជញ្ជាំងមានត្រចៀក។ អង្គការបញ្ជូនប្រជាជនចាស់ឲ្យមកនៅជាមួយយើង ហូបបាយជាមួយយើង មកស៊ើបអំពីយើង តែយើងមិនដឹង យើងគិតថា គេក៏ជាប្រជាជនថ្មីដូចជាយើងដែរ។ ដល់យូរៗទៅ វានៅតែមិនស្តាប់ ទើបខ្ញុំក៏លែងហ៊ានជាន់រហាត់ទឹកជាមួយវាទៀត ដោយសារវានិយាយច្រើនពេក ខ្លាចនាំរឿងដោយទាំងយើងដែរ។ ដល់ពេលថ្ងៃវាយជួងចេញពីធ្វើការទៅហូបបាយ ស្រាប់តែមានសមមិត្តម្នាក់ ហៅវាចេញទៅ ហើយ ប្រាប់វាថាអង្គការចង់ជួបបងមួយភ្លែត។ ខ្ញុំក៏មិនដឹងរឿងដែរ ក្រែងលោ អង្គការហៅទៅណែនាំមួយភ្លែតមែន ហើយខ្ញុំ មិននឹកស្មានដូច្នេះទេ ស្រាប់តែទៅបាត់រហូត។
នៅពេលមួយ ខ្ញុំនឹកឪពុកពេក ខ្ញុំបានសុំអង្គការឈប់សម្រាកពីការងារមួយថ្ងៃ ដើម្បីមកលេងគាត់នៅភូមិអន្លង់ក្រៃ។ ខ្ញុំបានជួបរឿងគួរឲ្យរន្ធត់មួយ ន្ទាប់ពីខ្ញុំបានត្រឡប់មកពីលេងឪពុករបស់ខ្ញុំវិញ នៅតាមផ្លូវក្នុងព្រៃ ខ្ញុំបានឃើញ ខ្មែរក្រហម សម្លាប់មនុស្សដោយផ្ទាល់ភ្នែកទៅលើក្រុមគ្រួសាររបស់មីងខ្ញុំ និងកូនរបស់គាត់ចំនួន៥នាក់។ ខ្មែរក្រហម បានសម្លាប់គ្រួសារមីងរបស់ខ្ញុំ ដោយខ្លះកាប់នឹងកាំបិតទម្លាក់ចូលក្នុងរណ្តៅ និងខ្លះ ចាក់នឹងចំពុះទុង។ ខណៈពេល ខ្ញុំស្ទើរតែស្រែកទៅហើយ នៅពេលដែលឈ្លបបានបោះប្អូនជីដូនមួយរបស់ខ្លួនឡើងទៅខាងលើ ហើយចាក់នឹងចំពុះទុង ប៉ុន្តែស្មារតីខ្ញុំនៅពេលនោះ គឺស្ពឹកអស់ហើយ យំក៏យំមិនចេញដែរ។ នៅពេលនោះ ខ្ញុំមិនហ៊ានដើរចេញពីទីនោះទេ ព្រោះខ្លាចអ្នកទាំងនោះ ឮសម្រិបជើង។ ខ្ញុំមានតែអង្គុយពូន សំងំ និងខ្ទប់មាត់ រហូតដល់ឈ្លបទាំងនោះ សម្លាប់ មីងរបស់ខ្ញុំ នៅចុងក្រោយគេ ហើយឈ្លបទាំងនោះ ចេញទៅផុត ទើបខ្ញុំ លបចេញពីកន្លែងនោះ ហើយរត់ទៅយ៉ាងលឿនតែម្តង។ ខ្ញុំរត់ទៅស្រែ ហើយធ្វើការធម្មតា។ បន្ទាប់មក អង្គការបានប្រើខ្ញុំឲ្យទៅ ជីករណ្តៅ ប្រវែង១០ម៉ែត្រ៤ជ្រុង និងប្រាប់ថា ជីកដើម្បី ត្រាំជី។
នៅដើមខែមករា ឆ្នាំ១៩៧៩ អង្គការបានហៅខ្ញុំទៅប្រជុំជាមួយអ្នកឯទៀត នៅកន្លែងរណ្តៅដែលខ្ញុំបានជីកនោះ។ ពេលនោះ អង្គការបានបិទភ្នែករបស់ខ្ញុំជិត។ ខ្ញុំបានឮសម្លេងអ្នកដែលត្រូវបានវាយទម្លាក់ចូលទៅក្នុងរណ្តៅ ស្រែកថា៖ “អូយៗ”។ ខ្ញុំស្ពឹកខ្លួនអស់រលីង ដោយគិតថា ត្រូវស្លាប់នៅពេលនេះហើយ ប៉ុន្តែជាសំណាងល្អ ប៉ុន្តែជីវិតខ្ញុំថ្លៃ ហើយមានគេស្រែកថា វៀតណាមបានចូលមកហើយ ឈ្លបទាំងនោះ ក៏បានជ្រួលច្របល់ ហើយរត់ចេញទៅអស់។ ខ្ញុំដោះកំណាត់ចេញពីភ្នែក ឃើញមានតែខ្ញុំម្នាក់ឯង មិនឃើញកងឈ្លប ខ្ញុំក៏មានសង្ឃឹមឡើងវិញ ហើយខ្ញុំក៏បានរត់មករកឪពុករបស់ខ្ញុំ ហើយយើងក៏បានត្រឡប់មកផ្ទះវិញទាំងអស់គ្នា៕
ដោយ ថុន ស្រីពេជ្រ
[1] មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង សម្ភាសជាមួយ អ្នករស់រានមានជីវិតឈ្មោះ ឱក ស្រី នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤