ខ្មែរក្រហមហៅខ្ញុំជាប្រពន្ធជនក្បត់
(ព្រះវិហារ)៖ ឆឹង ជូ ជាអតីតមេក្រុមដែលដឹកនាំក្រុមនារីប្រហែលជាង១០នាក់នៅសម័យខ្មែរក្រហម។ គាត់បានរៀបរាប់ពីដំណើរជីវិតដ៏ជូរចត់ក្នុងនាមជាស្រ្តីមេម៉ាយដែលតស៊ូចិញ្ចឹមកូន និងខិតខំធ្វើការទាំងហួសកម្លាំងដើម្បីបានរស់រានមានជីវិត។
នៅឆ្នាំ១៩៧៥ ប្តីរបស់គាត់បានរត់គេចខ្លួនទៅប្រទេសថៃ។ ជូ ទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯង និងត្រូវបានខ្មែរក្រហមធ្វើបាប រើសអើង និង ចោទប្រកាន់ថាជាប្រពន្ធរបស់ជនក្បត់។ ជូ បាននិយាយក្នុងចិត្តថា៖ «គាត់មិនមែនជាអ្នកក្បត់នោះទេ ហេតុអ្វីគេធ្វើបាបគាត់?»។
ក្នុងនាមជាមេក្រុម គាត់ត្រូវដឹកនាំកូនក្រុមទៅធ្វើការ ច្រូតកាត់ ដកស្ទូង ធ្វើចម្ការ គាស់គល់ឈើ ជីកប្រឡាយ និងលើកទំនប់ ទៅតាមបញ្ជារបស់មេកង ដែលគុំគួនគាត់ទៅតាមការចោទប្រកាន់ខាងលើ។ ពេលខ្លះគាត់ត្រូវទៅដើររកដូងទុំសម្រាប់យកមកដាំក្នុងសហករណ៍របស់គាត់ទៅតាមបញ្ជារបស់ខ្មែរក្រហម។ ជួនកាលគេឲ្យគាត់ទៅកាប់ឈើនៅតាមបណ្តោយភ្នំដងរែក។ បន្ទាប់មកផ្ទះរបស់គាត់ត្រូវរុសរើទៅតាមតម្រូវការរបស់ខ្មែរក្រហម។ គាត់និងកូនៗត្រូវជម្លៀសទៅភូមិផ្សេងដើម្បីធ្វើការបន្ត។
ជារៀងរាល់ល្ងាចបន្ទាប់ពីបរិភោគបបររួច មានការប្រជុំជីវភាព ដើម្បីសួរដេញដោលរកអ្នកខុស អ្នកត្រូវ ឬ អ្នកធ្វើការល្អ ឬក៏មិនល្អ ដូចជាទៅធ្វើការមិនទាន់ពេល ឬរកអ្វីហូបនៅពេលកំពុងធ្វើការជាដើម។ ឆឹង ជូ បានបញ្ជាក់ថាខ្មែរក្រហមយកទៅកសាងនោះមិនសុទ្ធតែសម្លាប់នោះទេ គ្រាន់តែស្ដីបន្ទោសទេ។ តែប្រសិនបើខូចសីលធម៌គេនឹងយកទៅវាយសម្លាប់ចោល។ ចំណែកអ្នកជម្លៀសមកពីខេត្តកំពង់ធំ និងទីក្រុងភ្នំពេញ ភាគច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ គាត់បានលឺថា មានគ្រួសារទាំងក្មេងតូចនិងឪពុកម្តាយត្រូវបានខ្មែរក្រហមសម្លាប់ទាំងគ្រួសារ។ នៅប៉ុន្មានថ្ងៃក្រោយមកគាត់បានប្រទះឃើញសាកសពគ្រួសារនោះនៅពេលកំពុងដើរទៅរកផ្សិត។
សព្វថ្ងៃ ឆឹង ជូ មានអាយុ ៨០ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ គាត់សង្ឃឹមថាកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ និងបានដឹងអំពីរបបខ្មែរក្រហម ហើយកុំយកអំពើហិង្សា និងអំពើអាក្រក់មកដាក់ខ្លួន៕
សម្ភាសន៍ដោយ ធួក សែល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤