អ្នកកាត់ដេរនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ មឿង គេន អាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្រោមរបបខ្មែរក្រហម គេន និងក្រុមគ្រួសារបានឆ្លងកាត់នូវអំពើប្រល័យពូជសាសន៍ និងបានឃើញនូវសោកដនាកម្មនៃការសម្លាប់ប្រជាជនស្លូតត្រង់ដោយផ្ទាល់ភ្នែក។ បទពិសោធន៍ទាំងនេះបានបន្សល់ទុកនូវភាពឈឺចាប់ និង សេចក្តីអាណិតអាសូរចំពោះអ្នកដែលបានបាត់បង់ជីវិតដោយ អយុត្តិធម៌។ នេះគឺជារឿងរ៉ាវមិនអាចបំភ្លេចបានចំពោះរូបគាត់។
មឿង គេន ជាកូនស្រីនៃគ្រួសារកសិករ ដែលមានបងប្អូន៨នាក់ ក្នុងនោះស្រី៥នាក់។ នៅពេលដែលកងទ័ពខ្មែរក្រហមចូលគ្រប់គ្រងតំបន់មូលដ្ឋាន ដែលគាត់រស់នៅ ប្រជាជនទាំងអស់ត្រូវតម្រូវឲ្យធ្វើការលើកទំនប់ ជីកប្រឡាយ ធ្វើស្រែ ស្ទូងស្រូវទៅតាមផែនការរបស់របបខ្មែរក្រហម។ គាត់បានលើកឡើងថា គាត់ត្រូវលើកទំនប់ភ្លឺស្រែរហូតដល់ម៉ោង១យប់ទើបបានសម្រាក។ បន្ទាប់ពីធ្វើការនៅតាមទីជនបទអស់ជាច្រើនខែ គាត់ត្រូវបានខ្មែរក្រហមជម្លៀសទៅកាន់ទីក្រុងភ្នំពេញ ដើម្បីធ្វើការកាត់ដេរ។ គាត់និងអ្នកឯទៀត ត្រូវកាត់ដេររហូតដល់យប់អធ្រាត្រ នៅក្រោមពន្លឺចង្កៀងមាំងសុង។ ក្រោយពីការកាត់ដេរប្រហែលមួយឆ្នាំនៅផ្សារអូឫស្សី ទីក្រុងភ្នំពេញ គេន ត្រូវបានជម្លៀសបន្តទៅកាត់ដេរនៅភូមិដំណាក់ត្រាច រហូតដល់ការរំដោះនៃកងទ័ពវៀតណាមនៅឆ្នាំ១៩៧៩។
បើនិយាយពីការហូបចុកវិញ របបអាហារមានតែបាយមួយកូនចានចង្កឹះ លាយជាមួយដំឡូងមី ចេក ឬល្ហុងជាដើម។ ដំណាំនៅជុំវិញផ្ទះមិនត្រូវឲ្យបេះហូបនោះទេ ដោយមានកងឈ្លបលួចមើលនិងស្តាប់នៅពេលយប់ ដើម្បីចាប់អ្នកណា ដែលធ្វើខុសនូវគោលការណ៍សមូហភាពរបស់អង្គការ។ ប្រជាជនខ្មែរត្រូវបានលត់ដំ គំរាមកំហែង និងបង្ខិតបង្ខំធ្វើការទាំងគ្រុន ខ្មែរក្រហមបានចោទអ្នកទាំងនោះថាគ្រុនសតិអារម្មណ៍។
ចំពោះអ្នកណាដែលខ្មែរក្រហមចោទថាជាជនក្បត់ជាតិ ឬ ស៊ីអេអា ឬវៀតណាមជាដើម ត្រូវបានសម្លាប់នៅចំពោះមុខអ្នកភូមិ ដោយធ្វើឲ្យ គេន មានការរន្ធត់ និងតក់ស្លុត ដែលបណ្តាលឲ្យមួយថ្ងៃៗគាត់ត្រូវរស់នៅដោយភាពភ័យខ្លាច។ ចំពោះការកាប់សម្លាប់យ៉ាងអាណោចអាធ័ម និងអំពើឃោរឃៅទាំងនេះ បានប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តរបស់គាត់មកទល់សព្វថ្ងៃ។ ការនឹកឃើញពីរឿងរ៉ាវនៅសម័យខ្មែរក្រហម បានធ្វើឲ្យគាត់មានអារម្មណ៍ខឹង ភ័យខ្លាច និងមានអារម្មណ៍សោកសៅ។
ដោយឡែកវត្តអារាមវិញ ត្រូវបានបំផ្លាញចោលនៅសម័យនោះ។ គាត់បន្តទៀតថាវត្តពីដើមគឺមានសភាពស្រស់ស្អាតជាងសម័យនេះទៅទៀត។ មាសឬវត្ថុមានតម្លៃ ដែលបានបញ្ចុះសីមាជាដើម ត្រូវបានខ្មែរក្រហមជីកកកាយយកគ្មានសល់។ បច្ចុប្បន្នភាគច្រើននៃអ្នករស់រានមានជីវិតនៃរបបខ្មែរក្រហមដូចជា មឿង គេន មានបញ្ហាឈឺចង្កេះ ឬឈឺជង្គង់ ដោយការលីសែងបង្គីហួសកម្លាំងតាំងពីកុមារភាព៕
សម្ភាសន៍ដោយ តាល់ សុគន្ធា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤