ទឹកសម្លបន្លែរាវដូចទឹកភ្លៀង

ឈឹម ភឹម រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ឈឹម ភឹម មានអាយុ ៨៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ឈឹម ភឹម និងស្វាមីមានកូនចំនួន៤នាក់។ គាត់ត្រូវធ្វើការងារពលកម្មពីព្រលឹមរហូតដល់យប់ព្រលប់ទើបបានសម្រាក។ គាត់នៅចងចាំថា នៅសម័យនោះ គាត់ហូបមិនដែលបានហូបឆ្អែតនោះទេ។

នៅពេលថ្ងៃត្រង់ បន្ទាប់ពីហូបបាយរួច គាត់តែងតែទុកបាយជាចំណែករបស់ខ្លួន​ខ្លះសម្រាប់កូនៗហូប នៅពេលគាត់ត្រលប់ទៅផ្ទះវិញ ដោយសារការស្រលាញ់និងខ្លាចកូនៗរបស់គាត់ហូបមិនឆ្អែត។

គាត់ហុតតែទឹកសម្លបន្លែរាវដូចទឹកភ្លៀងប៉ុណ្ណោះ និងទុកកាកបាយពាក់កណ្ដាលទៀតសម្រាប់ឲ្យកូនបានហូបនៅពេលយប់។ កូនរបស់គាត់ម្នាក់ឈ្មោះសាវុន ត្រូវបានខ្មែរក្រហម ឬគ្រូដែលជាអ្នកមើលការខុសត្រូវបញ្ជាឲ្យលីសែងកួរស្រូវទាំងវ័យក្មេង សាវុនបានដើរដួលនិងរបួសចំកន្លែងក្រលៀនមួយទំហឹងដែលបណ្ដាលឲ្យហើម។ឃើញដូច្នេះ ភឹមបានព្យាយាមសុំអង្វរខ្មែរក្រហមឲ្យកូនរបស់គាត់​បានសម្រាកព្យាបាល ក៏ប៉ុន្ដែលោកគ្រូនោះមិនជឿលើការ​រៀបរាប់នេះទេ លុះត្រាតែគាត់ឃើញរបួសធ្ងន់ដោយផ្ទាល់និងពិតប្រាកដមែនទើបឲ្យសាវុនសម្រាក។

អស់រយៈពេលជាងជិត៤ឆ្នាំ ភឹមត្រូវរស់នៅដោយលំបាកវេទនា។ នៅសម័យខ្មែរក្រហម គាត់​ទទួលបានអាហារត្រឹមតែពីរពេលប៉ុណ្ណោះក្នុង​មួយថ្ងៃ។ គាត់មិនហ៊ានសូម្បីនិយាយថាឆ្អែតឬមិនឆ្អែតនោះទេនៅសម័យនោះ។ កាលណាខ្មែរក្រហមឮគាត់និយាយថាមិនឆ្អែតឬមិនពេញចិត្តចំពោះអង្គការនោះ គេនឹងចាប់គាត់យកទៅកសាង។

ការធ្វើការងារពលកម្មហួសកម្លាំងនិងការហូបចុកមិនបានគ្រប់គ្រាន់នៅសម័យខ្មែរក្រហមជាកត្ដាមួយដែលបានបណ្ដាលឲ្យសុខភាពរាងកាយរបស់ភឹម មានភាពទ្រុឌទ្រោមតាំងពីពេលនោះមក។

ភឹម ក៏បានឆ្លងជំងឺកូវីដ១៩នៅប៉ុន្មានឆ្នាំចុងក្រោយនេះដែរ។ ជាសំណាងល្អ និងការទទួលបានការមើលថែពីសំណាក់ក្រុមគ្រួសារយ៉ាងយកចិត្តទុកដាក់និងការព្យាបាលនៅតាមផ្ទះ គាត់ក៏បានជាសះស្បើយ។

នៅពេលបច្ចុប្បន្នឲ្យតែនិយាយពីរឿងរ៉ាវដែលកើតមានឡើងនៅរបបខ្មែរក្រហម ភឹមតែងតែនឹកឃើញចងចាំមិនភ្លេចនូវការធ្វើពលកម្មហួសកម្លាំង ការមិនមានពេលសម្រាកនិងសម្រាន្តធ្វើបានគ្រប់គ្រាន់ ការហូបចុកមិនគ្រប់គ្រាន់ និងការធ្វើបាបដោយខ្មែរក្រហម។ ភឹមត្រូវធ្វើការសង្គមនិយមទាំងនោះទាំងមានជំងឺប្រចាំកាយ ដោយសារមូលហេតុគ្មានបាយសម្រាប់ហូបចំពោះអ្នកណាដែលមិនទៅធ្វើការ។ ចំណែកប្តីរបស់គាត់ត្រូវបញ្ជូនឲ្យទៅបរបាញ់សត្វព្រៃ និងកូនៗត្រូវបញ្ជូនឲ្យទៅធ្វើកងកុមារ។

ជាចុងក្រោយ ភឹមសង្ឃឹមថាការកាត់ទោសមេដឹកនាំនៃរបបខ្មែរក្រហមបានជួយទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមត្រឡប់មកវិញ។ ក្រៅពីនេះ គាត់មានតែកាត់ចិត្តចំពោះការបាត់បង់ជីវិតរបស់សាច់ញាតិ និងក្មួយៗរបស់គាត់ទាំងអាឡោះអាល័យប៉ុណ្ណោះ៕

សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin