របបអត្តខាត់

លៀង ស៊ីថន រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ការរស់នៅក្រោមរបបខ្មែរក្រហមគឺ «អត្តខាត់ខ្លាំង» នេះបើតាមការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់នៅខេត្តរតនគិរី។ លៀង ស៊ីថន មានអាយុ ៧៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

នៅមុនឆ្នាំ១៩៧០ គាត់បួសរៀននៅស្រុកកំណើតនៅ​ឯស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់មកបានសឹកនិងមកតាមឪពុកមករកស៊ីនៅខេត្តរតនគិរី។ គាត់បានបន្តរស់នៅខេត្តរតនគិរីតាំងពីពេលនោះមក។

នៅចន្លោះឆ្នាំ១៩៧០និងឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ដែលគាត់រស់នៅ។ គាត់បានជីកត្រង់សេដើម្បីគេចពីការទម្លាក់គ្រាប់បែក។

ក្រោយមក នៅឆ្នាំ១៩៧៥ គាត់បានចូលធ្វើការក្នុង​កងចល័តនៅអូរកន្ទឹង។ គាត់ត្រូវរស់នៅរួម ធ្វើការរួម និងហូបបាយរបប នៅតាមសហករណ៍។ បាយរបបមានដូចជាបាយលាយជាមួយស្លឹកដំឡូង, ដំឡូង, គល់ចេក, មើមប្រង់, សម្លម្ជូរ, សម្លទំពាំងជាដើម។ ចំណែកឯកុមារ ទទួលបានបបរ។ ប្រជាជនត្រូវធ្វើការទៅតាមភារកិច្ចរៀងខ្លួន ចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោង១១យប់ ។ កងចល័តមានសមាជិកមួយក្រុមប្រហែល​១០នាក់ ត្រូវភ្ជួរស្រែ ។  ជារៀងរាល់ថ្ងៃ មានការប្រជុំនៅម៉ោង៨យប់ ដើម្បីដាក់ផែនការសម្រាប់ថ្ងៃបន្ទាប់។ ក្រោយពីប្រជុំរួច ប្រជាជនត្រូវទៅដកសំណាប និងបុកស្រូវបន្ថែម។ គាត់បន្តថា គ្មាននរណាម្នាក់ដឹងថាមួយហិចតាបានផលប៉ុន្មានតោននោះទេ។

នៅឆ្នាំ១៩៧៦ ស៊ីថន ត្រូវបានចាត់តាំងឲ្យធ្វើជាយោធានៅភូមិត្រពាំងក្រហម ដោយទទួលបញ្ជាពីថ្នាក់លើ ដែលមានដូចជាប្រធានក្រុម ប្រធានភូមិ ឃុំ និងលេខាតំបន់ជាដើម។ អ្នកទាំងនោះជាខ្មែរដែលបានទៅសិក្សានៅបរទេស។ ចំណែក​ឯនៅភូមិភាគខាងត្បូង មានស្ថានភាពតឹងរឹងខ្លាំងជាងភូមិដែលគាត់រស់នៅ។  គាត់តែងតែធ្វើតាមបញ្ជាគណៈកង ទើបបានរស់រានមានជីវិតមកទល់សព្វថ្ងៃ។

នៅពេលកំពុងយាមល្បាតគាត់បានប្រទះឃើញសាកសពជាច្រើននៅក្នុងអន្លង់ដ៏ជ្រៅមួយ។ គាត់បានដឹងថាមនុស្សជាង៤០នាក់ រួមទាំងឪពុករបស់គាត់ ត្រូវបានកាត់ទោសនិងនាំយកទៅរៀន។ បីថ្ងៃក្រោយមក មានយោធា៥នាក់ ចាប់ផ្ដើមយកមនុស្សទៅសម្លាប់ ដោយម្ដងៗ យកទៅ៣នាក់ ហើយសម្លាប់នៅតាមគុម្ពព្រៃ ក្នុងភូមិត្រពាំងច្រេស។ ខ្មែរក្រហមបានសម្លាប់មនុស្សដោយប្រើពូថៅ, កាំបិត, ដើមសង្កែ និងត្បូងចប។ គាត់បានដឹងរឿងនេះដោយសារគាត់បានទៅរកក្របីនៅជិតទីនោះ។ ក្រោយពីឮដំណឹងនេះ គាត់មិនដឹងធ្វើយ៉ាងណានោះទេ ក្រៅតែពីស្តាប់បញ្ជានិងរាយការណ៍ប្រាប់ថ្នាក់លើប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៨ គាត់បានត្រលប់មកធ្វើការក្នុងសហករណ៍វិញ។ គាត់បានដឹងថាមានការចាប់បង្ខំឲ្យរៀបការ និងការរៀបចំគម្រោងសម្លាប់មនុស្សនៅទំនប់ត្រពាំងក្រហមគ្រោងឡើងដោយប្រធានសហករណ៍។

នៅឆ្នាំ១៩៧៩ ក្រោយពី របបខ្មែរក្រហមដួលរលំ គាត់បានធ្វើជាទាហាននៅស្រុកលំផាត់។ នេះជាលើកទីមួយ ដែលមានអ្នកសម្ភាសន៍គាត់អំពីរបបខ្មែរក្រហម ដូច្នេះគាត់មិនសូវចាំរឿងរ៉ាវបានច្រើននោះទេ។

ជាចុងក្រោយ ស៊ីថន មានអារម្មណ៍នឿយណាយនៅពេលនឹកឃើញពីបទពិសោធន៍ជីវិតដែលបានឆ្លងកាត់របបខ្មែរក្រហម។ ទោះបីជាគាត់មិនដឹងអំពីការកាត់ទោសមេដឹកនាំខ្មែរក្រហមក៏ដោយ ក៏គាត់ជឿជាក់ថា ការកាត់ទោសនេះ នឹងជួយទប់ស្កាត់របបខ្មែរក្រហមពីការវិលត្រលប់មកវិញ និងឲ្យអ្នកជំនាន់ក្រោយបានដឹងពីប្រវត្តិសាស្ត្រនិងការពិតនៃរបបនោះ៕

សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin